ឡុង សំណាង សងសឹក ផៃ គឹមហឿត ចំពោះគឿម សុវណ្ណឌឿត ក៏សងសឹកថាន រ៉ាឌី នៅសង្វៀន TIFFY ARENA នាយប់ថ្ងៃសៅរិ៍

ភ្នំពេញ៖ អ្នកប្រដាល់ ឡុង សំណាង ក្លិបសាលវ័ន្តកីឡា សុំឡើងសងសឹកអ្នកប្រដាល់ ផៃ គឹមហឿត ក្លិបគីសែមានរិទ្ធប្រកួតក្នុង ប្រភេទទម្ងន់ ៦០គីឡូក្រាម ខណៈ គឿម សុវណ្ណឌឿត អ្នកប្រដាល់ក្លិបមោងឫស្សី មរតកគុនខ្មែរខេត្តបាត់ដំបង សងសឹកអ្នកប្រដាល់ ថាន រ៉ាឌី ក្លិបតាព្រហ្មមានជ័យ ប្រកួតក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម នាយប់ថ្ងៃសៅរិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅលើសង្វៀនTIFFY ARENA។

តាមសម្តីលោក សេង កដិកា គ្រប់គ្រងការប្រកួតប្រចាំសង្វៀន TIFFY ARENA បាននិយាយថា ឡុង សំណាង ធ្លាប់ប្រកួតចាញ់ក្រោមថ្វីជើង ផៃ គឹមហឿត ដោយពិន្ទុ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្ដើមពានរង្វាន់ TIFFY SUPER FIGTH ទម្ងន់៦០គីឡូក្រាម ដែលធ្វើឲ្យសំណាងបានទទួល ត្រឹមតែជាជើងឯករង ចំពោះ ផៃ គឹមហឿត បានគ្រងតំណែងជើងឯក។ ផៃ គឹមហឿត មានសមត្ថភាពបច្ចេកទេស មិនជាលើ ឡុង សំណាង គ្រាន់តែមានចិត្តហ៊ាន វាយប្ដូរកណ្ដាប់ដៃ ដើម្បីជ័យជម្នះ ហើយកណ្ដាប់ដៃរបស់ គឹមហឿត វាយចេញលឿន រហ័ស ហើយខ្លាំង ដែលធ្វើឲ្យ សំណាង ពិបាកទប់ទល់។

ឡុង សំណាង ពូកែប្រើជើងទាត់ និងជង្គង់ ប៉ុន្តែចូលកៀក គឹមហឿត មិនបានត្រង់ចាញ់កណ្ដាប់ដៃនេះ និងមួយទៀតគេចាប់ គឹមហឿត មិនជាប់ ដើម្បីប្រើជង្គង់បាននោះទេ។ តែយ៉ាងណា សំណាង អាចមានប្រៀបឈ្នះ គឹមហឿត នៅពេលដែលគេប្រើ ជង្គង់របស់គេប្រកបដោយ ប្រសិទ្ធភាពនោះ។

អ្នកប្រដាល់ គឿម សុវណ្ណឌឿត ក្លិបមោងឫស្សីមរតក គុនខ្មែរខេត្តបាត់ដំបង ក៏សងសឹកជាមួយអ្នកប្រដាល់ ថាន រ៉ាឌី ក្លិបតាព្រហ្មមានជ័យ ប្រកួតក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។ វណ្ណឌឿត បានវាយចាញ់ ថាន រ៉ាឌី ដោយពិន្ទុប៉ុណ្ណោះ កន្លងមក ហើយអ្នកទាំង ២នាក់មានកាយ សម្បទាប្រហាក់ប្រហែលគ្នា កម្ពស់ក៏ប្រហែលគ្នាដែរ គ្រាន់តែ សុវណ្ណឌឿត មានកម្លាំងសម្រាក់ខ្លាំង និងរឹងមាំជាង រ៉ាឌី បន្តិច ចំពោះ រ៉ាឌី មានបច្ចេកទេស និងកលល្បិចល្អជាង។

អ្នកប្រដាល់ ងួន គា ក្លិបតាឡីដំរីមានរិទ្ធ ប្រកួតអ្នកប្រដាល់ សេង កំសត់ ក្លិបគីសែមានរិទ្ធ ក្នុងទម្ងន់៥៧គីឡូក្រាម និងអ្នកប្រដាល់ គៀន បញ្ញា ក្លិបរស្មីកុមារកំព្រា ជួបជាមួយអ្នកប្រដាល់ សំអាត ផល្លា ក្លិប កុលបុត្រគុនខ្មែរទួលគោក ប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥០០គីឡូក្រាម៕

ឡុង សំណាង សងសឹក ផៃ គឹមហឿត ចំពោះគឿម សុវណ្ណឌឿត ក៏សងសឹកថាន រ៉ាឌី នៅសង្វៀន TIFFY ARENA នាយប់ថ្ងៃសៅរិ៍