វិចារណកថាៈ ពេលណា ទើបអំពើចោរកម្ម និងបទល្មើស គ្រឿងញៀនថយចុះ?

 ជាញឹកញាប់ សមត្ថកិច្ចនគរបាល និងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាបក្រុម ចោរប្លន់ប្រដាប់អាវុធ ចោរគាស់ផ្ទះ និងចោរឆក់ ក៏ដូចជាក្រុមជនសង្ស័យជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿង ញៀនជាបន្តបន្ទាប់ ។ ក៏ប៉ុន្តែ តាមពិនិត្យជាក់ស្តែងបទល្មើស ដូចខាងលើនេះ ហាក់ដូចជាមិនទាន់មានការថយចុះ គួរឲ្យកត់សម្គាល់នៅឡើយទេ ធ្វើឲ្យប្រជាពលរដ្ឋនៅតែមានសេចក្តីព្រួយ បារម្ភពីសុវត្ថិភាព ផ្ទាល់ខ្លួន និងអសន្តិ សុខសង្គម។ ប្រការនេះហើយ ទើបប្រជាពលរដ្ឋទូទៅ អំពាវនាវឲ្យមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចនគរបាល និងកងរាជអាវុធ ហត្ថ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងសន្តិសុខសង្គម ដោយបង្ក្រាបបទល្មើសផ្សេងៗ ប្រកបដោយប្រសិទ្ធភាព។ ការដែលសមត្ថកិច្ ចនគរបាលអនុវត្តន៍តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ គឺជាកត្តាដ៏សំខាន់ ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យប្រជាពលរដ្ឋមាន ភាពកក់ក្តៅ។

 មជ្ឈដ្ឋាននានាបានលើកឡើងថា ជាញឹកញាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានការធ្វើសន្និសីទ សារព័ត៌មាន បង្ហាញមុខក្រុមចោរ ប្លន់ប្រដាប់អាវុធ ចោរឆក់ និងជនសង្ស័យជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿង ញៀនជាច្រើននាក់ ។ ទន្ទឹមនឹងនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធ រាជធានីភ្នំពេញ ក៏មានការធ្វើសន្និសីទ បង្ហាញមុខ ក្រុមជនសង្ស័យប្រព្រឹត្តបទល្មើសនានា ដែលកម្លាំងអាវុធហត្ថបង្ក្រាបបានផងដែរ។ តាមរយៈ សន្និសីទ សារព័ត៌មាន របស់នគរបាល និងកងរាជអាវុធហត្ថ បានបង្ហាញថា សមត្ថកិច្ចយកចិត្តទុកដាក់បង្ក្រាប បទល្មើសផ្សេងៗ ដើម្បីរក្សា សន្តិសុខ សង្គម បើទោះបីការបង្ក្រាបនោះ នៅមានកម្រិតក៏ដោយ។ ដូច្នេះហើយ ទើបមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅ លើកទឹកចិត្តឲ្យសមត្ថកិច្ច នគរបាល និងកងរាជអាវុធហត្ថ យកចិត្តទុក ដាក់ថែមទៀត ក្នុងការបង្ក្រាបបទល្មើសចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ ក្រុមជនសង្ស័យចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព។

