ក្រសួងសេដ្ឋកិច្ច ដាក់ចេញអភិក្រម ៤ប្រការ បន្ថែមចូលរួមប្រឆាំង អំពើពុករលួយ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ក្រសួងបានដាក់ ចេញនូវអភិក្រមការងារ៤ប្រការរបស់ខ្លួន បន្ថែមលើអភិក្រម របស់រដ្ឋាភិបាល ដែលបានដាក់ចេញ នាពេលកន្លងមក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងជំនួបមួយរវាងលោក និងគណៈកម្មាធិការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្ដីការក្រសួង។

លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា «ក្រសួងបានដាក់ចេញនូវវិធានការអនុវត្តន៍ជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវអភិក្រមរបស់ រាជរដ្ឋាភិបាលគឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល បន្ថែមពីនោះក្រសួងបានដាក់ចេញនូវអភិក្រម៤ប្រការរបស់ខ្លួនដែរគឺ ទី១.អនុវត្តការងារ ប្រកបដោយ វិជ្ជាជីវៈ ,  ទី២.អនុវត្តការងារជាក្រុម , ទី៣.អនុវត្ដការងារដោយប្រកាន់ ខ្ចាប់ស្មារតីបុរេសកម្ម និងទី៤ មិនត្រូវមើលរំលងកំហុសខ្លួនឯង ដែលកក្តាទាំងនេះគឺសំដៅជំរុញលើកកម្ពស់ អភិបាលកិច្ចល្អ បង្កើន ប្រសិទ្ធភាពក្នុងការគៀរគរចំណូល និងប្រសិទ្ធិភាពចំណាយ ធានាបានតម្លាភាព គណនេយ្យភាព និងបង្កើនប្រសិទ្ធិភាពនៃការផ្ដល់សេវាកម្មសាធារណៈជូនប្រជាពលរដ្ឋ»។

លោកបន្តថា ក្រសួងបានបង្កើតប្រព័ន្ធថ្មីៗជាច្រើន និងបន្តយន្តការដែលមានស្រាប់សំដៅទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយអនុវត្ដតាមផែនការ សកម្មភាពប្រចាំឆ្នាំ កំណត់ច្បាស់លាស់ នូវគោលដៅយុទ្ធសាស្ត្រ យ៉ាងខ្ជាប់ខ្ជួន តាមរយៈយន្តការ៦យ៉ាងរួមមាន៖ ទី១-ផ្តល់សេវាកម្មប្រកប ដោយប្រសិទ្ធភាព ,  ទី២-បង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងសវនកម្ម , ទី៣- ទទួលយកមតិនិង យោបល់ ផ្ទាល់ពីអ្នកទទួលសេវាកម្ម , ទី៤-ពង្រឹងធនធានមនុស្ស , ទី៥-លើកកម្ពស់ក្រមសីលធម៌វិជ្ជា ជីវៈមន្រ្តី និងទី៦-អនុវត្ដច្បាប់មុតស្រួច ដោយគ្មានការលើកលែងក្នុងករណីបទល្មើសជាក់ស្ដែង៕

ក្រសួងសេដ្ឋកិច្ច ដាក់ចេញអភិក្រម ៤ប្រការ បន្ថែមចូលរួមប្រឆាំង អំពើពុករលួយ

ក្រសួងសេដ្ឋកិច្ច ដាក់ចេញអភិក្រម ៤ប្រការ បន្ថែមចូលរួមប្រឆាំង អំពើពុករលួយ