ក្រុម​ជញ្ជីង​ថ្លឹង​លុយ​លើផ្លូវ​ជាតិ​លេខ​១​បណ្ដោយ​ឲ្យ​ឈ្មួញ​បំផ្លាញ​ស្ពាន​អ្នក​លឿង​យ៉ាង​កំរោល​

ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​១ ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង ចំនួន​៣​កន្លែង​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​មជ្ឈដ្ឋាន​នានា ដូច្នេះ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​ទាំងនោះ​ជាបន្ទាន់​។ ការរិះគន់​របស់​មហា​ជន​បាន​កើតឡើង​បន្ទាប់ពី​ស្ពាន​អ្នក​លឿង​(​ហ្សឹ​បា​សា​)​បាន​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​រថយន្ត​យី​ឌុប​ដឹក​អង្ករ​ចំណុះ​ជាង​៧០​តោន​១​គ្រឿង បាន​បើកបរ​ឆ្លងកាត់​ហើយ​ឡើង​ស្ពាន​មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ​និង​បាន​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​ទៀតផង​។ មហាជន​បាន​រិះគន់ថា មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១​ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​ការបំផ្លាញ​ស្ពាន​អ្នក​លឿង​ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​។

​ប្រជាពលរដ្ឋ​ទូទៅ​បាន​រិះគន់ថា នៅលើ​ផ្លូវជាតិ​លេខ​១​ពី​ភ្នំពេញ​ទៅ​ស្វាយរៀង មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹកទំនិញ​ចំនួន​៣​កន្លែង ប៉ុន្តែ​មហាជន​បាន​ហៅថា​ជា​ជញ្ជីង​ថ្លឹង​លុយ ដោយសារតែ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ​គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ ជាក់ស្តែង​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី​២២​ឆ្លង​ចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​ស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត​ក្នុង​ខេត្តព្រៃវែង មាន​រថយន្ត​យី​ឌុប​ដឹក​អង្ករ​១​គ្រឿង​ពាក់​ស្លាក​លេខ​តាកែវ​3A-1743​។ ថៅកែ​ម្ចាស់​រថយន្ត​នោះ​មានឈ្មោះ ចក់ និង​ចែ​មុំ នៅ​តំបន់​អ្នក​លឿង ហើយ​ក្នុង​រថយន្ត​នោះ​មាន​ផ្ទុក​អង្ករ​សរុប​ជាង​៧០​តោន បើកបរ​ឆ្លងកាត់​ស្ពាន​ហើយ​ឡើង​ស្ពាន​មិន​រួច​ក៏​រអិល​ថយក្រោយ​វិញ បណ្ដាល​ឲ្យ​បំផ្លាញ​សាច់​កៅស៊ូ​លើ​ស្ពាន​ខូចខាត​យ៉ាងដំណំ​។

មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា រថយន្ត​នោះ​ផ្ទុក​លើស​ទម្ងន់​ហេតុអ្វី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​ត្រួតពិនិត្យ ហើយ​ថែមទាំង​បណ្ដោយ​ឲ្យ​បើកបរ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​ដោយ​ខ្វះ​ការពិចារណា​។ មានការ​រិះគន់ថា ក្រុម​ជញ្ជីង​ថ្លឹង​លុយ​លើផ្លូវ​ជាតិ​លេខ​១​ចាប់ពី​ខេត្តស្វាយរៀង​មក​រាជធានី​ភ្នំពេញ ពួកគេ​គិតតែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ បំផ្លាញ​ស្ពាន យ៉ាង​មន្ត​រាយ​នោះឡើយ​។ ហេតុនេះ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ចាត់វិធានការ​ព្រមាន​លើ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១​ជាបន្ទាន់ ព្រោះ​ពួកគេ​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​បំផ្លាញ​ស្ពាន​អ្នក​លឿង​យ៉ាង​កំរោល​៕

1915290_1802022190025283_4375107173902732326_n 1598384_554500151307837_1208648169_nលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន 1000021_1802022176691951_7937344123969699409_n 12744316_1802022170025285_6703561385552204085_n