ការធ្វើ​តេស្ត​​​រក​មេរោគ​អេដស៍​​​​នៅ​ខេត្ត​កណ្ដាល​លុប​ចោល ​ទោះមាន​ក្ដី​បារម្ភ​​​អំពី​ការ​ផ្ទុះ​ករណី​ឆ្លង​

មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល ​​បាន​លុប​ចោល​​​ការ​ធ្វើ​តេស្ត​​​​ឈាម​​​​​ប្រជាពលរដ្ឋ​នៅ​​ភូមិ​​​ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​​​​​​​រក​ឃើញ​ផ្ទុះ​ករណី​​ឆ្លង​ជំងឺ​អេដស៍​កាលពី​ដើម​ខែ​​​​នេះ ​​​ដោយ​​​​​សុំ​ឲ្យ​​អ្នក​ភូមិ​ស្ម័គ្រចិត្ត​ស្វែង​រក​ការ​ធ្វើ​តេស្ត​​​​​​​ដោយ​​​ខ្លួន​​​ឯង​​​ ប្រសិន​បើ​ពួកគាត់​​នៅ​​​តែ​​​មាន​​ការ​​​ព្រួយបារម្ភ។

គួរ​​​​​​រំឭក​​​ថា ​​បុគ្គលិក​​អង្គការ​ខេមរា ​បាន​​​​ចុះ​​​​​​ទៅ​​​ធ្វើ​តេស្ត​ឈាម​ប្រជាពលរដ្ឋ​​​​​​​​​រក​​​មេរោគ​​​អេដស៍​​​​​​នៅ​​​​​​​ឃុំ​​​សំបួរមាស ស្រុក​មុខកំពូល​​​​​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈដែល​ជា​ទិវា​​ស្រោម​​អនាម័យ​អន្តរជាតិ ហើយ​បាន​រក​ឃើញ​អត្រា​​​ឆ្លងមេរោគ​អេដស៍​​ខ្ពស់​ជាង​ធម្មតា ជា​ហេតុ​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ផ្សេងៗ​ទៀត​​​​ក្នុង​តំបន់​នេះ​​​ស្វែង​រក​ការ​ធ្វើ​តេស្ត​ឈាម​​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​សម្ដេច​ឪ​​​ក្នុង​រាជធានី​ភ្នំពេញ។

គិត​មក​ត្រឹម​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ​ករណី​​​​​​ឆ្លង​​​ថ្មី​ចំនួន​១៤​​​​ត្រូវ​បាន​បញ្ជាក់​នៅ​​ឃុំ​នេះ ហើយ​​​​គ្រាន់​​​តែ​​​នៅ​​​​​​​​​​​​​ភូមិ​ពាម​​​ មាន​​​​​​ដល់​​​ទៅ​​​​១០​ករណី​​ក្នុង​ចំណោម​​​​នោះ​​​​។ កាលពី​ថ្ងៃ​ច័ន្ទ មន្ត្រី​​​សុខា​​​ភិបាល​ខេត្ត​បាន​​​​ចាប់​ផ្ដើម​ធ្វើ​តេស្ត​​ឈាម​​​​​​​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​​នៅ​​ភូមិ​នេះ​​​ដោយ​​​​និយាយ​​​​​​ថា ខ្លួន​មិន​ជឿ​​​​លើ​​​លទ្ធផល​​ពិនិត្យ​របស់​​​អង្គការ​​​​​ខាង​លើ​នេះ​​​​ឡើយ ពីព្រោះ​រដ្ឋា​ភិបាល​​​​មិន​បាន​​​​​អនុញ្ញាត​ការ​​ធ្វើ​តេស្ត​របស់​​​អង្គការ​នេះ​។

​ប៉ុន្តែ​បន្ទាប់ពី​ធ្វើ​តេស្ត​​​​ឈាម​​​ប្រជាពលរដ្ឋ​​​​តិច​​​ជាង​​​២៨០​នាក់​​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​១.០០០​នាក់​​​​នៅ​​​ភូមិ​នេះ ហើយ​​​​រក​ឃើញ​​​​ការ​​​​​​​​​​​​​ឆ្លង​​​មេរោគ​​​​​អេដស៍​​​​​​ចំនួន​បួន​ករណី​ ប្រធាន​មន្ទីរ​សុខាភិបាល​​​​​ខេត្ត​​​បាន​សម្រេច​មិន​បន្ត​​ធ្វើ​តេស្ត​​​​ឈាម​​​ទៀត​​​ឡើយ​​​​​​​​​​​​កាលពី​ម្សិលមិញ ដោយ​​​សារ​​​តែ​គ្មាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ចេញ​មក​ធ្វើ​តេស្ត​ឈាម​នៅ​ពេល​​រសៀល​រាង​ជ្រេ​កាលពី​ថ្ងៃ​ច័ន្ទ។

លោក គួយ ប៊ុនធឿន ​​​ប្រធាន​មន្ទីរ​សុខា​ភិបាល​​ខេត្ត​​​​​មាន​ប្រសាសន៍​ថា ”​យើង​ឈប់​ធ្វើ​​តេស្ត​ឈាម​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាម​​​​ហើយ ​[កាលពី​ថ្ងៃ​ច័ន្ទ] ព្រោះ​យើង​បាន​រង់ចាំ​រហូត​ដល់​ម៉ោង​៤កន្លះ ប៉ុន្តែ​មិន​ឃើញ​មនុស្ស​បន្ថែម​​​​ទៀត​ស្ម័គ្រចិត្ត​មក​ធ្វើ​តេស្ត​ឈាម​​”។

​ទោះ​បី​ជា​ធ្វើ​តេស្ត​​​​ឈាម​​​តែ​១ភាគ៤​នៃ​អ្នក​ភូមិ​ទាំង​អស់​ក្ដី ក៏​លោក គួយ ប៊ុនធឿន បាន​​​​​​លើក​​​​​​ឡើង​​​​​​​ថា លទ្ធផល​​​​​​​​​ឆ្លង​​​មេរោគ​​​អេដស៍​​​​​​តែ​៤ករណី​​​​​ដែល​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃច័ន្ទ​​​បង្ហាញ​​​ថា ក្ដី​បារម្ភ​អំពី​ការ​​ផ្ទុះ​ករណី​ឆ្លង​មេរោគ​​​​​​អេដស៍​​​គឺមិន​សម​ហេតុ​ផល​​​ឡើយ។

សំដៅ​ដល់​​​​ការ​​​ឆ្លង​មេរោគ​អេដស៍​ចំនួន​បួន​ករណី​ដែល​ក្រសួង​បាន​រក​ឃើញ​កាលពី​ថ្ងៃច័ន្ទ​ លោក​​​​បាន​​​​​​​​​​​​ថ្លែង​​ថា “​យើង​មិន​អាច​ទទួល​​​​យក​លទ្ធផល​​ផ្ដល់​ដោយ​អង្គការ​ខេមរា​បាន​ទេ ពីព្រោះ​​​​ពួកគាត់​​​មិន​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ប៉ុន្តែ​យើង​នឹង​ប្រៀប​ធៀប​តួលេខ​ជាមួយ​​អង្គការ​នេះ​”។

លោក​​​ស្រី ណែម យ៉ុង ​​មេឃុំសំបួរ​មាស​បាន​មាន​ប្រសាសន៍​ថា មូលហេតុ​មួយ​ទៀត​ដែល​មន្ត្រី​មន្ទីរ​សុខាភិបាល​​​ខេត្ត​ឈប់​ធ្វើ​តេស្ត​​​ឈាម​នៅ​​តំបន់​នេះ គឺ​ដោយ​សារ​តែ​​​​ផ្លូវ​​​​​​​ឆ្ងាយ​​​​​​​​​ពេក។ លោកស្រី​​​លើក​​​ឡើង​​​​​​​​​​ថា “​យើង​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំសំបួរ​មាស ព្រោះ​​​​ផ្លូវ​​​ឆ្ងាយ​​​​ពេក​សម្រាប់​ [មន្ត្រី] ​មន្ទីរ​សុខា​​ភិបាល និង​ក្រសួង​សុខាភិបាល​ធ្វើ​ដំណើរ​”។

