លោក​​​ ហ៊ុន សែន ថ្លែង​​អំណរគុណ​​​​​​ព្រះ​​​​​​អង្គ​​​ម្ចាស់​​​ក្សត្រីយ៍​​​ថៃ សម្រាប់សា​​​លារៀន​​​ថ្មី​​​នៅក្នុង​​​​កំពង់ស្ពឺ

ក្នុង​​​ពិធី​​​មួយ​​​​​​នៅ​​​​​​វិទ្យាស្ថាន​​​បច្ចេកវិទ្យា​​​កំពង់ស្ពឺ ដែល​​​ស្ថិត​​​ក្រោម​​​ការ​​​សាង​​​សង់​​​កាល​​​ពី​​​​​​ព្រឹក​​​​​​ម្សិល​​​មិញ ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​សែន បាន​​​​​​ថ្លែង​​​អំណរ​​​គុណ​​​​​​​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ក្សត្រីយ៍​​​ថៃ មហាចក្រី សិរិន្ទថន ដែល​​​កំពុង​​​​​​​​យាង​​​បំពេញ​​​ទស្សនកិច្ច​​​នៅ​​កម្ពុជា ​​​និង​​​​​​​​​ដែល​​​​បាន​បរិច្ចាគ​​​​​​​​ព្រះ​​​រាជ​​​​​​ទ្រព្យ​​​ផ្ទាល់​​​​​​ព្រះ​​​អង្គ​​​ជួយ​​​ដល់​​​​​​គម្រោង​​​សាង​​​សង់​​​សាលា​​​នេះ ចំពោះ​​​ការ​​​​​​​​គាំទ្រ​​​​​ការ​​​អប់រំ​​​ផ្នែក​​​​​​បច្ចេក​​​វិទ្យា​​​នៅ​​​​​​កម្ពុជា។ 

​​​ដោយ​​​​​​ពិធី​​​បញ្ចុះ​​​បឋម​​​សិលា​​​សាង​​​សង់​​​​​​​​​វិទ្យា​​​ស្ថាន​​​​​​នេះ​​​​​​បាន​​​​​​​​​រៀប​​​​​​ចំ​​​រួច​​​​​​តាំង​​​​​​​​​​​​​ពី​​​​​​ខែ​​​សីហា​មក​​​នោះ ​​​ពិធី​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​​លើ​​​​​​ទីតាំង​​​ដែល​​​មាន​​​​​​ផ្ទៃ​​​ដី​​២០៥ហិកតា​​​នេះ ភាគ​​​ច្រើន​​​​​​ជា​​​​​​ឱកាស​​​សម្រាប់​​​​​​ថ្នាក់​​​ដឹក​​នាំ​ទាំង​​​ពីរ​​​​​​ថត​​​រូប។

លោក ហ៊ុន សែន​​ បាន​មាន​​​ប្រសាសន៍​​​ថា ​”សមិទ្ធផល​​​នេះ​​​​​​មិន​​​មែន​​​សម្រាប់​​​តែ​​​​​​​​​​​​មនុស្ស​​​​​​​​​ជំនាន់​​​នេះ​​​​​​ទេ ប៉ុន្តែ​​​វា​​​​​​​​​​​​ក៏​​​សម្រាប់​​​មនុស្ស​​​ជំនាន់​​​ក្រោយ​​​​​ដែរ”។ លោក​​​បាន​​​​​​​​​បន្ត​​​ថា ដំបូង​​​ឡើយ​​មន្ត្រី​​​កម្ពុជា​​​បាន​​​​​​ស្នើ​​​សុំឲ្យ​​​សាង​​​​​​សង់​​​វិទ្យាស្ថាន​​​នេះ​​​នៅ​​​​​​​​​ខេត្ត​​​កោះ​​​កុង ​​​ប៉ុន្តែ​​​​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ក្សត្រីយ៍​​​ សិរិន្ទថន ​​​បាន​​​​​​ស្នើ​​​ឲ្យ​​​សាង​​​សង់​​​វា​​​ឆ្ងាយ​​​ជាង​​​នេះ​​​នៅ​​​​ប៉ែក​​​ខាង​​​​​​កើត​​​​​ដោយ​​​យល់​​​ឃើញ​​​ថា ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ដែល​​​រស់​​​នៅ​​​​​​ជិត​​​ព្រំ​​​ដែន ​​​អាច​​​សិក្សា​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ​​​បាន​​​​​​​​​យ៉ាង​​​​​​ងាយ​​​ស្រួល​​​។

សារ​​​មួយ​​​ដែល​​​បង្ហោះ​​​​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​​​​​​​លោក ហ៊ុន សែន ​​​បាន​​​​​លើក​​​ឡើង​​​​​​ថា ​​​វិទ្យា​​​ស្ថាន​​​នេះ​​​នឹង​​​​​​ផ្តល់​​​កម្ម​​​វិធី​​​សិក្សា​​​​​​ថ្នាក់​​​បរិញ្ញា​បត្រ និង​​​បរិញ្ញាបត្រ​​​រង​​​ផ្នែក​​​​​​វិស្វកម្ម​ស៊ីវិល ​និង​​​​អគ្គិសនី វិទ្យាសាស្ត្រ​​​កុំព្យូទ័រ ​បដិសណ្ឋារ​កិច្ច ​និង​​​ទេសចរណ៍​​​  ហើយ​​​​​​​​​​វគ្គ​​​សិក្សា​​​នឹង​​​ចាប់​​​ផ្តើម​​​​​​​​​ក្នុង​​​ឆ្នាំ​​​២០១៨។

កាល​​ពីខែសីហា លោក ហង់ ជួន ណារ៉ុន ​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​អប់រំ​​​បាន​​​មាន​​​ប្រសាសន៍​​​​​ថា ​​​សិស្ស​​​ចំនួន​​​១.៥០០​​​នាក់​​​​​​​​​​​​របស់​​​វិទ្យាស្ថាន​​​នេះ​​​ភាគ​​​​​​ច្រើន​​​នឹង​​​ចេញ​​​ពី​​​ខេត្ត​​​កំពង់​​​ស្ពឺ ​​​ខេត្ត​​​កណ្តាល ​​​និង​​​ខេត្ត​​​កំពង់​​​ឆ្នាំង៕​​​សុខុម​​​​​​​​​​​

The post លោក​​​ ហ៊ុន សែន ថ្លែង​​អំណរគុណ​​​​​​ព្រះ​​​​​​អង្គ​​​ម្ចាស់​​​ក្សត្រីយ៍​​​ថៃ សម្រាប់សា​​​លារៀន​​​ថ្មី​​​នៅក្នុង​​​​កំពង់ស្ពឺ appeared first on ខេមបូឌា ដេលី.