សុខភាព &raquo សុខភាព

ដូចដែល​លោក​អ្នក​បាន​ជ្រាប​ខ្លះមក​ហើយ វីរុស​ហ្ស៊ី​កា (ZIKA) បាន​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ដែល​មាន​ផ្ទុកមេរោគ​នេះ​មក​ខាំ ហើយ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ជំងឺគ្រុនឈាម​ដែរ ។

មាន​តែ​មូស​ខ្លា​ញី​ទេ​ដែល​ចូល​ចិត្ត​ខាំ​មនុស្ស​ឲ្យ​បាន​ច្រើន​ដើម្បី​បំប៉ន​សុខភាព​របស់​វា ។ ពេល​ដែល​មូស​ខ្លា​ញី​ខាំ​ឆ្អែត​ហើយ​វា​ត្រូវការ​សម្រាក​រយៈពេល​បី​ថ្ងៃមុន​នឹង​វា​ពង​។ ពង​មូស​ខ្លា​អាច​រស់នៅ​បាន​រហូត​១​ឆ្នាំ​ដ ។ បន្ទាប់​មក​វា​វិ​វ​ឌ្ឍ​ទៅ​ជា​ដង្កូវទឹក និង​ក្លាយជា​មូស​ពេញវ័យ​ដែល​ស្វែងរក​អាហារ​ដោយ​ខ្លួន​វា​បាន​យ៉ា​ង​ងាយ ។ មូស​ទាំងនោះ​ឆ្លង​វីរុស​ហ្ស៊ី​កា​ពី​មនុស្ស​ដែល​មាន​ផ្ទុក​វីរុស​ហ្ស៊ី​កា​។ មូស​ខ្លា​ជា​ប្រភេទ​មូស​ហើរ​មិន​បាន​ឆ្ងាយ វា​មិន​អាច​ហើរ​លើស​ពី​៤០០​ម៉ែត្រ​ទេ ។

ករណី​ភាគច្រើន វី​ស​រុ​ហ្ស៊ី​កា​ចម្លង​តាម​រយៈ​មូស​ខ្លា​ញី (Aedes aegypti) នៅ​តំបន់​ត្រូពិច និង​ជុំវិញ​ត្រូពិច​។ មូស​ខ្លា​ញី​មិន​អាច​រស់នៅ​តំបន់​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ទេ ។ មូស​ខ្លា​និង​កន្លែង​បង្កាត់​ពូជ​របស់​វា​(​ជម្រក​មូស​) បង្ក​ជា​កត្តា​ហានិភ័យ​ដ៏​សំខាន់​នៃ​ការ​ឆ្លង​វី​ស​រុ​ហ្ស៊ី​កា ។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ទាំងនេះ​លោក​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​វិធី​ខាងក្រោម ៖

-​ការ​បង្ការ​និង​ការ​ត្រួតពិនិត្យ​ពឹងផ្អែក​លើ​ការ​កាត់​បន្ថយ​មូស​តាម​រយៈ​ការ​កាត់​បន្ថយ​ជម្រក​មូស​(​លុប​បំបាត់​ជម្រក​មូស និង​កន្លែង​បង្កាត់​ពូជ​របស់​វា​) និង​ការ​កាត់​បន្ថយ​ទំនាក់ទំនង​រវាង​សត្វ​មូស​និង​មនុស្ស ។

-​អាច​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត (​ថ្នាំ​មូស​) ។
-​ត្រូវ​ដាក់​សំណាញ់​បិទ​បង្អួច តាម​ស្លាបព្រិល និង​ត្រូវ​គេង​ក្នុង​មុង ។
-​លាង​សំអាត​អាង​ទឹក ពាងទឹក ដុត​សំបក​កង់ សំបក​កំប៉ុង​...​ដែល​ជា​ជម្រក និង​ជា​កន្លែង​ឲ្យ​សត្វ​មូស​ពង​បង្ក​កំណើត​ចោល​ឱ្យ​អស់ ។

សរុប​រួម​មក​គប្បី​រស់នៅ​ប្រកបដោយ​អនាម័យ ទាំង​ក្នុងផ្ទះ និង​បរិវេណ​ផ្ទះ រួម​ទាំង​ការ​ស្លៀកពាក់ និង​ការ​ទទួលទាន​ផង សង្ឃឹមថា​គ្មាន​មេរោគ​ណា​ជ្រៀតចូល​ក្នុង​ខ្លួន​យើង បាន​ទេ ៕