លោក ស៊ុន ថា​នី អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ធ្វើ​ហ្គា​រ៉ា​ស់​សាំង​រំលោភ​ចំណីផ្លូវ​សាធារណៈ​

​នៅក្នុង​សប្តាហ៍​នេះ​ប្រជាពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​រិះគន់​កាន់តែខ្លាំង​ឡើងៗ​លើ​លោក ស៊ុន ថា​នី អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ដែល​អាង​អំណាច​ធ្វើកា​រ៉ា​ស់​សាំង​រំលោភ​ចំណីផ្លូវ​លេខ​១៥៦D​មិន​ព្រម​រុះរើ​ចេញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក​អភិបាលរង​ស្រុក​មិន​ត្រឹមតែ​មិនបាន​ធ្វើជា​គំរូ​គេ​ក្នុងការ​អភិវឌ្ឍ​ផ្តល់​ផលប្រយោជន៍​រួម​នោះទេ តែ​បែរ​ធ្វើខ្លួន​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ ហើយ​គួរតែ​ត្រូវ​ដកចេញ​ពីមុខ​តំណែង​អភិបាលរង​ស្រុក​។​

ប្រជាពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​បាន​រិះគន់ថា បើ​ប្រជាពលរដ្ឋ​ធ្វើ​សំណង់​ផ្សេៗ​រំលោភ​ផ្លូវ​វិញ​ត្រូវបាន​អាជ្ញាធរ​ស្រុក​ចាត់ការ​គ្មាន​ការលើកលែង ឬ​យោគយល់​អ្វី​ឡើយ តែបើ​ប៉ះ​ខ្លួនឯង​បែប​ហ្នឹង​បែរជា​ធ្វើ​ដូច​មិនដឹង​ខ្លួន​។ ប្រជាពលរដ្ឋ​សុំអោយ​អភិបាលខេត្ត​ចាត់វិធានការ​ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ ព្រោះ​ផ្លូវ​បាននិងកំពុង​កសាង​ឲ្យ​បាន​រួចរាល់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។

​ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក វ៉ាត វីរៈ អភិបាលស្រុក​ព្រះនេត្រព្រះ បាន​បង្ហើប​ទាំង​ទើសទាល់​ថា នៅ​ស្រុក​ព្រះនេត្រព្រះ​នៅពេល​កំពុង​កសាង​ផ្លូវ​ប៉ះពាល់​ហ្គា​រ៉ា​ស​សាំង​១​កន្លែង​ធ្វើ​រំលោភ​ចំណីផ្លូវ​ដែលមាន​ទទឹងផ្លូវ​ប្រវែង​ជាង​១០​ម៉ែត្រ ព្រោះ​អ័ក្ស​ផ្លូវ​ប្រវែង​១៥​ម៉ែត្រ ហើយ​រហូតដល់​ពេលនេះ​មិនទាន់មាន​ការរុះ​រើចេញ​នៅឡើយ​ទេ​ដែល​នេះ​ជា​ឧបសគ្គ​ដល់​ការសាងសង់ ។​

​ប្រជាពលរដ្ឋ​ស្រុក​ព្រះនេត្រព្រះ​បាន​រិះគន់ថា ហ្គា​រ៉ា​ស់​សាំង​របស់លោក ស៊ុន ថា​នី អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ថែមទាំង​បានដាក់​ស៊ីទែន​សាំង​រំលោភ​លើ​ប្រឡាយទឹក​ស្អុយ​ដែល​អាជ្ញាធរ​គ្រោង​ស្ដារ​ប្រឡាយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​គប្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ខាងលើនេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ​។​

មន្ត្រី​បម្រើ​ការងារ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​មួយរូប​បាន​បង្ហើប​ថា រដ្ឋាភិបាល​បាន​កសាង​ផ្លូវ​ចាក់​កៅស៊ូ​ដែល​ត​ភ្ជាប់​ពី​រង្វង់​មូល​យាយជី​ច្រូតស្រូវ ក្នុងស្រុក​មង្គលបុរី ហើយ​ត​ភ្ជាប់​មក​ស្រុក​ព្រះនេត្រព្រះ ដែលជា​ប្រភេទ​ផ្លូវជាតិ​លេខ​១៥៦D ហើយ​កំពុង​កសាង​ជា​បណ្តើរៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រុមមន្ត្រី​របស់លោក​គ្រាន់​ជា​អ្នកបច្ចេកទេស​ធ្វើ​ផ្លូវ​ចំណែក​ការដោះស្រាយ​ផលប៉ះពាល់​ផ្សេងៗ​ទៀត​ជា​ភារកិច្ច​របស់​មន្ត្រី​ជំនាញ​ផ្សេងទៀត​៕

9e14bffc-757d-4f62-8e6b-e2e52ee394dc