ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពត ៖ ក្មេង​ប្រុស​-​ស្រី​២​នាក់​ត្រូវ​ភ្លើង​ឆាបឆេះ​ពេញ​ខ្លួន ក្នុង​នោះ​ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​បុរស​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ដប​មាន​សាំង​កំពុង​ដាក់​លក់​នៅ​មុខ​ផ្ទះ ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ង​ទី​២១ កុម្ភៈ ២០១៦ ស្ថិត​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ឈ្មោះ​ហិន ស៊ី​ញ ភេទ​ប្រុស អាយុ​៨​ឆ្នាំ និង​ម្នាក់​ទៀត​រង​របួស​ធ្នង់​ឈ្មោះ​បាន ស្រី​លាភ ភេទ​ស្រី អាយុ​៤​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​បុរស​២​នាក់​ជិះ​ម៉ូតូ ដែល​គេ​ដឹង​ថា ស្រវឹង​នោះ​ម្នាក់​ឈ្មោះ​អែម គង់ ហៅ​គង់ អាយុ​២៧​ឆ្នាំ និង​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​មិន​ស្គាល់​អត្តសញ្ញាណ មាន​ទីលំនៅ​ភូមិ​កោះ​គ្រឹ​ស្នា ឃុំ​ប្ញ​ស្សី​ស្រុក ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ទាំង​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ចង្កូត​ទៅ​ដបប្រេង​សាំង ដែល​គេ​ដាក់​លក់​នៅ​មុខ​ផ្ទះ ហើយ​ដួល​រលំ​ដប​សាំង​៣​ដប​ស្រោច​ទៅ​លើ​ប៊ូស៊ី​ម៉ូតូ ក៏​ឆាបឆេះ​ទៅ​លើ​ក្មេង​ប្រុស​-​ស្រី​ទាំង​២​នាក់​តែ​ម្តង ។