ក្រសួង​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​លើ​ឧកញ៉ា​២​នាក់ ដែល​កាប់​រាន​ដីព្រៃ​រដ្ឋ​នៅ​ខេត្តក្រចេះ

​រហូតមកដល់​ពេលនេះ អ្នកមាន​លុយ អ្នកមានអំណាច នៅតែ​បន្តសកម្មភាព​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​របស់​រដ្ឋ ដើម្បី​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​អាចមាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ៥៤៥​គ្រួ​សារបាន​ផ្ដិតមេដៃ​ប្ដឹង​ឧកញ៉ា​២​រូប​និង​អ្នកមានអំណាច អ្នកមាន​លុយ​មួយចំនួន ពីបទ​កាប់​រាន​ដីព្រៃ​របស់​រដ្ឋ​ទៅ​សាលាដំបូង​ខេត្តក្រចេះ​។ ប្រជាពលរដ្ឋ​បាន​ជំរុញ​ឲ្យ​ឧកញ៉ា​ទាំង​២​នាក់​នោះ ព្រមទាំង​អ្នក​ជាប់​ពាក់ព័ន្ធ​ទទួលខុសត្រូវ​ចំពោះ​មហន្តរាយ​ព្រៃស្រោង​ជាង​៣០០០​ហិកតា​ដែល​បច្ចុប្បន្ន​ក្លាយទៅជា​ទីវាល​ល្វឹងល្វើយ និង​ជា​ដី​កម្មសិទ្ធិ​របស់​ឯកជន​រួចទៅហើយ​។

​ប្រភពពី​តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​ត្រៀម​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តក្រចេះ តាម​ការកោះហៅ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ហើយ​ពួកគាត់​បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឧកញ៉ា​ដែល​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ផងដែរ​។ តំណាង​ប្រជាពលរដ្ឋ​ដែលជា​ដើមបណ្ដឹង​បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​ភស្តុតាង​ច្បាស់លាស់​ជាក់លាក់​ទាក់ទិន​ទៅនឹង​ការកាប់​ទន្ទ្រាន​ព្រៃឈើ​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅក្នុង​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ​។ ប្រភពពី​តំណាង​ប្រជាពលរដ្ឋ​ដែលជា​ដើមបណ្ដឹង​បាន​ឲ្យ​ដឹងថា ឧកញ៉ា​ទាំង​២​រូប​ដែល​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នោះ គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា ប៊ុត ប៊ុន​អេង ហៅ​អេង​។ អ្នកភូមិ​បាន​ឲ្យ​ដឹងថា ព្រៃស្រោង​ទំហំ​៣២១០​ហិកតា​នៅ​តំបន់​អូរ​ស្ទឹង​ឡា នៃ​ឃុំ​ប្ញ​ស្សី​កែវ ត្រូវបាន​ឧកញ៉ា ខ្នា និង​ឧកញ៉ា អេង ព្រមទាំង​អ្នកមាន​លុយ អ្នកមានអំណាច កាប់​គាស់​ឈូសឆាយ​ព្រៃឈើ​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នៅ​ឃុំ​ប្ញ​ស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​និង​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ផងដែរ​។ កន្លងមក​បទល្មើស​ដែល​កើតឡើង​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ដឹង​យ៉ាងច្បាស់​ប៉ុន្តែ​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ លើស​នេះ​ទៅទៀត​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លាច​អំណាច​ឧកញ៉ា អេង និង​ឧកញ៉ា ខ្នា តែម្តង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃស្រោង ព្រៃ​ក្រាស់ នៅ​ឃុំ​ប្ញ​ស្សី​កែវ ដែលជា​ផ្នែក​មួយ​នៃ​ព្រៃ​ឡង់​ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​សត្វព្រៃ​ក៏ត្រូវ​វិនាស​ថែមទៀត​។ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ព្រែក​ប្រសព្វ​ជាបន្ទាន់ និង​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឧកញ៉ា​២​នាក់ ដែល​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នោះ​ផងដែរ​៕

lim-bun-na2ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ល្បីខាងបំផ្លាញព្រៃឈើ 37020459-8309-4fee-94b8-ba183ac4ddd2ឈើដែលឈ្មួញកាប់បំផ្លាញនៅក្នុងទឹកដីខេត្តក្រចេះកន្លងមក