គង់ សំបូរប៉ះឯម សាវិន ខណៈ ង៉ែត្រ រដ្ឋា ជួប សុខ វាសនា នៅសង្វៀន SEATV នាល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃ ការប្រកួតប្រដាល់ដណ្ដើម ខ្សែក្រវាត់កំពូលជើងឯក K.Cement ទម្ងន់ ៦០គីឡូក្រាម លើសង្វៀន SEATV នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ សម្រាប់ពូល B មាន២ប្រកួត។ អ្នកប្រដាល់ គង់ សំបូរ ក្លិបកងពលធំ អន្តរាគមន៍លេខ២ ប៉ះជាមួយអ្នកប្រដាល់ ឯម សាវិន ក្លិបឫទ្ធីពោធិសែនជ័យ ខណៈអ្នកប្រដាល់ ង៉ែត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ សុខ វាសនា ក្លិបឃ្លាំងមឿង កីឡាខេត្តពោធិ៍សាត់។

គង់ សំបូរ ជាអ្នកប្រដាល់ស្រករ និងអ្នកប្រដាល់ មានចិត្តប្រដាល់ធំ និងមានស្នៀត ប្រដាល់មិនចាញ់ ឯម សាវិន ប៉ុន្មានទេ រីឯមានកម្លាំងសម្រុកខ្លាំងជាង សាវិនទៀត។ ចំពោះ ឯម សាវិនមានឱកាសតិច ណាស់ក្នុងការយកឈ្នះ គង់ សំបូរ។

សម្រាប់អ្នកប្រដាល់ ង៉ែត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យ ជួបអ្នកប្រដាល់ សុខ វាសនា ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់។ ង៉ែត្រ រដ្ឋា វាយមានផ្លែល្អជាង ពិសេសកែង និងជង្គង់នោះ។ សុខ វាសនា មានចិត្តប្រដាល់ធំមែនពិត ប៉ុន្តែវាយអត់មានផ្លែ និងមិនសូវចេះប្រើបច្ចេកទេស គឺច្រើនតែចំណាយកម្លាំង ខ្លាំងអត់ប្រយោជន៍ ពោលគឺគេវាយចេញច្រើន តែមិនសូវចំគោលដៅល្អ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតដណ្ដើម ខ្សែក្រវាត់កំពូលជើងឯក K.Cement ទម្ងន់ ៦០គ.ក្រ វគ្គIIIនេះ មានអ្នកប្រដាល់ចំនួន ៨រូបចូលរួម ដោយបែងចែកជាពីរពូល ដែលក្នុងមួយពូលមាន ៤នាក់។ ចំណែកពូលA មាន វេន សុភ័ក្រ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១, ម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក , ផាន់ សារុន ក្លិបគុជសាកីឡា និង ហេង វាសនា ក្លិបព្រៃទទឹងខេត្តបាត់ដំបង។ ពូលB មាន គង់ សំបូរ ក្លិបកងពលធំ អន្តរាគមន៍លេខ២ , ឯម សាវិន ក្លិបឫទ្ធីពោធិសែនជ័យ , ង៉ែត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យ និង សុខ វាសនា ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់។ រូបមន្តនៃការប្រកួត អ្នកប្រដាល់ទាំង ៤ក្នុងពូលនីមួយៗនេះ នឹងត្រូវជម្រុះចោល២នាក់ ទុក២នាក់ ដែលមានពិន្ទុខ្ពស់ជាងគេ សម្រាប់បន្តការប្រកួត ក្នុងការប្រកួតជម្រុះវិលជុំ ក្នុងជុំទី២បន្តទៀត ទើបឈានដល់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្ដើមយកខ្សែក្រវាត់៕

គង់ សំបូរប៉ះឯម សាវិន ខណៈ ង៉ែត្រ រដ្ឋា ជួប សុខ វាសនា នៅសង្វៀន SEATV នាល្ងាចថ្ងៃសៅរ៍

គង់ សំបូរប៉ះឯម សាវិន ខណៈ ង៉ែត្រ រដ្ឋា ជួប សុខ វាសនា នៅសង្វៀន SEATV នាល្ងាចថ្ងៃសៅរ៍