ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

យោង​តាម​ការ​អះអាង​បញ្ជាក់​របស់​ក្រុមហ៊ុន Nokia ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ហៅ​កាត់​ថា MWC ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​នឹង​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ឡើង​វិញ ប៉ុន្តែ​ក្រុមហ៊ុន​ថា​មិន​ទាន់​ប្រញាប់ប្រញាល់​ទេ តែ​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​នឹង​វាយលុក​ក្នុង​ឆ្នាំ ២០១៦ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​ធ្លាប់​មានកេរ្តិ៍ឈ្មោះ​រយៈពេល​ច្រើន​ឆ្នាំ​ក្នុង​មុខ​ជំនួញ​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ហ្វាំ​ង​ឡង់​មិន​បាន​ប្រកាស​ពី​ពេលវេលា​ជាក់លាក់​ក្នុង​ការ​បោះ​ជំហាន​ចូល​ទីផ្សារ​ទេ ។ លោក​រ៉ា​ជីវ សូ​រី​នាយក​ប្រត្តិបត្តិ​ប្រចាំ​ក្រុមហ៊ុន Nokia និយាយ​ថា គ្មាន​ពេលវេលា​កំណត់​ច្បាស់លាស់ ហើយ​មិន​ប្រញាប់ប្រញាល់ ។ តែ​វា​នឹង​កើតឡើង​ក្នុង​ឆ្នាំ​២០១៦ ឬ​អាច​កើតឡើង​ពេល​ក្រោយ ។ ក្រុមហ៊ុន Nokia ធ្លាប់​លក់​អាជីវកម្ម​ឧបករណ៍​របស់​ខ្លួន​ឱ្យទៅ​ក្រុមហ៊ុន Microsoft កាលពី​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ប្រមាណ​ជា​៧,២​ពាន់​លាន​ដុល្លារ ។ បន្ទាប់​ពី​ទិញ​រួច​ហើយ​ក្រុមហ៊ុន Microsoft ដូច​ជា​ទទួលថ្មបាក់ ពោល​គឺ​អាជីវកម្ម​ខាត​ទាំងស្រុង​ដល់​ថ្នាក់​កាត់​បន្ថយ​បុគ្គលិក​រាប់​ពាន់​នាក់​ដើម្បី​ទប់ទល់​នឹង​ការ​ខាតបង់ ។

ក្រុមហ៊ុន Nokia បាន​ចាប់ផ្តើម​ចូល​ក្នុង​ពិភព​ទូរស័ព្ទ​នៅ​ដើមឆ្នាំ ១៩៩០ ហើយ​បាន​បំពេញតម្រូវការ​អតិថិជន​ទូ​ទាំង​ពិភពលោក​ជិត​២០​ឆ្នាំ​ហើយ ។ ទូរស័ព្ទ​ដែល​អតិថិជន​គាំទ្រ​ខ្លាំង​គឺ​ម៉ូ​ដែល Nokia 3210 និង 3310 ឬ​អតិថិជន​ខ្មែរ​យើង​ហៅ​ថា Nokia ក្បាល​ត្រី​អណ្តែង ៕