ការ​សម្លាប់​ជនជាតិ​ថៃ​ពាក់ព័ន្ធ​ប្រាក់​៣០​លាន​បាត

ការ​សម្លាប់​ជនជាតិ​ថៃ​ពាក់ព័ន្ធ​ប្រាក់​៣០​លាន​បាត

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កាសែត​ថៃ ដែល​បាន​ចេញផ្សាយ​ម្សិលមិញ​នេះ​ជុំវិញ​ឃាតកម្ម​សម្លាប់​បុរស​ជនជាតិ​ថៃ​កប់​ក្នុង​ចម្ការ​ដំឡូង​មី នៅ​ខេត្ត​ប៉ៃលិន ដែល​បាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ នោះ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន គឺជា​ជនជាតិ​ថៃ​ដូច​គ្នា ។

តាម​កាសែត​ថៃ​ដដែល​បាន​សរសេរ​ថា លោក សំនឹក ឬ «​សៀវ​ទុំ ចា​រូ​ន​ជី​រា​៉​ធៀ មាន​អាយុ​៥១​ឆ្នាំ អ្នកស្រុក​នៅ​ខេត្ត​ឈុ​ន​បុរី ជា​អ្នកជំនួញ​កាស៊ីណូ «​ប៉ៃ​លី​ន ផ្លា​មីង​ហ្គោ​» នៅ​ខេត្ត​ប៉ៃលិន​កម្ពុជា ស្ថិត​នៅ​ទល់មុខ​ស្រុក​ប៉ូង​ណា​ម​រ៉ុ​ន ខេត្ត​ចន្ទ​បុរី បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ កន្លង​មក ។ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ឈ្មោះ អា​រុន វង់​រ៉ាក់ ។

តាម​របាយការណ៍​កាសែត​ថៃ កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​ផ្សាយ​ថា ជនសង្ស័យ​ខាងលើ​សារភាព​ថា បាន​នាំ​ខ្លួន​លោក សៀ​ទុំ ពី​កាស៊ីណូ ដើម្បី​ចរចា​សុំ​បន្ធូរបន្ថយ​ប្រាក់ ដែល​ជំពាក់​ចំនួន​៣០​លាន​បាត ព្រោះ​ខ្លួន​មាន​ភាគហ៊ុន​ដល់​ទៅ​៤០%​ក្នុង​ការ​រកស៊ី​ហ៊ុន​គ្នា​នេះ ប៉ុន្តែ​ឈ្មោះ សៀ​ទុំ មិន​ព្រម ទើប​ទាស់​គ្នា​វាយតប់​លើ​រាង​កាយ​បណ្តាល​ឱ្យ​ស្លាប់ រួច​យក​សព​ទៅ​កប់​នៅ​តំបន់​ក្បែរ​កាស៊ីណូ​ខាងលើ ។

សព​លោក​សំនឹក ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ នៅ​ចម្ការ​ដំឡូង​មី​របស់​អ្នក​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោក​សំនឹក បាន​បាត់​ខ្លួន​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ ដោយ​ក្រុម​គ្រួសារ​តាម​ស្វែងរក​យ៉ាងណា​ក៏​មិនឃើញ ហើយ​ការ​បាត់​ខ្លួន​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​ការ​សម្លាប់​បំបិទមាត់ ឬ​ដោយ​មូលហេតុ​អ្វី ព្រោះ​បុរស​នេះ​ក៏​ជា​អ្នកជំនួញ​ម្នាក់​ក្នុង​កាស៊ីណូ ។ ឯ​ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន គឺជា​ជន​មាន​អំណាច​ម្នាក់​ក្នុង​កាស៊ីណូ​ផង​ដែរ ។

សូម​បញ្ជាក់​ថា បុរស​ជនជាតិ​ថៃ​ឈ្មោះ សំនឹក ហៅ សៀ​ទុំ បាន​បាត់​ខ្លួន​បន្ទាប់​ពី​ជួបជុំ​មិត្តភក្តិ​ជា​ជនជាតិ​ខ្មែរ​និង​ថៃ​ចំនួន​៤​ទៅ​៥​នាក់ ដោយ​ផឹកស៊ី​អស់​ស្រា​ប្រហែល​៤​ទៅ​៥​កំប៉ុង រួច​ក៏​ឡើង​ជិះ​លើ​រថយន្ត​មួយ​គ្រឿង​ចេញ​ទៅ​ទិស​ខាងជើង ហើយ​ក៏​បាត់​ស្រមោល​តាំងពី​ពេល​នោះ​មក ។ គេ​សង្ស័យ​ថា នេះ​ជា​ករណី​ឃាតកម្ម​កើតឡើង​ចំពោះ​ជន​រង​គ្រោះ ហើយ​ក្រុម​គ្រួ​សារបាន​យក​រូបថត​ដើរ​ស្វែងរក​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ខេត្ត​ប៉ៃលិន តែ​មិន​មាន​នរណា​ប្រទះ​ឃើញ​ទេ​។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ពេល​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ​សព ទើប​មានការ​សង្ស័យ​ថា ជា​សព​បុរស​ថៃ​ដែល​បាត់​ខ្លួន​នេះ ។

កាលពី​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ ក្រុម​ជួយ​សង្គ្រោះ​នៅ​ស្រុក «​ប៉ូង​ណា​ម​រ៉ុ​ន​» ខេត្ត​ចន្ទ​បុរី របស់​ថៃ ក៏​បាន​មក​យក​សព​លោក សៀ​ទុំ ចេញពី​កម្ពុជា ទៅ​កាន់​មន្ទីរពេទ្យ «​ប៉ូង​ណា​ម​រ៉ុ​ន​» ក្រោយ​ពេល​កម្ពុជា​បាន​ធ្វើ​កោសល្យវិច័យ និង​វះ​យក​គ្រាប់​ចេញពី​សព​រួចរាល់ រួម​ទាំង​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​ថា តើ​គ្រាប់​ដែល​ប្រទះ​ឃើញ​ក្នុង​សព​ជា​កាំភ្លើង​ប្រភេទ​អ្វី ?

បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​សើ​ុ​ប​អង្កេត​រកហេតុ​ផល ដើម្បី​ដំណើរការ​តាម​ផ្លូវច្បាប់ និង​ជា​តួនាទី​រវាង​កម្ពុជា និង​ថៃ​បន្ត​ទៀត ៕