ខូច​ឯណា​មិន​ខូច​មក​ខូច​លើ​ផ្លូវដែក រទេះភ្លើង​រុញ​ចោល

ខូច​ឯណា​មិន​ខូច​មក​ខូច​លើ​ផ្លូវដែក រទេះភ្លើង​រុញ​ចោល

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​បែន​ដឹក​ដី​ធុន​តូច​មួយ​គ្រឿង ត្រូវ​បាន​រថភ្លើង​បុក​ពេញទំហឹង  ហើយ​រុញ​អូស​អស់​ជា​ច្រើន​ម៉ែត្រ ខណៈ​ពេល​ដែល​រថយន្ត​បែន​នោះ បាន​បើកបរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​កាត់​ទទឹង​ផ្លូវលំ ស្រប​ពេល​ដែល​រថភ្លើង​កំពុង​ធ្វើ​ដំណើរ​មក​យ៉ាង​លឿន​ហើយ​ចៃដន្យមហា​សយ​នោះ រថយន្ដ​ក៏​ខូច​លើ​ផ្លូវដែក​ទៀត ទើបត្រូវ​បុក​ដោយ​មិន​អាច​គេច​ផុត ។

ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​ម្សិលមិញ​ថ្ងៃ​ទី​២៣ កុម្ភៈ វេលា​ម៉ោង​០៩ និង​២៥​នាទី​ព្រឹក​នៅ​ចំណុច​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ចំណុច​ដែល​កើតហេតុ គឺ​មាន​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ ចេញពី​ភូមិ​ឆ្លងកាត់​ផ្លូវដែក​សំដៅ​ចូល​ទៅ​ក្នុង​ព្រៃ ។ រថយន្ត​ដែល​ត្រូវ​រថភ្លើង​បុក​នេះ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី​ធុន​តូច ម៉ាក​ទី​តាន់​ព​ណ៏​ខៀវ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-0042 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ព្រោះ​គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​។ អ្នក​ភូមិ​នៅ​ទីនោះ​និយាយ​ថា រថយន្ដ​នេះ​បាន​បើកបរ​ចេញពី​ចង្កេះភ្នំ ដែល​ជា​កន្លែង​កាយ​យក​ដី​ដោយ​ផ្ទុក​ដី​ពេញ​ក្នុង​ដំណើរ​ពី​លិចទៅ​កើត​។ លុះ​ពេល​មក​ដល់​ចំណុច​ផ្លូវដែក​កាត់​ទទឹង​ផ្លូវ ចង្រៃ​មែន​គឺ​រថយន្ត​នេះ​បាន​រលត់​ម៉ាស៊ីន ខូច​ចំ​កណ្តាលផ្លូវ​រថភ្លើង​នោះ​តែ​ម្តង ។ ពិតជា​ចៃដន្យ​ទៀត ស្រប​ពេល​ជាមួយ​គ្នា​នោះ រថភ្លើង​ដែល​ដឹក​សុទ្ធ​សឹង​ជា​សី​ុ​ទែន​ប្រេង​មក​ដល់​ល្មម រក​ចាត់ការ​ជួសជុល​ឬ​រុញ​ចេញ​មិន​ទាន់ ក៏​បាន​បុក​ពេញទំហឹង​តែ​ម្តង ព្រោះ​រទេះភ្លើង​គ្មាន​ផ្លូវ​ណា​គេច​នោះ​ទេ បាន​រុញ​រថយន្ត​ដែល​ផ្ទុក​ដី​ពេញ​ទ្រុង​នោះ​អូស​ទៅ​មុខ​លើ​ផ្លូវដែក ប្រមាណ​ជា​ជាង​៣០​ម៉ែត្រ​ទើប​ខ្ទាត​ចេញ ។ រីឯ​អ្នកបើកបរ​ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​មាន​រង​របួស​អ្វី​ទេ ហើយ​បាន​គេចខ្លួន​ទាំង​ព្រលឹង​មិនដឹង​ទៅ​ណា ។ ចំពោះ​សី​ុ​ទែន​ប្រេង​ដែល​រថយន្ដ​បាន​ដឹក​នោះ គឺ​ទទេ និង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​ក្រុងព្រះសីហនុ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រថយន្ត​បាន​ខូចខាត​ធ្ងន់ធ្ងរ​វៀច​តួ និង​បាក់បែក​ខ្ទេចខ្ទី​។ រីឯ​រថភ្លើង​វិញ​ក្រោយ​ពី​កើតហេតុ​បាន​ឈប់​នៅ​នឹង​កន្លែង ព្រោះ​ប៉ះពាល់​ធុង​ប្រេង​របស់​រថភ្លើង បណ្តាល​ឱ្យ​លិច​ប្រេង​ហូរ​កក្លាក់ តែ​មិន​ធ្ងន់ធ្ងរ​ទេ ត្រូវ​បាន​ជួសជុល​ភ្លាម​ៗ ។ ចំពោះ​រថយន្ត​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