លោកតា​ទុគ៌ត​តស៊ូ​ដើម្បី​រស់​

Doliprane TVC

​តា​កម្សត់​ម្នាក់​រស់នៅ​ជួប​ទុក្ខលំបាក​វេទនា​គ្មាន​ពេល​ល្ហែ ទោះបី​ជាមាន​កូនចៅ​ពិតមែនតែ​កូនចៅ​របស់​លោកតា​សុទ្ធតែ​ក្រ​ហើយ​ថែមទាំង​ចិត្ត​មិនបាន​ទៀត ដូច្នេះ​លោកតា​ស៊ូទ្រាំ​រស់នៅ​ម្នាក់ឯង ។ទោះបីជា​ខ្លួន​ចាស់​អាយុ​ច្រើន​យ៉ាងណាលោកតា​នៅតែ​ខិតខំ​ច្នៃប្រឌិត​ធ្វើ​តែ​របស់​លេង​មានដូចជា ធ្នូ ស្នា និង ឧបករណ៍​ភ្លេង​ជាដើមដើម្បី​លក់ដូរ​ឱ្យ​ក្មេងៗ​និង​ធ្វើ​វា​សម្រាប់​កំដរ​ជីវិត​ទុគ៌ត​ឯកោ​ចុងក្រោយ​របស់​លោកតា ។​

​លោកតា​មានឈ្មោះ មិញ វ៉ាត អាយុ ៨៤ ឆ្នាំ ដែលមាន​ការលំបាក​វេ​ទ​នា​រាប់​ឆ្នាំ​មកហើយបច្ចុប្បន្ននេះ​លោកតា​រស់នៅ​ក្នុងភូមិ​ធ្លក ឃុំ បរសេដ្ឋ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ សព្វថ្ងៃលោកតា​នៅតែ​ម្នាក់ ឯង​ក្នុង​ខ្ទម​តូច​មួយ​ដែល​ជញ្ជាំង និង ដំបូល​ប្រក់​ស័ង្កសី​កណ្តាល​ស្រែខាងត្បូង​ភូមិ​ដាច់​ពី​គេឯង ។ លោកតា​មាន​រូបរាង ទាប ក្ងៀង​ក ក្ងែង​ដៃជើង​តាំងពី​កំណើតពេល​ដើរ​រាង​ឱនៗ​ហើយ​មិនដែល​ពាក់​ស្បែកជើង​នោះ ទេ ។ លោកតា​អាយុ ៨៤ ឆ្នាំ​រូបនេះ​បាន​រៀបរាប់​ពី​ឆាកជីវិត​លំបាក​ថា​«​ខ្ញុំ​ជា​កូន ទោល​គ្មាន​បងប្អូន​រួម​ផ្ទៃ​ទេ ហើយ​ត្រូវ​ឪពុកម្តាយ​ស្លាប់ចោល​តាំងពី​ខ្ញុំ​នៅ​តូច​ម៉្លេះ ។

លោកតា​ទុគ៌ត​តស៊ូ​ដើម្បី​រស់​

លោកតា​ទុគ៌ត​តស៊ូ​ដើម្បី​រស់​

​ក្នុងនាម​ជា​ក្មេង​កំព្រា​ម្នាក់ខ្ញុំ​មិនបាន​ចូលរៀន​ទេ​ទើប​ខ្ញុំ​មិនចេះ​អក្សរ​មួយ​តួ​រស់ក្នុង​ភាពអវិជ្ជា​រហូតមក ព្រោះជាប់រវល់​ដើរ​ស៊ីឈ្នួល​ជួល​ព័ទ្ធ​គេ​ចិញ្ចឹម​អាត្មា លុះដល់​វ័យ​កំលោះ​ក៏បាន​យកប្រពន្ធ​តែ​ជីវិត​ប្តី ប្រពន្ធ​របស់ខ្ញុំ​លំបាក​វេទនា​រក​អ្វី​ប្រៀបផ្ទឹម​គ្មាន​ហើយ​កម្រ​នៅ​ស្រុក​ណាស់​តែងតែ​នាំគ្នា​ដើរផ្សងព្រេង​រកស៊ី​គ្រប់​ច្រកល្ហក​ទាំង​ទីជិត​ឆ្ងាយ​រហូតដល់​ទល់ដែន​ថៃ​ជាដើម​បានត្រឹមតែ​ចិញ្ចឹមក្រពះ​ប៉ុណ្ណោះ​គ្មាន​សល់​ទ្រព្យសម្បត្តិ​ដូច​គេ​ឡើយ ។ ក្រោយមក​ទន្ទឹមនឹង​ជីវភាព​ខ្វះខាតប្រពន្ធ​របស់ខ្ញុំ​ត្រូវ​ធ្លាក់ខ្លួន​មាន​ជំងឺ​ជា​ទម្ងន់​គ្មាន​ប្រាក់កាស​ព្យាបាលមិនយូរប៉ុន្មាន​ក៏​ស្លាប់ទៅ​ទុកឱ្យ​ខ្ញុំ​ក្លាយជា​បុរស​ពោះម៉ាយ​កូន​ពីរ​នាក់​ស្រី​ម្នាក់ ប្រុស​ម្នាក់ ។ ក្រោយពី​យាយ​ស្លាប់ចោល​ទៅ​ខ្ញុំ​រស់នៅ​តែលតោល​ម្នាក់ឯង​ចំណែក​កូនៗ​ទាំងពីរ​ក៏មាន ប្តី​ប្រពន្ធ​រៀងៗ​ខ្លួន​អស់​ដែរ​»​។​

