ឃើញ​នាង​ ដើរ​ម្នាក់ឯង ស្ទុះ​ចាប់​អោប និង​ប្រទូស្ត​កេរ្តិ៍ខ្មាស​ ត្រូវ​ជាប់​ខ្នោះ

ខេត្តតាកែវ ៖ ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​ប៉ូលិស​​ចាប់ខ្លួន ​​រួច​កសាង​សំណុំរឿង ​​បញ្ជូន​មក​​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ខេត្ត​ ខណៈ​​​​ដែល​ជនសង្ស័យ ​​បាន​អោប ​និង​​បៀតបៀន​កេរ្តិ៍​ភេទ ​លើ​នារី​ម្នាក់​ នៅ​តាម​ដងផ្លូវ​​ ក្នុងភូមិ ​ក្រោយ​ពេល​កើតហេតុ​ នារី​រង​គ្រោះ​ បាន​​ប្ដឹង​ប៉ូលិស ឱ្យ​​ចាប់ខ្លួន​ បញ្ជូន​បន្ត​ ទៅ​សាលាដំបូង​ខេត្ត​ កាត់ទោស​ទៅ​តាម​​ច្បាប់​ ។

ហេតុការណ៍​នោះ​ បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ​កុម្ភៈ ២០១៦ ​ស្ថិត​​នៅ​ភូមិ​ក្រាំងរ​អូត ​ឃុំ​សំរោង ​ស្រុក​សំរោង​ ខេត្តតាកែវ ​។ លោក​មឿង ​សា​រុន ​អធិការ​នគរ​បាល​ ស្រុក​សំរោង ​បាន​ឱ្យ​​ដឹង​ថា ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​​នេះ ​​​ឈ្មោះ​ ហាក់​ វ​ណ្ណី​ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​តា​សុខ ​ឃុំ​ជម្រះ​ពេន ​ស្រុក​សំរោង​ ។ ចំណែក​នារី​រង​គ្រោះ ​​​អាយុ​៣៤​ឆ្នាំ ​​ក្នុង​ក្រុង​ដូន​កែវ ​ខេត្តតាកែវ​ ។

លោក​អធិការ​នគរបាល​ស្រុក​ បាន​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ​ នារី​​រង​គ្រោះ ​បាន​ដើរ​តាម​ផ្លូវ​លំ​ ក្នុងភូមិ​ខាងលើ​​ តែ​ម្នាក់ឯង ​ដើម្បី​រក​ម៉ូតូឌុប​​ ជិះ​មក​ផ្ទះ​ ។ ពេល​នោះ​ជនសង្ស័យ​ បាន​ជិះ​ម៉ូតូ​មក​ដល់ ​ក៏​ចាប់​អោប​ និង​ស្ទាប​ប្រដាប់​ភេទ​ នារី​រង​គ្រោះ ​​ក៏​បាន​ស្រែក​ ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យ​ពេក​ ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ តែ​ត្រូវ​​​ប៉ូលិស​តាម​ចាប់ខ្លួន​បាន​ នៅ​​ឯ​ផ្ទះ​ ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ ជនសង្ស័យ​បាន​​និយាយ​ សារភាព​ថា​ រូបគេ​​ពិតជា​បាន​ ចាប់​អោប​ និង​ស្ទាប​ប្រដាប់​ភេទ​នារី​រង​គ្រោះ​​ ពិតប្រាកដ​មែន​។ នៅ​ពេល​នេះ​ ប៉ូលិស​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​ខេត្ត​ កំពុង​តែ​កសាង​សំណុំរឿង​​ ហើយ​រសៀល​ ថ្ងៃ​ទី​២៣ ​កុម្ភៈ​ ២០១៦ ​នេះ​ នឹង​បញ្ជូន​ជនសង្ស័យ ​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ​៕

ឃើញ​នាង​ ដើរ​ម្នាក់ឯង ស្ទុះ​ចាប់​អោប និង​ប្រទូស្ត​កេរ្តិ៍ខ្មាស​ ត្រូវ​ជាប់​ខ្នោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត