ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​តូប​លក់​​មាស​ប្តូរ​ប្រាក់​តាម​ផ្សារ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​បិទ​ទ្វារ​បន្ទាប់​ពី​មាន​ពាក្យ​ច​ចាម​អារ៉ាម​លេច​ឮ​ត​គ្នា​ៗ​ថា ​មាន​ករណី​ចោរ​ប្លន់​​ប្រដាប់​អាវុធបង្ក​ឱ្យ​​មាន​ការ​ភ្ញាក់ផ្អើល​​​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ​នេះ ។

​បន្ទាប់​ពី​មាន​​ការ​ភ្ញាក់ផ្អើល​​ភ្លាមៗ តូប​លក់​មាស​ប្តូរ​ប្រាក់​ជា​ច្រើន​​កន្លែង​នៅ​ផ្សារ​ត្រី​ ​ស្ថិត​នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​ អាជីវករ​បាន​ត្រឹមតែ​ឈរ​មើល​មិន​ហ៊ាន​​បើក​លក់​នោះ​ទេ ។ អាជ្ញាធរ​ និង​សមត្ថកិច្ច​បាន​ចុះ​ត្រួត​​ពិនិត្យ​តាម​គោលដៅ​ព្រោងព្រៀត​ដើម្បី​ពង្រឹង​សន្តិសុខ ​។ ​

ទោះ​បី​ជា​យ៉ាងណា​ក្តី ​អ្នក​រត់​ម៉ូតូឌុប​បាន​និយាយ​ត​គ្នា​ៗ​ថា​ កាលពី​​វេលា​ម៉ោង​ជាង​៧​​ព្រឹក​ថ្ងៃ​ដដែលនេះ ​មាន​ករណី​ក្រុម​ចោរ​​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ភ្ជុង​ប្លន់​អាជីវករ​លក់​មាស​ប្តូរ​ប្រាក់​ម្នាក់​តាម​ដងផ្លូវ​យក​អស់ទ្រព្យ​សម្បត្តិ​មួយ​ចំនួន ​។

ពាក្យ​ច​ចាម​អា​រ៉ាម​​ខាងលើ​​នេះ ត្រូវ​បាន​លោក​ អ៊ឹម​ សុ​ភារៈ​ ​នាយ​នគរ​បាល​ប៉ុស្តិ៍រដ្ឋបាល​​​ប៉ោយ​ប៉ែ​ត បាន​​អះអាង​ថា ​មិន​មាន​អំពើរ​ប្លន់​ទេ ​ប៉ុន្តែ​មាន​ករណី​ឆក់​កាបូប ​តែ​ព័​ត៌​មាន​ឆក់​កាបូប​នោះ​ក៏​មិន​ទាន់​ដឹង​ច្បាស់​​​ថា ​​​ម្ចាស់​​​​កាបូប​​ជា​នរណា​នោះ​ដែរ ​​ខណៈ​នេះ​​កម្លាំង​​សមត្ថកិច្ច​បាន​និង​​កំពុង​ចុះ​ស្រាវជ្រាវ​ ៕ ​