កុងស៊ុលខ្មែរ នៅចិន និងឡាវ បានជួយនារីខ្មែរ៣រូប វិលត្រឡប់មកមាតុភូវិញ

ភ្នំពេញ៖ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទៅក្រុងសៀង ហៃ និងប្រចាំនៅប្រទេសឡាវ បានជួយដល់ នារីខ្មែរ និងពលការិនីខ្មែរ ៣រូបឲ្យបានវិល ត្រឡប់ មកមាតុភូមិនវិញ បន្ទាប់រស់នៅមិនចុះ សំរុងជាមួយ គ្រួសារ និងចាញ់បោកមេខ្យល់យកទៅធ្វើការងារ ខុសច្បាប់នៅក្រៅប្រទេស។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោក ជុំ សន្ទរី បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀង ហៃ បានសហការជាមួយ អាជ្ញាធរមាន សមត្ថកិច្ចទីក្រុងសៀងហៃ និងខេត្តអានហួយ អន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះចំនួន ២រូប អោយបានត្រឡប់មកកម្ពុជាវិញ។ ស្រ្តីខ្មែររងគ្រោះ នោះទី១.ឈ្មោះ ស៊ុម បូណា អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានទៅប្រទេសចិន និងទៅរស់នៅជាមួយគ្រួសារខាងប្ដី នៅខេត្តអានហួយ កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ២០១៤ បន្ទាប់មកដោយសាររស់នៅមិន ចុះសំរុងជាមួយ គ្រួសារខាងប្តី  បានលែងលះប្តីដោយមានការសំរេចរបស់តុលាការខេត្តអានហួយ។ និងទី២.ឈ្មោះ លុន មី អាយុ ២៦ ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានទៅប្រទេសចិន និងទៅរស់នៅជាមួយ គ្រួសារខាងប្ដី នៅខេត្តជឺចាំង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ហើយត្រូវប្ដីធ្វើបាប។

លោកបញ្ជាក់បន្ថែមទៀតថា កំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានផ្ដល់កន្លែងស្នាក់នៅ ការហូបចុក ជូនស្ត្រីខ្មែររងគ្រោះទាំងពីររូបនេះ។ ស្រ្តីខ្មែររងគ្រោះទាំង០២រូបខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ០៩:៥០ នាទីព្រឹក តាមជើងយន្តហោះ K៦ ១០០។

អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានអន្តរាគមន៍ជួយពលការិនីខ្មែរ រងគ្រោះ ១រូប ឈ្មោះ ចៀន ចាន់ធឿន អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកវិហារសួគ៌ ខេត្តកណ្ដាល ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការ នៅប្រទេសថៃ បន្ទាប់មកឆ្លងទៅប្រទេសឡាវ  អោយបានវិលត្រឡប់មកកម្ពុជាវិញ។ ក្នុងកំឡុងពេល រង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានចេញលិខិតធ្វើដំណើរ បណ្ដោះអាសន្ន និងផ្ដល់កន្លែង ស្នាក់នៅ ហូបចុក ព្រមទាំងបានទិញសំបុត្ររថយន្តក្រុង ពីទីក្រុង វៀងច័ន្ទ- ប៉ាក់សេ-ភ្នំពេញ និងឧបត្ថម្ភថវិកាមួយចំនួនដល់ពលការិនី ចៀន ចាន់ធឿន ផងដែរ។ ពលការិនី ចៀន ចាន់ធឿន បានមកដល់កម្ពុជានៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៦  តាមច្រកព្រំដែន ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង៕