រដ្ឋាភិបាល​នឹង​ប្រកាស​លទ្ធផល​បឋម​នៃ​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​មុខកំពូល

រដ្ឋាភិបាល​នឹង​ប្រកាស​លទ្ធផល​បឋម​នៃ​ការ​រក​ឃើញ​ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ពុធ ទី​២៤ កុម្ភៈ នេះ។

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន បញ្ជាក់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ថា រហូត​មក​ដល់​ពេល​នេះ មជ្ឈមណ្ឌល​ជាតិ​បាន​ធ្វើតេស្ត​ឈាម​ប្រជាពលរដ្ឋ​ប្រមាណ ២៧៩​នាក់ ក្នុង​នោះ​មាន ១៤​នាក់ មាន​ផ្ទុក​មេរោគ​អេសដ៍ និង ៤​នាក់​ផ្សេង​ទៀត សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​​នេះ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ផ្លូវការ​នៅ​ឡើយ៖ «ម្សិលមិញ (២៣ កុម្ភៈ) ថ្ងៃ​ត្រង់ យើង​ធ្វើតេស្ត​បាន ២៤១​នាក់ រហូត​ដល់​ល្ងាច​ធ្វើ​តេស​បន្ថែម ២៧៩​នាក់ ប៉ុន្តែ​អត់​រក​ឃើញ​បន្ថែម​ទៀត​ទេ»

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នឹង​ប្រគល់​ការងារ​ធ្វើ​តេស​ឈាម​នេះ ទៅ​ឲ្យ​មណ្ឌល​សុខភាព ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត​ទៀត។ ស្ថាប័ន​នេះ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​សំបួរមាស នឹង​អាច​កើន​ឡើង ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។