-Rolls-Royce បញ្ចប់ការ ផលិតម៉ូដែល Phantom ជំនាន់ទី ៧

ឡុងដ៏ ៖ រថយន្តម៉ូដែល Phantom នាពេលបច្ចុប្បន្ន បានឈានដល់ ដំណាក់កាលចុងក្រោយ នៃដំណើរជីវិត ដ៏ជោគជ័យរបស់ខ្លួនហើយ នៅឆ្នាំ ២០១៦ នេះ ។

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ Rolls-Royceដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី២៣ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យដឹងថា អគ្គនាយកប្រតិបត្តិ Rolls-Royce Motor Cars លោក Torsten Mueller-Oetvoes បានប្រកាសថា ការប្រកាសដូច្នេះបានធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនបានប្រកាស កាលពីពេលថ្មីៗ ពីការចាប់ផ្ដើម ធ្វើតេស្តសាកល្បងនូវគ្រោងតួរថយន្តដែលធ្វើពីអាលុយមីញ៉ូមសុទ្ធសាធ ដែលគ្រោងតួរថយន្តប្រភេទនេះ នឹងមានបំពាក់លើគ្រប់រថយន្ត Rolls-Royce ទាំងអស់ដែលដាក់លក់ នៅលើទីផ្សារនៅដើមឆ្នាំ ២០១៨ ។

លោកក៏បានប្រកាសផងដែរថា រថយន្តម៉ូដែល Phantom Coupé និង Drophead Coupé ក៏នឹងលែង មានផលិត តទៅទៀតដែរនៅថ្ងៃអនាគត ។ ម៉ូដែល Phantom ទាំងពីរស៊េរីដ៏អស្ចារ្យនេះ នឹងលែងមានតទៅទៀតហើយ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តដ៏ពិសេសអស្ចារ្យនេះត្រឹម ៥០ គ្រឿងបន្ថែមទៀតប៉ុណ្ណោះដោយដាក់ឈ្មោះថា Phantom Zenith។

រថយន្តម៉ូដែល Phantom ជំនាន់ទី ៧ បច្ចុប្បន្ន បានចាប់ផ្ដើមផលិតនៅឯរោងចក្រ Goodwood កាលពីជាង ១៣ ឆ្នាំមុន ហើយបានក្លាយជាគ្រឹះដែលនាំឲ្យមានការរីកលូតលាស់ឡើងវិញនៃរថយន្ត Rolls-Royce នេះ ។ នៅពេលនេះ រថយន្ត Phantom VII (ជំនាន់ទី ៧) ដ៏អស្ចារ្យ សមសួន និងមានថាមពលខ្លាំង ដែលជារថយន្ត កំពូលមហាប្រណីតនេះ បានឈានដល់ដំណាក់កាលជីវិត ចុងក្រោយរបស់ខ្លួនហើយ ។

ស៊េរី Zenith - ជារថយន្តកំពូលក្នុង ឧស្សាហកម្មយានយន្តប្រណីត រថយន្តដែលនឹងផលិត ពិសេសជាដំបូង គេគឺមានឈ្មោះថា Zenith ហើយនឹងក្លាយជារថយន្ត Phantom Coupé និង Phantom Drophead Coupé ចុងក្រោយ ដែលបើកឲ្យកុម្ម៉ង់ទិញពីក្រុមហ៊ុនរថយន្ត Rolls-Royce ។

លោក Giles Taylor នាយកផ្នែករចនាម៉ូត បានថ្លែងថា “ដូចឈ្មោះរថយន្តនេះបានបញ្ជាក់ស្រាប់ហើយ Zenith គឺនឹងក្លាយជារថយន្តកំពូល ស្ថិតក្នុងបទដ្ឋានខ្ពស់បំផុត បើធៀបនឹងរថយន្តផ្សេងទៀត ។ ស៊េរី Zenith គឺនឹងបញ្ចូលរាល់លក្ខណៈពិសេសបំផុតនៃម៉ូដែល Phantom Coupe និង Phantom Drophead Coupe ហើយនៅមានបន្ថែមលក្ខណៈពិសេសផ្សេងទៀត ។ យើងរំពឹងថា នឹងមានតម្រូវការច្រើន សម្រាប់រថយន្តដ៏ ប្រណីតចំនួន ៥០ គ្រឿងនេះ” ។

Phantom VII - ការវិលត្រឡប់នៃកំពូលរថយន្តមហាប្រណីត ការសម្ពោធរថយន្ត Rolls-Royce  ម៉ូដែល Phantom ជំនាន់ទី ៧ កាលពីថ្ងៃទី ១ មករា ២០០៣ គឺលើសពីការបង្ហាញនូវរថយន្តមហាប្រណីតថ្មីទៅទៀត ប៉ន្តែ វាជាសញ្ញាបង្ហាញពីការវិលត្រឡប់មកវិញនៃម៉ាកយីហោរថយន្តប្រណីតដ៏ល្បីល្បាញបំផុតក្នុងលោក នាសតវត្សទី ២១ ហើយក្នុងរយៈពេលដ៏ខ្លីមួយប៉ប្រិចភ្នែក រថយន្តនេះក៏បានក្លាយខ្លួន ជាកំពូលរថយន្តមហា ប្រណីត ធ្វើឲ្យរថយន្តផ្សេងទៀតព្យាយាមប្រឹងតាម៕

-Rolls-Royce បញ្ចប់ការ ផលិតម៉ូដែល Phantom ជំនាន់ទី ៧

-Rolls-Royce បញ្ចប់ការ ផលិតម៉ូដែល Phantom ជំនាន់ទី ៧