តំណាងរោងចក្រ កម្មករ និងសហព័ន្ធសហជីព សេរីពលករខ្មែរ ប្រតិកម្មពាក្យសំដី លោកប៉ាវ ស៊ីណា

កំពង់ស្ពឺ៖ តំណាងក្រុមហ៊ុនរោងចក្រ និងកម្មករជាង១ពាន់នាក់ នៅរោងចក្រយីហោអ៊ែជ្យាយល៍ ស្វេតថឺ ខេមបូឌា និងសហព័ន្ធសហជីព សេរីពលករខ្មែរ បានប្រតិកម្មទៅនឹងប្រធាន សហភាពចលនា កម្មករកម្ពុជាលោក ប៉ាវ ស៊ីណា ដែលបាននិយាយបំភ្លើសការពិត។

លោក សុខ រ៉ាវុធ ប្រធានសហពន្ធ័សហជីពសេរីពលករខ្មែរ បានប្រាប់ឲ្យដឹងថា លោកបដិសេធ ចំពោះការលើកឡើងរបស់លោក ប៉ាវ ស៊ីណា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលបានរៀបចំ សន្និសីទកាសែត នៅមុខក្រសួងការងារ ចោទរូបលោកថា "ជាជើងកាង ធ្វើបាបកម្មករឃុបឃិត ជាមួយក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន កាលពីកន្លងទៅ។ លោក ប៉ាវ ស៊ីណា បាននិយាយទៀតថា លោកនឹងស្នើសុំទៅ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សុំបិទការនាំចេញសំលៀកបំពាក់ នៃរោងចក្រតម្បាញ អ៊ែជ្យាយល៍ ស្វេតថឺខេមបូឌា ហើយខាងរោងចក្រ បានធ្វើបាបក្រុមកម្មករ និងបើកប្រាក់ខែឲ្យកម្មករ មិនគ្រប់។

អ្នកស្រី សេន ឌី ជានាយកធនធានមនុស្ស តំណាងរោងចក្រ យីហោអ៊ែជ្យាយល៍ ស្វេតថឺខេមបូឌា បានឲ្យដឹងថា ការលើកឡើងរបស់ក្រុម សហភាពចលនាកម្មករកម្ពុជាមិនពិតនោះទេ។  អ្នកស្រីបន្តថា ក្នុងរោងចក្រមានកម្មករសរុប១០០៨នាក់ ប្រុស២២០នាក់ ដែលចាប់ដំណើរ ការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ហើយខាងរោងចក្រ គោរពទៅតាមលក្ខខណ្ឌការងារ មានទាំងកន្លែងហូបបាយ បន្ទប់ បំបៅកូន និងបរិស្ថានសមរម្យ។

អ្នកបន្ថែមថា ក្រុមហ៊ុនមិនដែលបើកប្រាក់ខែទៅឲ្យកម្មករខ្វះនោះទេ គឺខាងក្រុមហ៊ុនចេញ បង្កាន់ដៃ ប្រាក់ខែ មានលុយប៉ុន្មាន ក្រុមហ៊ុនបើកឲ្យប៉ុណ្ណឹង។

ក្រុមកម្មករនិយាយថា ទង្វើរបស់សហភាពចលនាកម្មករកម្ពុជា គឺពួកគាត់មិនគាំទ្រឡើយ ដែលស្នើសុំ ទៅក្រសួងពាណិជ្ជកម្ម ឲ្យបិទការនាំចេញសំលៀកបំពាក់រោងចក្រនេះ ពួកគាត់សំណូមពរទៅក្រសួង ពាក់ព័ន្ធជួយគិតគូរពីទុក្ខលំបាករបស់ក្រុមកម្មករផង។

ទាក់ទងករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ប៉ាវ ស៊ីណា ប៉ុន្តែលោកមិនទទួលទូរស័ព្ទ។

ក្រុមកម្មករបន្តថា ប្រសិនបើ លោក ប៉ាវ  ស៊ីណា មិនដកលិខិតលេខ០២២.១៦ ចុះថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០១៦ ពីក្រសួងពាណិជ្ជកម្មវិញនោះទេ ពួកគាត់នឹងនាំគ្នាហែរទៅទីស្នាក់ការរបស់លោកប៉ាវ ស៊ីណា ដើម្បីតវ៉ាបញ្ហានេះ៕

តំណាងរោងចក្រ កម្មករ និងសហព័ន្ធសហជីព សេរីពលករខ្មែរ ប្រតិកម្មពាក្យសំដី លោកប៉ាវ ស៊ីណា

តំណាងរោងចក្រ កម្មករ និងសហព័ន្ធសហជីព សេរីពលករខ្មែរ ប្រតិកម្មពាក្យសំដី លោកប៉ាវ ស៊ីណា