​លោកតា​បាន​រៀបរាប់​បន្តទៀតថា​ទោះបីជា​គាត់​មានកូន​ចៅ​ក៏​ពិតមែនតែ​ពិបាក​ទីពឹង​ណាស់ពីព្រោះ​កូនប្រុស​បង​ពិការ​ជើង​ទាំងពីរ​ដោយសារ​ជាន់មីន​ថែមទាំង​មាន​ជីវភាព​ក្រលំបាកប្រកប​របរ​សុំទាន​គេ​ដើម្បី​រស់ ។ ចំណែក​កូនស្រី​វិញ​ក្រលំបាក​ដែរ​មិនអាច​ចិញ្ចឹម​ឪពុក​បានឡើយ​ទើប​គាត់​ចាក​ចេញពី​កូន​មក​រស់នៅ​តែម្នាក់ឯង​បែបនេះ​ដោយ​គិតថា​ការរស់នៅម្នាក់ឯង​បែបនេះ​ទើប​មាន​សុភមង្គល​គ្មាន​អំពល់ទុក្ខ​នរណា ទោះបីជា​រស់នៅ​ដោយសារ​អ្នកដទៃ​ដាក់​ទាន​ឱ្យ​ក្តី ។ សព្វថ្ងៃ​គាត់​មានតែ​សម្បក​ខ្ទម និង ខ្លួន​ប៉ុណ្ណោះ គោ ក្របី ដីស្រែ​ចម្ការ​ក៏​គ្មាន​ដែរ ។ ដោយ​ភាពខ្វះខាត​ទីទ័លក្រ​ដូច្នេះក្រពះ​របស់គាត់​បានទទួល​ចំណីអាហារ​តែ​ពេលព្រឹក​និង​ថ្ងៃត្រង់​ប៉ុណ្ណោះ ចំណែក​ពេល​ល្ងាច​អត់​អី​ហូប​ហើយ​មិនដែល​បាន​ហូប​ឆ្អែត​នោះទេ ។

លោកតា​ទុគ៌ត​តស៊ូ​ដើម្បី​រស់​

ម្ហូប​ឆ្ងាញ់​ប្រចាំថ្ងៃ​របស់គាត់​មានតែ​អំបិល ប្រហុក ទឹកត្រី និង ជ្រក់ទំពាំង ចំណែក​សាច់ជ្រូក គោ មាន់ ទា វិញ យូរៗ​បាន​ហូប​ម្តង​នៅពេល​មាន​គេ​ធ្វើ​ពិធីបុណ្យ ​ឬ មង្គលការ​ក្បែរៗ​នោះ ។ គាត់​តែងតែទៅ សុំចាក់​យក​ម្ហូបអាហារ​នៅលើ​តុ​ដែល​សេសសល់​ពី​ភ្ញៀវ​យកមក​ទុក​ហូប​នៅផ្ទះ​ដោយ​មិន​ខ្លាច​គេ និយាយ​អ្វី​ឡើយ ។ ក្រៅពីនោះ​គាត់​តែងតែ​ទៅសុំបាយ​គេ​ហូប​នៅ​ផ្សារ​ស្លាប​លែង​ដែល​នៅក្បែរនោះ ។ ទោះបីជា​គាត់​ហូប​មិន​ឆ្អែត​យ៉ាងណាតែ​ចាប់តាំងពីក្មេង​មក​គាត់​មិនដែល​ឈឺ​ថ្កាត់​ធំដុំ​ឡើយ​ហើយ ក៏​មិនដែល​លេបថ្នាំ​ពេទ្យ​ដែរមានតែ​ថ្នាំខ្មែរ​ផ្សំ​ពី​រុក្ខជាតិ​ប៉ុណ្ណោះ ។ ពេលទំនេរ​ពី​ដើរ​នៅផ្ទះ​ម្តងៗ​គាត់​នៅ​មិន​ស្ងៀម​ទេមានការ​ងារ​ធ្វើ​រហូត​ក្នុង​ដៃ​មានកាំបិត​មួយ​តែងតែ​ដើររក​ឈើឫស្សី​ធ្វើ​ល្បែង​លេង​កូនក្មេង​មានដូចជា ធ្នូ ស្នា គ្រាប់​ព្រួញ និង ហ្គី​តារ​ជាដើម ។​

