​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

​កណ្តាល: កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ ពីបទ រំលោភ​លើ​ទំនុកចិត្ត​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅផ្ទះ​ជួល ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ ភួង សុខ​រាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ  មាន​ស្រុកកំណើត នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ  បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ បើកបរ​រថយន្ត​។

​ជនសង្ស័យ ឈ្មោះ យ៉ែម លី​ហួរ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​សម្ភារៈ​បាត់បង់​៖ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០០៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1L-7464 លេខ​ម៉ាស៊ីន ND125
ME 806980​លេខ​តួ 125M 80069803 ។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនសង្ស័យ ស្នាក់នៅ​បន្ទប់​ជួល ជាប់​គ្នា​។ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ បាន​ខ្ចី​ម៉ូតូ​ជនរងគ្រោះ ដោយ​
​ប្រាប់ថា ទៅ​ទិញ​បបរ​ហូប រួចហើយ​យក​ម៉ូតូ​ទៅ​បាត់​។ លុះ​មកដល់​ថ្ងៃទី​២២ ខែកុម្ភ​: ឆ្នាំ​២០១៦ វេលា​ម៉ោង ៣​និង​៣០​នាទី រសៀល ជនរងគ្រោះ បានឃើញ ជនសង្ស័យ មកដល់​ផ្ទះជួល ក៏បាន​ឃាត់ខ្លួន និង​នាំ​ជនសង្ស័យ មក​ប្រគល់ ជូន​សមត្ថកិច្ច ដើម្បី​ជួយ​រក​យុត្តិធម៌ ។​

​តាម​ចម្លើយសារភាព​របស់ ជនសង្ស័យ បាន​ឆ្លើយថា ម៉ូតូ ដែល​ខ្លួន​ខ្ចី​នោះ យកទៅ​បញ្ចាំ នៅ​កន្លែង​ជាង​ជួសជុល​ម៉ូតូ ឈ្មោះ លី ភេទ​ប្រុស​នៅ​ភូមិ​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្តកំពត ក្នុងតម្លៃ ១០០ ដុល្លារ លុះ​មកដល់​ថៃ្ង​ទី​២៣ ខែកុម្ភ​: ឆ្នាំ​២០១៦ កម្លាំង​ជំនាញ បាន​នាំ​ជន​​សង្ស័យ​ទៅរក​ជាង ឈ្មោះ​លី​។ ពេល​ដល់​គោលដៅ ដែល​ជនសង្ស័យ​ប្រាប់ នោះ ពុំមាន​ជាង​ឈ្មោះ លី នេះ​ទេ​។ ជនសង្ស័យ ប្រាប់ថា និយាយ​ភូត​សមត្ថកិច្ច​ប៉ុណ្ណោះ ជាក់​សែ្ត​ង​លក់​តាមផ្លូវ ឲ្យ​មនុស្ស​ឈ្មោះ លី មិន​ស្គាល់​ទីលំនៅ ពិតប្រាកដ​ឡើយ​។ ក្រោយពេល​សាកសួរ​រួច ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕V​/S

​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​