មនុស្សជាង២០នាក់ ត្រូវបានសម្លាប់ក្នុងការ ប៉ះទង្គិចគ្នាមួយនៅ ហ្វីលីពីន

ម៉ានីល: ប្រភពព័ត៍មានរបស់UPI បានឲ្យដឹងនៅថ្ងៃនេះ ថាទាហាននិង ក្រុមសកម្មប្រយុទ្ធ២៣នាក់ ត្រូវបាន បាត់បង់ជីវិត នៅក្នុងការវាយប្រហារ គ្នាមួយដែល អូសបន្លាយរយៈពេល ៣ថ្ងៃ ស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន។

ប្រភពព័ត៍មានដដែល បានឲ្យដឹងទៀតថា ឆាកប្រយុទ្ធគ្នាបានចាប់ផ្តើម កើតឡើងតាំងពីថ្ងៃសៅរ៍ នៅពេលក្រុម សកម្មប្រយុទ្ធ ប្រមាណជា៤០នាក់ បានវាយឆ្មក់លើ ក្រុមទាហាននៃ ក្រុមកងវីរសេនាតូចទ័ពថ្មើរជើង លេខ៥១ របស់ហ្វីលីពីន នៅក្នងភូមិតូចមួយនៃ ខេត្តLanao del Sur។ការវាយប្រហារគ្នា បានបន្តរហូតមកទល់ ថ្ងៃអង្គារ ម្សិលមិញ ដោយក្រុមសកម្មប្រយុទ្ធ បានកើនឡើងទៅដល់៨០នាក់។

តាមរបាយការណ៍គេជឿជាក់ថា ទាហានហ្វីលីពីន៣នាក់ ត្រូវបានស្លាប់និង២០នាក់ នៃក្រុមសកម្មប្រយុទ្ធទៀត ផងដែរ ហើយមកទល់នឹង ពេលនេះទាហានហ្វីលីពីន បានទទួលជោគជ័យ ក្នុងការឡោមព័ទ្ធ ទីតាំង ដោយមានទាំង ឧទ្ធម្ភាគចក្រនិងយន្តហោះផងដែរ ដែលអាចមានលទ្ធភាព ក្នុងវាយប្រហារទៅលើ ក្រុម ឧទ្ទាមបានគ្រប់ ពេលវេលា។

គួរបញ្ជាក់ផងដែរ ថាតំបន់កោះMindanaoនៅភាគខាងត្បូងនៃ ប្រទេសហ្វីលីពីន ជាការតំបន់ប្រមូលផ្តុំ នៃពួកឧទ្ទាមប្រយុទ្ធ មូស្លីម ជាច្រើនក្រុមហើយជារឿយ តែង តែមានការប៉ះទង្គិចគ្នា ជាមួយនឹងក្រុម ទាហានរបស់ រដ្ឋាភិបាលហ្វីលីពី៕

មនុស្សជាង២០នាក់ ត្រូវបានសម្លាប់ក្នុងការ ប៉ះទង្គិចគ្នាមួយនៅ ហ្វីលីពីន