តើ​អ្នក​កាសែត​ស្រី ​ជួប​ការ​លំបាក​អ្វី​ខ្លះ ​នៅ​ក្នុង​អាជីព​សព្វថ្ងៃ?


តើ​អ្នក​កាសែត​ស្រី ​ជួប​ការ​លំបាក​អ្វី​ខ្លះ ​នៅ​ក្នុង​អាជីព​សព្វថ្ងៃ?

ខណ:​ដែល​នៅ​កម្ពុជា​បុរស​មាន​ចំនួន​ច្រើន​លើសលប់​នៅក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​ ដែល​មាន​បេសកកម្ម​ស្វែងរក​ការពិត​នៅ​ក្នុង​សង្គម​នោះ ស្ត្រី​ដែល​បាន​ចាប់​យក​អាជីព​ជា​អ្នកសារព័ត៌មាន​បាន​អោយ​ដឹង​ថា​ ពួកគេ​បាន​ជំនះ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ដើម្បី​ប្រឡូក​នៅ​ក្នុង​ការងារ​មួយ​ដែល​ផ្នត់គំនិត​ឪពុកម្តាយ​ជាច្រើន​នោះ​នៅតែ​គិតថា​សមតែ​ជា​ការងារ​សម្រាប់​បុរស។

 
តើ​អ្នក​កាសែត​ស្រី ​ជួប​ការ​លំបាក​អ្វី​ខ្លះ ​នៅ​ក្នុង​អាជីព​សព្វថ្ងៃ?

 

កញ្ញា ខ​ន​ ចំប៉ា​ អាយុ ២៣ឆ្នាំ បច្ចុប្បន្ន ជា​អ្នកយកព័ត៌មាន​របស់​វិប​សាយថ្មី។ នាង បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកយកព័ត៌មាន​តាំងពី​ឆ្នាំ ២០១១ ដោយ​ធ្វើ​ការ​អោយ​អង្គការ​កុមារ​កំព្រា​មួយ។ ចំប៉ា​បាន​និយាយថា​ នាង​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​មុន​ពេល​ និង​ក្នុង​អំឡុង​ពេល​ធ្វើ​ការងា​រ​ជា​អ្នកសារព័ត៌មាន​នេះ។ នាង​បាន​និយាយ​ថា​នាង​ត្រូវ​ជម្នះ​នឹង​សង្គម​មួយ​ដែល​នៅ​មាន​ផ្នត់គំនិត​ចង្អៀត​នៅឡើយ​សម្រាប់​មនុស្ស​ស្រី​ព្រមទាំង​ការរើសអើង​ពី​មនុស្ស​ប្រុស។ ចំប៉ា​បាន​ពន្យល់​ថា​ឧទាហរណ៍ ពេល​ដែល​នាង​ត្រូវ​ចុះ​យក​ព័ត៌មាន​នៅ​តាម​ខេត្ត​ ដែល​ឆ្ងាយ​អំពី​ផ្ទះ​នោះ អ្នកជិតខាង​ខ្លះ​បាន​រិះគន់​ថា “ខ្លួន​ជា​ស្រី​សោះ​ធ្វើ​អី​ការងារ​បែបនេះ។ ដើរ​ឆ្ងាយ​ដូច្នេះ​មិន​ខ្លាច​អី​ទេ​មើលទៅ។ មិន​ព្រម​ទៅ​ធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន​ធនាគារ​អី​វិញ​វា​ល្អជា​ជាង។ ការងារ​ជា​អ្នកកាសែត​ទុក​ឲ្យ​ប្រុស​គេ​ធ្វើទៅ។

 

ចំប៉ា​បាន​និយាយទៀត​ថា សូម្បីតែ​នៅ​ក្នុង​កន្លែងធ្វើការ​និង​ពេល​ចុះ​សម្ភាសន៍ នាង​បាន​ប្រឈម​នឹង​ការ​លែបខាយ​ពាក្យ​សម្តី​មិន​សមរម្យ​មួយ​ចំនួន​ផង​ដែរ។
 
ចំប៉ា​បាន​ពន្យល់​ថា នាង​មិន​ចុះចាញ់​នឹង បញ្ហា​ទាំង​នោះ​ឡើយ​ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​តែ​ទៅលើ​ការងារ​របស់​នាង​ដើម្បី​ស្វែងរក​ព័ត៌មាន​ជូន​សាធារណជន។
 
