​ប៉ូលិស​ក្របួច​ក្មេង​ទំនើង​១៧​នាក់ បន្ទាប់ពី​កាប់​ចាក់​គ្នា នៅលើ​សួនច្បារ​សម្ដេច ស ខេង

បាត់ដំបង​: ក្មេង​ទំនើង​២​ក្រុម​បានធ្វើ​សកម្មភាព ដេញ​កាប់​ចាក់​គ្នា​ទាំង​កណ្ដាលអធ្រាត្រ នៅលើ​សួនច្បារ​សម្ដេច ស ខេង បង្ក​ឲ្យ​មាន​​ភាពអនាធិបតេយ្យ ពេញ​ផ្លូវ​សាធារណៈ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ឃាត់ខ្លួន បាន​១៧​នាក់ ក្នុងចំណោម​ជាង ៣០ នាក់ កាលពី​វេលា​ម៉ោង ១ និង​៤០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​

​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​បាន​ចំនួន​១៧​នាក់​នោះ ខណៈ​ពួកគេ​កំពុង​ដេញ​កាប់​ចាក់​គ្នា យ៉ាង​ប្រសេចប្រសាច រត់​ពេញ​សួនច្បារ ទាំង​កណ្ដាលអធ្រាត្រ​។

​មន្ត្រី​ដដែល​និយាយថា ក្មេង​ទំនើង​ទាំង​២​ក្រុម​នោះ មាន​គ្នា​ប្រហែល​ជាង​៣០​នាក់ ហើយ​ចំណោម ១៧​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន គឺមាន​មួយចំនួន រងរបួស​ប៉ោង​ភ្នែក និង​ខ្លះ​របួស​លើ​រាងកាយ​បន្តិចបន្តួច​ដែរ ។​

​ក្រុម​នេះ​ទើប​ចេញពី​ក្លិប​កំសាន្ត រួច​ជិះ​ម៉ូតូ​មក​ឈប់ នៅ​សូន​ច្បារ​សម្ដេច ស ខេង ហើយ​បើកឆាក​ប្រយុទ្ធ​គ្នា ផ្អើល​ពេញ​សួន​តែម្ដង​។ ក្រោយពេល​ត្រូវ​ឃាត់ខ្លួន​បញ្ជូន ដល់​ស្នងការ​ខេត្ត ក្រុម​ជន​អន្ធពាល ទាំង​២​ក្រុម សុទ្ធតែ​បាន​ឆ្លើយ​យក​ត្រូវ​រៀងៗ​ខ្លួន​។

​ភាគី​ម្ខាង​ដែលមាន​បក្ខពួក​ជិត ១០​នាក់ បាន​អះអាងថា ពួកខ្លួន​ត្រូវ​ភាគី​ម្ខាង​ដែលមាន​គ្នាច្រើន ជិះ​ម៉ូតូ​មក​វ៉ៃ ទាំង​កំរោល ខណៈ​ពួកគេ​កំពុង​អង្គុយលេង​លើ​សួនច្បារ ។

​រីឯ​ភាគី​មាន​គ្នាច្រើន​វិញ បាន​ឆ្លើយ​បែប​ចង់​ដោះ​បន្ទុក​ថា មកពី​ក្រុម​នោះ តាម​វាយ​ពួកខ្លួន​មុន ពេល​ពួកគេ ចេញពី​ក្លិប​រាត្រី​។​

​ប៉ុន្តែ​បើតាម​សមត្ថកិច្ច បាន​និយាយថា ជន​អន្ធពាល​ទាំង​២​ក្រុម​នេះ គ្មាន​ភាគី​ណាមួយ ជា​ជនរងគ្រោះ​ទេ គឺ​សុទ្ធតែជា​ក្រុម​ជនល្មើស​ដូចគ្នា ។ សមត្ថកិច្ច​បន្តថា បើតាម​ការសួរនាំ គឺ​ជន​ទំនើង​ទាំង ២ ក្រុម​នេះ សុទ្ធតែ​ធ្លាប់​វាយ​គ្នា​ទៅវិញទៅមក ហើយ​ការ​ប៉ះ​ប្រយុទ្ធ​គ្នា នៅលើ​សួនច្បារ កណ្ដាល​អា​ធ្រា​ត្រ​នេះ គឺជា​ការ​តាម​សងសឹក​គ្នា ដែល​ពួកគេ​ធ្លាប់​ប៉ះ​ទ​ង្កិ​ច​គ្នា នាពេល​កន្លងមក​។ ដូច្នេះ​ជន​ទាំង​២​ក្រុម​នេះ គ្មាន​ភាគី​ណាមួយ ជា​ជនរងគ្រោះ​ទេ បើទោះជា​មាន​អ្នករងរបួស​ក្ដី​។​

​មន្ត្រី​ជំនាញ​បានបញ្ចប់​ការសួរនាំ ក្រុម​ក្មេង​ទំនើង​ទាំង ១៧ នាក់​នេះហើយ តែ​កំពុង​រង់ចាំ​គោលការណ៍ របស់លោក​ស្នងការ តែប៉ុណ្ណោះ តើ​ត្រូវធ្វើ​ការអប់រំ​ឬ​ត្រូវ​កសាង​សំណុំរឿង បញ្ជូន​ពួកគេ​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕V​/S

​ប៉ូលិស​ក្របួច​ក្មេង​ទំនើង​១៧​នាក់ បន្ទាប់ពី​កាប់​ចាក់​គ្នា នៅលើ​សួនច្បារ​សម្ដេច ស ខេង

​ប៉ូលិស​ក្របួច​ក្មេង​ទំនើង​១៧​នាក់ បន្ទាប់ពី​កាប់​ចាក់​គ្នា នៅលើ​សួនច្បារ​សម្ដេច ស ខេង