លោក​ ជា សុផាត ​​​វ័យ៤៥​​​ឆ្នាំដែល​​​ស្ថិត​ក្នុង​ចំណោម​​អ្នក​ធ្វើ​តេស្ត​ឃើញ​ផ្ទុក​មេរោគ​អេដស៍​នៅ​ខែ​នេះ ​​​​និយាយ​ថា ​ប្រជា​ពលរដ្ឋ​​​​ក្នុង​ភូមិពាម ទំនង​ជា​​មិន​ធ្វើ​ដំណើរ​​ទៅ​​​​មណ្ឌល​​សុខភាព​ឃុំ​ដើម្បី​ធ្វើ​តេស្ត​ឈាម​​​​​​បន្ថែម​​ទៀត​​​ឡើយ។ ​គាត់​និយាយ​ថា “​ខ្ញុំ​គិត​ថា អ្នក​ភូមិ​នឹង​មិនទៅ​ធ្វើ​តេស្ត​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំសំបួរ​មាស​ទេ ពីព្រោះ​​​មណ្ឌល​​​​​​​​​​​​​នៅ​​​ចម្ងាយ​​​​​​ប្រហែល​១០​គីឡូមែត្រពី​ភូមិ”។

ខណៈ​មន្ត្រី​សុខាភិបាល​​​​ហាក់​​​មាន​​​បំណង​​ឲ្យ​ប្រជាពលរដ្ឋ​​​នៅ​ភូមិ​​ពាម ​ស្វែង​យល់​ដោយ​​​ខ្លួន​ឯង​ថា​ តើ​មាន​ផ្ទុះ​ករណី​ឆ្លង​មេរោគ​អេដស៍​​​​ក្នុង​សហគមន៍​របស់​ខ្លួនឬ​​​យ៉ាង​​​ណា​​​នោះ ​ប្រធាន​​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​​​ប្រយុទ្ធ​ប្រឆាំង​​​​ជំងឺ​អេដស៍​សំខាន់​ៗ​​​បំផុត​ក្នុង​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ថា គួរ​តែ​​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត។

លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ខាណា ​បាន​មាន​ប្រសាសន៍​ថា ​​​ក្រោយ​​​​​មក​​​ករណី​​ឆ្លង​មេរោគ​អេដស៍ទាំង​អស់​​​​ដែល​​​​​​​​​រក​​​​​​ឃើញ​​​​​​​​​​​​​​​ដោយ​​​​​​អង្គការ​ខេមរា​​​ ត្រូវ​បាន​​​​​បញ្ជាក់​​នៅ​គ្លីនិក​​​របស់​​​​រដ្ឋ​ ហើយ​​​​បច្ចុប្បន្ន​ភូមិ​នេះ​មាន​​​​មនុស្ស​​​សរុប​២៨​នាក់​ដែល​កំពុង​រស់​​​​នៅ​​​​​​ដោយ​​​​​​​​​​​​ផ្ទុក​​​​​​មេរោគ​អេដស៍ គឺ​លើស​​មធ្យម​​ភាគ​ឆ្លង​​​​​០,៦​ភាគរយ​​​​នៅ​​​ទូទាំង​​​ប្រទេស​​​។ លោក​បាន​​​ធ្វើ​​​ការ​​​​​​កត់សម្គាល់​​​​ថា “​ខ្ញុំ​គិត​ថា តាម​លក្ខណៈ​បច្ចេក ទេស​គួរ​តែ​មាន​ការ​​សិក្សា​​​​​​​​​​បន្ថែម​ទៀត​​ទៅ​លើ​ចំនួន​នៃ​ការ​ឆ្លង​។ វា​គួរ​ឲ្យ​ព្រួយ​បារម្ភ”។

​ទោះ​ជាយ៉ាង​ណា មន្ត្រី​នៅ​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើស្បែក និង​កាមរោគ និង​​អាជ្ញាធរ​​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ ដែល​​​ជា​ស្ថាប័ន​រដ្ឋ​គ្រប់គ្រង​​​​កិច្ច​​​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺបាន​ទេ៕ សុខុម (រាយការណ៍​បន្ថែម​ដោយ​ Colin Meyn)​​

The post ការធ្វើ​តេស្ត​​​រក​មេរោគ​អេដស៍​​​​នៅ​ខេត្ត​កណ្ដាល​លុប​ចោល ​ទោះមាន​ក្ដី​បារម្ភ​​​អំពី​ការ​ផ្ទុះ​ករណី​ឆ្លង​ appeared first on ខេមបូឌា ដេលី.