យុវជន ផង់ សីហា ដែលបង្ហោះសារ គំរាមសម្លាប់បណ្ឌិត សុខ ទូច អាចនឹង ដោះលែងក្នុងពេលឆាប់ៗ ក្រោយអនុវត្តទោស ៦ខែ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស យុវជន ផង់ សីហា ដែលបាន បង្ហោះសារក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក គំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ដាក់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យប្រាក់ ១លានរៀល។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ផង់ សីហា ដាក់ពន្ធនាគាររយៈពេល ១៨ខែ តែអនុវត្តទោសត្រឹម ៦ខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃចាប់ខ្លួន ក្នុងនោះចៅក្រមក៏បាន ពិន័យប្រាក់ជនជាប់ចោទ ១លានរៀល ផងដែរ ពីបទគំរាមកំហែង ថានឹងសម្លាប់ តាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ។

យោងតាមសាលក្រម ប្រកាសផ្តន្ទាទោស ជនជាប់ចោទ ផង់ សីហា និងត្រូវដោះលែងឲ្យនៅក្រៅ ឃុំក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នេះក្រោយពីជនជាប់ចោទរូបនេះ អនុវត្តទោសចាប់តាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ រហូតមកទល់បច្ចុប្បន្ន។

យុវជន ផង់ សីហា អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រៃកន្ទ្រង់ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបាន នគរបាល សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួន នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីយុវជនរូបនេះ បានឆ្លងដែនពីប្រទេសថៃ ចូលក្នុងទឹកដីកម្ពុជា ក្រោយពីបាន សរសេរ និងបង្ហោះរូបភាព តាមបណ្តាញសង្គមហ្វេសបុក  មានខ្លឹមសារប្រមាថអាយុជីវិត លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា។ នៅដំណាក់កាល សមត្ថកិច្ចឃាត់ខ្លួន ជនជាប់ចោទ ផង់ សីហា បានសារភាពថា ពិតជាបានបង្ហោះសារ មានរូបភាពគំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច ដោយប្រើតាមទូរស័ព្ទដៃ ប្រាកដមែន។

ការជាប់ខ្លួន យុវជន ផង់ សីហា សមត្ថកិច្ចបានរាយការណ៍មកថា គឺបន្ទាប់ពីមានកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលថៃ ជនសង្ស័យ ត្រូវបានបណ្ដេញចេញ ពីប្រទេសថៃ ដោយសារជននេះ បានរស់នៅ និងធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវនគរបាលកម្ពុជា ឃាត់ខ្លួននៅចំណុចព្រំដែន ប៉ោយប៉ែត តែម្ដង ៕

យុវជន ផង់ សីហា ដែលបង្ហោះសារ គំរាមសម្លាប់បណ្ឌិត សុខ ទូច អាចនឹង ដោះលែងក្នុងពេលឆាប់ៗ ក្រោយអនុវត្តទោស ៦ខែ

យុវជន ផង់ សីហា ដែលបង្ហោះសារ គំរាមសម្លាប់បណ្ឌិត សុខ ទូច អាចនឹង ដោះលែងក្នុងពេលឆាប់ៗ ក្រោយអនុវត្តទោស ៦ខែ