អូបាម៉ា៖ មន្ទី​ឃុំឃាំង​នៅ​ឆកសមុទ្រ Guantanamo ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ

អូបាម៉ា៖ មន្ទី​ឃុំឃាំង​នៅ​ឆកសមុទ្រ Guantanamo ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ

លោក​បារាក់អូបាម៉ា​ពិភាក្សា​គម្រោងរដ្ឋបាល​ដើម្បី​បិទ​គុកយោធា​ Guantanamo ខណៈពេល​លោក​កំពុង​ថ្លែង​នៅឯសេតវិមានរដ្ឋធានី​ វ៉ាស៊ីនតោន ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៦

លោក​ប្រធានាធិបតី​ស.រ.អ.បារ៉ាក់អូបាម៉ា​ បាន​គ្រោង​ចំណុច​សំខាន់ៗ​នៃ​ផែនការ​រដ្ឋបាល​របស់​លោក​សម្រាប់​ការ​បិទ​មជ្ឈមណ្ឌល​ឃុំឃាំង​យោធា​នៅ​ឆកសមុទ្រ​ Guantanamo ប្រទេសគុយបា ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​កន្លែង​ឃុំឃាំង​នេះ «មិនជំរុញ​សន្តិសុខ​ជាតិ​របស់យើងទេ វា​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​មិនល្អ​ដល់​សន្តិសុខ​ជាតិ​របស់យើង។»

លោកអូបាម៉ា​បាន​សួរ​នៅ​សេតវិមាន​បន្ទាប់​ពី​ក្រសួង​ការពារ​ជាតិ​ស.រ.អ.ប្រគល់​ផែនការ​នេះជូន​សភា​ស.រ.អ.កាល​ពី​ថ្ងៃ​អង្គារថា «ប្រសិនបើ​ ក្នុងឋានៈជា​ប្រទេសជាតិ​មួយ យើង​មិន​ដោះស្រាយ​បញ្ហា​នេះ​នៅ​ពេលនេះ​ តើ​យើង​នឹង​ដោះស្រាយ​បញ្ហា​នេះនៅ​ពេលណា?» លោកបាន​អំពាវនាវ​ដល់​សភា​ឲ្យ​នៅលើ​ »ផ្នែក​ត្រឹមត្រូវនៃ​ប្រវត្តិសាស្ត្រ» ហើយ​លោក​បាន​សុំ​ដល់​ប្រទេស​ជាតិ​ឲ្យ​ធ្វើ​តាម «មេរៀន» កាលពី​១៥​ឆ្នាំ​កន្លងទៅនេះ។​

ពួក​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​រួច​ស្រេច​ហើយ​លើ​សំណើ​របស់​មន្ទីរ​បញ្ចកោណ​អាមេរិក។​

លោក Paul Ryan ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក​បាន​និយាយ​ថា «សភា​គ្មាន​ការ​ភ័ន្តច្រឡំទេ។​សេចក្តី​ស្នើនេះ​ប្រឆាំង​នឹង​ច្បាប់​ ហើយ​វា​នឹងនៅ​តែ​ជំទាស់នឹង​ច្បាប់​ក្នុង​ការ​ផ្ទេរ​ជន​ជាប់ឃុំឃាំង​ដែល​ជា​ភេរវជន​យក​មក​ដាក់​លើដី​អាមេរិក​។ យើង​នឹង​មិន​ធ្វើ​ឲ្យ​មាន​អន្តរាយ​ដល់​សន្តិសុខ​ជាតិយើង​ដោយសារ​តែ​ការ​សន្យាមួយ​នៅ​ពេល​ឃោសនា​បោះឆ្នោតទេ។»

លោក Michael McCaul ប្រធាន​គណៈ​កម្មាធិការ​សន្តិសុខ​មាតុភូមិ​នៃ​សភា​តំណាង​រាស្ត្រអាមេរិក​បាន​និយាយ​បន្ថែមថា «យើង​កំពុង​មាន​សង្គ្រាម​ ក៏​ប៉ុន្តែ​លោក​ប្រធានាធិបតី​យក​ចិត្ត​ទុក​ដាក់​ច្រើន​លើ​ការផ្ទេរ​និង​ការ​ដោះលែង​យុទ្ធជន​សត្រូវ​ជាង​ការ​ឃុំឃាំង​ពួក​យុទ្ធជន​សត្រូវថ្មីៗ។»

តែទោះជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មន្ត្រី​ជាន់ខ្ពស់​ម្នាក់នៃ​រដ្ឋបាលអាមេរិក​បាននិយាយ​ថា​ការបិទ​គុកនេះ​ជាអាទិភាព​មួយខាង​សន្តិសុខជាតិ​ដោយ​លោក​បានថ្លែង​បន្ថែមថា​កន្លែងឃុំឃាំង​នេះ​បាន​«បំផុសគំនិត» ដល់ក្រុមសកម្មជនជីហាដ​ហើយ​បាន​ទុកជា​ឧបករណ៍​មួយ​សម្រាប់​ជ្រើសរើស​ពួកភេរវជន៕