ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ដឹក​អង្ករ​១​គ្រឿង បាន​ធ្វើ​ឱ្យ​កៅស៊ូ​ក្រាល​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ត្សឹ​បា​សា ផុង​របើក​អស់​១​ផ្ទាំង​ធំ​ដោយ​សារ​តែ​រថយន្ត​នោះ​ដាច់​កាឡេ​រអិល​ថយក្រោយ​ហើយ​ម្ចាស់​រថយន្ត​ព្យាយាម​យក​កំណល់​មក​កល់​កង់​ធ្វើ​ឱ្យ​កំណល់​ផុង​ស្រុត​លិច​ចូល​ក្នុង​កៅស៊ូ​ក្រាល​ស្ពាន​កាលពី​វេលា​ម៉ោងជាង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​លើ​ស្ពាន​ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ក្នុង​ទឹកដី​ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

រថយន្ត​យី​ឌុ​ប​១​គ្រឿង​នេះ ពាក់​ស្លាក​លេខ​តាកែវ 3A-1743 បាន​ផ្ទុក​អង្ករ​ប្រមាណ​ជា​៦០​តោន​ដែល​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា អង្ករ​ទាំងនេះ​ត្រូវ​បាន​គេ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក្នុង​គោលដៅ​ដឹក​ទៅ​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ស្រុក​ពាមរ​ក៍បាន​ប្រាប់​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​រថយន្ត​នេះ​ឡើង​ស្ពាន​មិន​រួច តែ​ប្រឹង​រោទ៍​ឡើង​រហូត​ដល់​ដាច់​កាឡេ​នេះ គឺ​ដោយសារ​តែ​រថយន្ត​ផ្ទុក​ទម្ងន់​ច្រើន​ពេក​លើស​កម្លាំង​មា​៉​សី​ុ​ន​ជា​ហេតុ​នាំ​ឱ្យ​រថយន្ត​ដាច់​កាឡេ​ក៏​រអិល​ថយក្រោយ​វិញ ពេល​នោះ​ព្រូឡាន​បាន​លោត​ចុះ​យក​កំណល់​មក​កល់​កង់​រថយន្ត តែ​ដោយសារ​រង​សម្ពាធ​ធ្ងន់​ពេក​ធ្វើ​ឱ្យ​ដុំ​កំណល់​នោះ​ផុង​លិច​ចូល​ទៅ​ក្នុង​កៅស៊ូ​ក្រាល​ស្ពាន​គាស់​របើក​កៅស៊ូ​អស់​១​ផ្ទាំង​ធំ ។ ភ្លាម​ៗ​នោះ​ខាង​ក្រុម​អ្នក​មើលថែ​ស្ពាន​បាន​មក​ពិនិត្យ និង​បាន​ហៅ​ម្ចាស់​រថយន្ត​ទៅ​ជួប​តម្រូវ​ឱ្យ​ជួសជុល​អ៊ុត​កៅស៊ូ​នោះ​ឡើង​វិញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​ត្សឹ​បា​សា គឺជា​ស្ពាន​ដ៏​ស្រស់​ស្អាត​និង​រឹង​មាំ​ល្អ​ដែល​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​ពី​ប្រជាជន​ជប៉ុន និង​ជា​ស្ពាន​ដែល​ល្អ​ដាច់​គេ​នៅ​ប្រទេស​កម្ពុជា ។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ទោះបីជា​ស្ពាន​នេះ​រឹង​មាំ​យ៉ាងណា​ក៏​ដោយ​លទ្ធភាព​ទ្រ​ទម្ងន់​របស់​វា​ក៏​នៅ​មាន​ដែន​កំណត់​ដែរ ដូច្នេះ​បើសិនជា​គេ​បណ្តោយ​ឱ្យ​រថយន្ត​ធ្ងន់​ៗ​បើក​ឆ្លងកាត់​ម៉ា​សេរី​ដូច​សព្វ​ថ្ងៃនេះ  មិនយូរ​មិនឆាប់​វា​ក៏​អាច​មាន​បញ្ហា​ផង​ដែរ​។

ដូច្នេះ​ហើយ​ទើប​បងប្អូន​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​ក្រសួង​សាធារណការ​ជួយ​ចាត់វិធានការ​ដាក់​ស្លាក​សញ្ញា​កំណត់​ទម្ងន់​នៅ​គល់​ស្ពាន​នេះ​ផង ដើម្បី​ថែរក្សា​ស្ពាន​នេះ​ឱ្យ​នៅ​គង់វង្ស​បាន​យូរអង្វែង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ធុន​ធ្ងន់​បច្ចុប្បន្ន​គឺជា​ការ​ដឹក​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ​ណាមួយ​នោះ​ទេ  ទាក់ទង​ដល់​ការ​ខូច​ផ្លូវ ឬ​ស្រុត​ស្ពាន ។ ក្រុម​មន្ត្រី​បានឱ្យ​ដឹង​ថា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ចាប់ពី​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​មក​ដល់​ស្ពាន​ត្សឹ​បា​សា​នេះ មាន​កន្លែង​ថ្លឹង​រថយន្ត​នៅ​ជី​ភូ​ក្នុង​ខេត្តស្វាយរៀង តែ​រថយន្ត​ដឹក​លើស​ចំណុះ​រហូត​ឡើង​ស្ពាន​មិន​រួច​នេះ​មិន​បាន​ដឹក​ចេញពី​ច្រក​ទ្វារ​បា​វិត​នោះ​ទេ តែ​ដឹក​ចេញពី​ច្រក​ទ្វារ​បន្ទាយ​ចក្រី ស្ថិត​ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង ហើយ​ក៏​គ្មាន​ទីតាំង​ថ្លឹង​រថយន្ត​ដែរ រហូត​ឆ្លងស្ពាន​មក​ត្រើយ​ខាងលិច​ទើប​មាន​ទីតាំង​ថ្លឹង​រថយន្ត​មួយ​កន្លែង​ក្នុងស្រុក​លើក​ដែក ខេត្តកណ្តាល តែ​មិន​ច្បាស់​នោះ​ទេ​ថា ប្រសិនបើ​រថយន្ត​យី​ឌុ​ប​នេះ​ឆ្លងស្ពាន​ដោយ​សុវត្ថិភាព​នោះ​ហើយ អាច​ឆ្លង​ផុត​ពី​កន្លែង​ថ្លឹង​រថយន្ត​នេះ​ឬ​បែប​ណា​ទេ ។

មតិ​មហាជន​មួយ​ចំនួន​ដោយសារ​តែ​មានការ​បារម្ភ​ពី​ស្ពាន​ដ៏​ស្រស់​ល្អ​នេះ អ្នកខ្លះ​និយាយ​ថា តើ​គប្បី​ឱ្យ​រថយន្ត​ធុន​ធ្ងន់​ដឹក​ជញ្ជូន​ឆ្លងកាត់​ស្ពាន​បែប​នេះ​រហូត​ទៅ​ឬ ? យក​ល្អ​គួរតែ​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ រថយន្ត​កុងតឺន័រ​ធំ​ៗ​ឆ្លងសាឡា​ង​វិញ​ទៅ​ក៏​ល្អ​ដែរ ។