ទោះបីជា​យ៉ាងណាក្ដី ចំប៉ា​ បាន​សំណូមពរ​ថា គេ​គួរតែ​បញ្ឈប់​ការរើសអើង​ចំពោះ​អ្នកសារព័ត៌មាន​ស្រី​ហើយ​ផ្ដល់​តម្លៃ​ឲ្យ​ស្ត្រី​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ស្រឡាញ់​នឹង​អាជីព​ជា​អ្នកសារព័ត៌មាន​នេះ។

 
តើ​អ្នក​កាសែត​ស្រី ​ជួប​ការ​លំបាក​អ្វី​ខ្លះ ​នៅ​ក្នុង​អាជីព​សព្វថ្ងៃ?

 

កញ្ញា​សុភ​គៈ​នារី​វ័យ ២៦ ឆ្នាំ ជា​អ្នកយកព័ត៌មាន​អោយ​វិទ្យុ បាយ័ន​វិញ បាន​និយាយ​ថា មុននឹង​នាង​អាច​ចាប់​យក​អាជីព​ជា​អ្នកយកព័ត៌មាន​នេះ ឪពុក-ម្ដាយ​របស់​នាង​បាន​បដិសេធ​ហើយ​ប្រាប់​នាង​អោយ​ជ្រើស​រើស​យក​អាជីព​ជា​គ្រូបង្រៀន​វិញ ដោយ​ពួកគាត់​និយាយ​ថា​ ការងារ​ជា​អ្នកកាសែត​នឹង​ត្រូវ​ដើរ​ឆ្ងាយ ជួបប្រទះ​បញ្ហា​ច្រើន និង​នឿយហត់។ ប៉ុន្តែ​នាង​បាន​ពន្យល់​ពួកគាត់​អំពី​ចំណូលចិត្ត​របស់​នាង​ដែល​ចង់​ធ្វើជា​អ្នកកាសែត។ ទីបំផុត​ពួកគាត់​ក៏បាន​យល់ព្រម។

 

កញ្ញា​បាន​និយាយ​បន្ថែម​ទៀត​ថា ជាការ​ពិត​ការ​បំពេញ​ការងារ​ជា​អ្នកសារព័ត៌មាន​ពិតជា​មានការ​លំបាក​មែ​ន​សម្រាប់​នាង។ នាង​បាន​ពន្យល់​ថា ក្នុង​អាជីព​ជា​អ្នកកាសែត​ស្រី រយ:ពេល​បី​ឆ្នាំ​មកនេះ ពេលខ្លះ​នាង​ត្រូវ អង្គុយ​រង់ចាំ​ទទួល​ព័ត៌មាន​ក្រោម​ពន្លឺ​ថ្ងៃ​ចុះទៅ​ទីកន្លែង​ឆ្ងាយ​ហើយ​ពេលខ្លះ​ត្រូវ​អង្គុយចាំតែ​យក​ព័ត៌មាន​អត់​បាន​ញំា​បាយ​ក៏​មាន​ដែរ។

 

សុភគ: នារី និយាយថា “ទោះបីជា​លំបាក​យ៉ាងណាក្ដី ខ្ញុំ​សប្បាយចិត្ត ពីព្រោះ ខ្ញុំ​បាន​ធ្វើ​ការងារ​មួយ​ដែល​ខ្ញុំ​បាន​ដាក់​គោលដៅ​តាំងពី​ពេល​នៅ​កុមារភាព​មក។
 

ដោយសារតែ​សម្ពាធ​គ្រួសារ សង្គម និង​កន្លែងធ្វើការ​នោះ គេ​សង្កេត​ឃើញថា​ មានតែ​ស្ត្រី​កម្ពុជា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ បាន​ចាប់​យក​អាជីព​ជា​អ្នកយកព័ត៌មាន​នេះ​ ដោយ​ផ្ទុយ​ពី​ចរន្ត​នៅ​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​ និង​វៀតណាម​ ជាច្រើន ដែល​គេ​សង្កេតឃើញ​ថា ​មាន​មនុស្ស​ស្រី​ជាច្រើន​បាន​បំពេញការងារ​ជា​អ្នកសារព័ត៌មាន៕

 
តើ​អ្នក​កាសែត​ស្រី ​ជួប​ការ​លំបាក​អ្វី​ខ្លះ ​នៅ​ក្នុង​អាជីព​សព្វថ្ងៃ?

 

អត្ថបទ និង រូបថត៖ ឡេង ឆរ​លីដា