កូនប្រសា​ខឹង​ម្តាយក្មេក យក​ប្រេង​ចាក់​ដុត​ផ្ទះ​ចោល ស្តាយក្រោយ​ព្រោះ​អស់​ជម្រក

កូនប្រសា​ខឹង​ម្តាយក្មេក យក​ប្រេង​ចាក់​ដុត​ផ្ទះ​ចោល ស្តាយក្រោយ​ព្រោះ​អស់​ជម្រក

ខេត្ត​ត្បួ​ង​ឃ្មុំ ៖ ជម្លោះ​ពាក្យ​សម្ដី​រវាង​កូនប្រសា​និង​ម្តាយក្មេក​តឹងសរសៃក​ដាក់​គ្នា​រហូត​ឈាន​ដល់​ការ​ផ្ទុះ​ហិង្សា​ដោយ​បុរស​ជា​កូនប្រសា​ឈ្មោះ ណ​យ ណេ​ត អាយុ​៤៣​ឆ្នាំ​បាន​ដុត​ផ្ទះ​ឈើ​១​ខ្នង​ប្រក់​ក្បឿង​មាន​ទំហំ​៦​គុណ​១១​ម៉ែត្រ​ឆេះ​ហ្មត់​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ក្នុងភូមិ​ចំបក់ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ។ នៅ​ក្នុង​ហេតុការណ៍​នោះ អ្នក​ភូមិ​បាន​នាំ​គ្នា​បូមទឹក​ជួយ​បាញ់​ពន្លត់​ដែរ តែ​ពុំ​អាច​ទប់ស្កាត់​បាន ព្រោះ​ព្រះ​អគ្គី​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ពេញបន្ទុក​ទៅ​ហើយ គឺ​បាន​ឆេះ​អស់​គ្មាន​សល់​អ្វី​ទេ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​គ្រួសារ​ណា​ម្នាក់​ឡើយ ។

អធិការ​នគរបាល​ស្រុក​តំបែរ លោក​វរសេនីយ៍ត្រី ប៉េង អេ​ង​ហាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ម្តាយក្មេក​និង​កូនប្រសា​នោះ ។ លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​កូនប្រសា​ចិត្តខ្លាំង បាន​ស្ទុះរ​ត់ទៅ​យក​ប្រេង​មក​ចាក់​ដុត​ផ្ទះ​របស់​ខ្លួន​ឆេះ​សន្ធោសន្ធៅ​តែ​ម្តង ។ លោក​អធិការ បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​កំពុង​តែ​ឆេះ​នោះ ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​យក​ម៉ាស៊ីន​ទៅ​បូមទឹក​អណ្តូង​មក​ជួយ​បាញ់​ពន្លត់​ដែរ តែ​មិន​អាច​ឱ្យ​អណ្តាតភ្លើង​ថមថយ​បាន​ឡើ​ុ​យ​គឺ បាន​ត្រឹមតែ​បាញ់​ស្កាត់​កុំឱ្យ​ភ្លើង​ឆេះ​រាលដាល ទៅ​ផ្ទះ​អ្នក​ផ្សេង​តែ​ប៉ុណ្ណោះ ។

ដោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ព្រីង បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​នាំ​ខ្លួន​បុរស​ចិត្តខ្លាំង​ជា​ម្ចាស់ផ្ទះ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ​ដើម្បី​សួរនាំ​ជុំវិញ​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើ​នោះ ។

នៅ​ថ្ងៃ​ដដែល ដោយសារ​តែ​មានការ​ស្នើ​សុំ​ពី​សមាជិក​ក្រុម​គ្រួសារ​នោះ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ និង​ឱ្យ​បញ្ឈប់​ការ​បំផ្លិចបំផ្លាញ​របស់ទ្រព្យ​ខ្លួនឯង​បែប​នេះ​ទៀត គឺ​មិន​ឲ្យ​មាន​សកម្មភាព​ជា​លើក​ទី​២​ទៀត​នោះ​ទេ ។ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​និង​ម្តាយក្មេក​ក៏​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ដែរ ។ លោក​ថា ចំពោះ​ទ​ង្វើ​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​គ្មាន​ទីជម្រក ។

លោក​អធិការ​នគរបាល​ស្រុក​តំបែរ បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​មានការ​ស្នើ​សុំ​ពី​សមាជិក​ក្រុម​គ្រួសារ រូប​លោក​បាន​សុំ​គោលការណ៍​ទៅ​លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ហើយ​បុរស ឈ្មោះ ណេ​ត ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ជាមួយ​គ្នា​នោះ​បុរស​ចិត្តខ្លាំង​នេះ​ក៏​មានចិត្ត​នឹក​ស្តាយស្រណោះ​ចំពោះ​ទ​ង្វើ​កំរោលចូល​របស់​ខ្លួន មិន​គួរ​ធ្វើ​ដូច្នេះ​សោះ​បាន​ត្រឹមតែ​ដើរ​គ្រវីក្បាល​មិន​ចេញ​ស្តី ៕