ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook) Pageផ្លូវការរបស់សម្តេចបង្ហោះនៅប៉ុន្មាននាទី​មុននេះមានខ្លឹមសារ​ទំាងស្រុងដូចតទៅ "ថ្ងៃនេះជាខួប ៣៧ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤កុម្ភះ ១៩៧៩-២៤កុម្ភះ ២០១៦)។

តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់​ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ​ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ​ភរិយាខ្ញុំមាន​ផ្ទៃ​ពោះ​ជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា​ នៅថ្ងៃទី១០ ខែ វិច្ចិកា ឆ្នាំ ១៩៧៦។ ​ តាំងពីថ្ងៃបែកគ្នាមកខ្ញុំមិនដែលទទួលព័ត៌មានថា​ ភរិយាខ្ញុំនៅរស់ទេ ​ហើយកាន់តែជឿថា​ភរិយា​ខ្ញុំ​ស្លាប់បាត់​ទៅហើយ ​នោះគឺក្រោយរំដោះថ្ងៃ៧មករា១៩៧៩ រ​យះពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញឬមានព័ត៌មានពីប្រពន្ធ ​ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ​ គឺបាត់ទាំងពូជតែម្តង។

ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត ​ មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ​ប្រសិនប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ហើយតើខ្ញុំត្រូវរៀបចំ​អនាគត​ផ្ទាល់ខ្លួនទៅមុខ​ទៀតរបៀបណា?
នៅពេលខ្លួនជាពោះម៉ាយក្នុង​វ័យ២៧ឆ្នាំ។
ល្ងាចថ្ងៃ ២៤ កុម្ភះ ១៩៧៩ ​ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស ​នៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល ​នូ បេង បានទៅប្រាប់ខ្ញុំថា ​ប្រពន្ធនិងកូនព្រមទាំងប្អូនស្រីខ្ញុំមក​​ដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ​ព្រោះករណីយបែបនេះមាន២លើករួចមកហើយ។​ លើកទី១មានស្ត្រីអាយុប្រហែលម្តាយខ្ញុំ​​បានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា ​គាត់ជាប្រពន្ទតារដ្ឋមន្ត្រីការបរទេស ​ គាត់ប្រើខ្ញុំ​ឱ្យទៅហៅប្តីគាត់មកជួបគាត់។ ​តាមពិតគាត់ច្រឡំ ​ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស​ ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ ​ខ្ញុំមកជួបគាត់ហៅខ្ញុំថាក្មួយហើយ​សុំចូល​ទៅ​ជួបរដ្ឋមន្ត្រី ពេលខ្ញុំប្រាប់គាត់ថាខ្ញុំណ្ណឹង​ហើយជារដ្ឋមន្ត្រីគាត់ខឹងខ្ញុំយ៉ាងខ្លាំង ​ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួងមិនដឹងថា​គាត់ទៅណាទៀតទេ។ដោយសារ​មានរឿងមិនពិតរួម​ផ្សំ​ថាមានទាំងកូន ​និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ ​តែយ៉ាងណាម៉ោងប្រមាណ​ ៥ ល្ងាច ហើយខ្ញុំក៏មកផ្ទះ។

ជារឿងរំភើបណាស់ ​ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញរ៉ានីប្រពន្ធខ្ញុំមុនគេ​ ​​ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។​ ប្រពន្ទខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា ​នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅ​ស្រវាពរកូន​ តែកូននេះបែជាគេចចេញទៅឱបម្តាយហើយស្រែកយំ។​ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន ​មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ​ព្រោះសភាព​ការណ៍ពេលនោះច្របូក​ច្របល់ពេក​ មិនទាន់ហ៊ានចេញមុខនៅឡើយ ។​ ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថាពូរយះពេល២ខែ។ ​នៅពេល ម៉ាណែត ​ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ ​ ខ្ញុំនិងភរិយាមានរឿង​អកុសល​កើតឡើង​ម្តងទៀត​ គឺភរិយាខ្ញុំរលូតកូន។​ នេះជាកំហុសរបស់ខ្ញុំដែល​មិនបានរែកទឹកដាក់ពាង។​ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ ​យើងត្រូវរកធុងទៅអូសទឹក​នៅទន្លេមេគង្គ ហើយយក​មករក្សាទុកនៅពាងខាងក្រោមផ្ទះ ​និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។​ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ​ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិន​បានដងទឹកដាក់ពាង ​ ប្រពន្ទខ្ញុំទៅខំយួរ​ទឹកមកចាក់បំពេញពាង ​ទើបធ្វើឱយកូនជិត២ខែនេះរលូត។ ​សោដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែក​តូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស​ ដែលក្រុមគ្រួសារភាគ​ច្រើន​លំបាកវេទនា​និរាសព្រាត់ប្រាស់លើស​គ្រួសារខ្ញុំច្រើនដងទៅទៀត។

យើងរួមគ្នាការពារសន្តិភាព ​ទប់ស្កាត់នយោបាយបែបទម្រង់ ​ប៉ុល ពត ​ក្នុងសម័យថ្មីវិល​មកវិញជាដាច់ខាត៕"