 គួរបញ្ជាក់ដែរថា ប្រជាពលរដ្ឋនៅខេត្តកណ្ដាលបានគាំទ្រយ៉ាងពេញទំហឹង ទៅលើសមត្ថកិច្ចនគរបាល ខេត្តកណ្ដាល ដែលអាចវែកមុខក្រុមចោរ ប្លន់ប្រដាប់អាវុធ យកទៅផ្ដន្ទាទោស តាមច្បាប់ជាបន្តបន្ទាប់ ដើម្បីរក្សា សន្តិសុខជូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ក៏មានការគាំទ្រ យ៉ាងខ្លាំងក្លា ដល់សមត្ថកិច្ចក្នុង ការវែកមុខ ក្រុមចោរប្លន់ប្រដាប់អាវុធផងដែរ ព្រោះកន្លងមក ក្រុមចោរទាំងនោះហើយ ដែលជាអ្នកបំផ្លាញ សន្តិសុខសង្គម។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានអំពាវនាវឲ្យសមត្ថកិច្ច លុបបំបាត់អំពើចោរកម្ម គ្រឿងញៀន និងល្បែងស៊ីសងជាប្រចាំ ព្រោះបទល្មើសទាំងនេះហើយ ដែលជាមូលហេតុ ធ្វើឲ្យប៉ះពាល់សន្តិសុខសង្គម ។ ក្នុងនោះ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ត្រូវយក ចិត្តទុកដាក់អនុវត្តន៍ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ដើម្បីជួយឲ្យប្រជាពលរដ្ឋ ទូទៅអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដោយគ្មានការភ័យខ្លាច។

 ថ្មីៗនេះ សមត្ថកិច្ចនៅក្នុងខេត្តព្រះសីហនុ បានបង្ក្រាបក្រុមជនសង្ស័យចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងក្រុមជនសង្ស័យជាចោរប្លន់ ប្រដាប់អាវុធជាច្រើននាក់។ ចំណាត់ការរបស់សមត្ថកិច្ចនគរបាល និងកង រាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើឲ្យប្រជាពលរដ្ឋទូទៅ គាំទ្រយ៉ាងខ្លាំងក្លា ហើយសង្ឃឹមថា បទល្មើសផ្សេងៗ នឹងមានការថយចុះជាមិនខាន។ ជាមួយគ្នានេះដែរ សមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ជាដើម បានបង្ក្រាបក្រុមជនសង្ស័យជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ជាច្រើននាក់ និងរឹបអូសវត្ថុតាង យ៉ាងច្រើនផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដា ខេត្តនានា ធ្វើឲ្យប្រជាពលរដ្ឋសង្ឃឹមថា បទល្មើសផ្សេងៗ នឹងមានការថយចុះយ៉ាងឆាប់រហ័ស ហើយសន្តិសុខ សង្គម នឹងមានភាពប្រសើរឡើងវិញ។ ការលុបបំបាត់ល្បែងស៊ីសង អំពើចោរកម្ម និងបទល្មើសគ្រឿងញៀន នៅក្នុងដំណាក់កាលនេះ គឺជាប្រការចាំបាច់បំផុត ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់លើ សមត្ថកិច្ច។

នៅចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ អំពើប្លន់ប្រដាប់អាវុធ បានរាលដាលយ៉ាងពេញបន្ទុក ទាំងនៅក្នុងរាជ ធានីភ្នំពេញ និងបណ្ដាខេត្តនានា ដូចជា ខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ កណ្ដាល កំពត កោះកុង ព្រៃវែងជាដើម ។ ចំណែកបទល្មើសគ្រឿងញៀន ក៏រាលដាលយ៉ាង ពេញបន្ទុកដែរ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ហេតុនេះហើយ ទើបប្រជាពលរដ្ឋលើកឡើងថា ពេលណាទើបចោរប្លន់ប្រដាប់ អាវុធ និង បទល្មើសគ្រឿងញៀន មានការថយចុះ? មន្ទិលរបស់ប្រជាពលរដ្ឋបែបនេះ គឺដោយសារតែបទល្មើសផ្សេង មិនទាន់មានការថយចុះនៅ ឡើយ ។ ជាងនេះទៅទៀត សូម្បីតែមន្ត្រីនគរបាល និងមន្ត្រីយោធាជាដើម ក៏ត្រូវរង គ្រោះដោយសារក្រុមចោរប្លន់ជាញឹកញាប់ដែរ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋសាមញ្ញ កាន់តែមាន ការភ័យខ្លាច ចំពោះបញ្ហាអសន្តិសុខសង្គម។ ហេតុនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបង្ក្រាប ក្រុមចោរប្លន់ ប្រដាប់អាវុធ បង្ក្រាបបទល្មើសចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ឡើងវិញផងដែរ៕