​លោក ឡុង ទ្រី ជា​អ្នកជិតខាង​បានឱ្យដឹងថា «​ខ្ញុំ​តែងតែ​ចូល​លេង​ជាមួយ​គាត់​ស្ទើរតែ​រៀងរាល់ថ្ងៃ​នៅពេល​មក​ឃ្វាលគោ ។ គាត់​តែង​ដើរ​ទៅនេះ​ទៅនោះ​មិនសូវ​នៅផ្ទះ​ទេ​ពេល​មកវិញ​តែងតែបាន​ស្រូវ​អង្ករប្រាក់កាស​ខ្លះ​គ្រាន់​នឹង​ចិញ្ចឹមជីវិត ។ រាល់ថ្ងៃ​ពេល​នៅផ្ទះ​គាត់​អផ្សុក​ណាស់​ដេញ​តែ​ហ្គី​តារ និង ធ្វើ​ស្គរដី​ប្រគំ​កម្សាន្ត​លេងទោះបី​មិន​ពីរោះ​ក៏ដោយ ។ សព្វថ្ងៃ​គាត់​ក្រ​ក៏​ពិតមែនតែនៅពេល​បាន​ប្រាក់កាស​ដោយសារ​គេ​ឱ្យទោះបី ៥.០០០ រៀល​ក្តី ១០.០០០ រៀល​ក្តីគាត់​តែងតែ​ធ្វើបុណ្យ​ដាក់​បាត្រ ​ព្រះសង្ឃ​និង​ធ្វើ​បុណ្យទាន​ទាំងអស់មិន​ទុក​ចាយ​ខ្លួនឯង​ឡើយ​» ។

​អ្នក​មីង ម៉ឺន ហុង ត្រូវជា​អ្នកជិតខាង​ដែរនោះបាន​ឱ្យដឹងថា​«​តា វ៉ាត គាត់​កម្សត់​ណាស់ទោះបីជា​គាត់​មាន​កូនចៅ​ក៏ពិតមែន​ក៏ដូចជា​អត់​កូនចៅ​ដែរ ។ ពួកគេ​គ្មាន​លទ្ធភាព​ចិញ្ចឹម​ឪពុកចាស់​ឡើយ​បាន ន័យថា​ខ្លួន​ទីពឹង​ខ្លួន​ដោយឡែកលោកតា​រកបាន​មួយពេល​ហូប​មួយពេល​ទម្រាំ​ដល់ពេល​ទៅវិញ ។ ក្រៅពី​រស់​ពឹង​អ្នកដទៃ​រាល់ថ្ងៃ​លោកតា​តែងតែ​ទៅ​ដាក់​ទ្រូ​រកត្រី​កំពឹស​នៅតាម​បឹង អូរ ស្រះ ត្រពាំង​គ្រាន់​នឹង​បាន​ហូប​នៅពេល​គ្មាន​គេ​ឱ្យ ។ ជា​ទម្លាប់​ពេលណា​ទំនេរគាត់​តែងតែ​ដេញ​ហ្គី​តារ​និង​ច្រៀង​លេង​ផងដែរទំនង​គាត់​លេង​ដើម្បី​បន្លប់​សេចក្តី​ទុក្ខលំបាក​ហើយ​មើល៍ទៅ ។ តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​ក៏​មិន​ឱបដៃ​មើល​ទុក្ខលំបាក​របស់គាត់​ឡើយ​ខ្ញុំ​តែងតែ​ជួយផ្តល់​បាយទឹក​ឱ្យ​គាត់​បាន​ហូប​ខ្លះៗ​ដែរ​តែ​មិនបាន​រាល់ថ្ងៃ​ទេ​ព្រោះ​ខ្វះខាត​ដូចគ្នា​» ៕ កែវ សិលា​