សៀវភៅ​ទី ​១ ​របស់ ថី វីរៈ បង្កប់​គំនិត​អប់រំ​ឱ្យ​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ


សៀវភៅ​ទី ​១ ​របស់ ថី វីរៈ បង្កប់​គំនិត​អប់រំ​ឱ្យ​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ

ការ​វិនិយោគ​​ប្រាក់កាក់ ពេលវេលា និង​កម្លាំង​កាយ​ចិត្ត​លើ​ការ​សិក្សា គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត​មនុស្ស​ម្នាក់ៗ ហើយបើទោះ​បី​ បច្ចុប្បន្ន​ ការ​អប់រំ​នៅ​កម្ពុជាត្រូវ​បាន​បើក​ទូលាយ​ក្ដី សិស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា អ្វី​ជា​ការ​សិក្សា? ​​រៀន​ដើម្បី​អ្វី? រៀន​ដូចម្ដេច​ទើប​អាច​ក្លាយ​ជា​សិស្ស​ពូកែ​​? ដើម្បី​រួម​ចំណែកក្នុង​​​​វិស័យ​អប់រំ​​នៅ​កម្ពុជា យុវជន ថី វីរៈ បាន​ដាក់​ចិត្ត​ដាក់​កាយ ចំណាយ​ពេល​ និង ​អង្គុយ​កាន់​ចុង​ប៊ិច និពន្ធ​សៀវភៅ​មួយ​ក្បាល មាន​ចំណង​ជើង​ថា “សិល្បៈ​នៃ​ការ​សិក្សា”។

 
សៀវភៅ​ទី ​១ ​របស់ ថី វីរៈ បង្កប់​គំនិត​អប់រំ​ឱ្យ​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ

 

សៀវភៅ​មួយ​ក្បាល​​នេះ និយាយ​អំពី​ការ​អប់រំ ដើម្បី​ឱ្យ​សិស្ស​ចេះ​តស៊ូ ប្រឹងប្រែង យល់​ថា ​អ្វី​ជា​ការ​សិក្សា ការ​ចេះ​រៀបចំ​កាលវិភាគ​រៀន របៀប​រៀន ការ​ចេះ​ចាប់​ឱកាស និង​ការ​ត្រៀម​ខ្លួន​​ប្រឡង​ប្រជែង​យក​អាហារូបករណ៍​ជាដើម ដោយ​​ចំណុច​ខ្លះ វីរៈ​​ បាន​លើក​យក​ពី​ខ្សែ​ជីវិត របស់​មនុស្ស​ជោគជ័យមាន​ជីវភាព​លំបាក ​លើ​ពិភពលោក និង​បទពិសោធន៍​​​ជីវិត​របស់​​ខ្លួន​ផ្ទាល់​របស់គេ។ សៀវភៅ​​ស្នាដៃ​យុវជន​ចេញ​ពី​ត្រកូល​ជីវភាព​លំបាក​រូប​នេះ មាន​ប្រាំបួន​ជំពូក៖

 

១. អ្វី​ជា​ការ​សិក្សា? យើង​រៀន​ដើម្បី​អ្វី?
២. ហេតុ​អ្វី​បាន​ជា​សិស្ស​ទទួល​បរាជ័យ​ក្នុង​ការ​សិក្សា?
៣. លក្ខណៈ​​សិស្ស​ដែល​ទទួល​​ជោគជ័យ​ក្នុង​ការ​សិក្សា
៤. ប្រវត្តិ​មនុស្ស​​ជោគជ័យ​នៅ​លើ​ពិភពលោក
៥. របៀប​រៀបចំ​កាល​វិភាគ​ដើម្បី​សិក្សា
៦. ការ​ចងចាំ​មេរៀន​គ្រប់គ្រាន់​ឬ​ទេ?
៧. វិធីសាស្ត្រ​សាមញ្ញ ក្នុង​ការ​សិក្សា​ឱ្យ​បាន​ពូកែ
៨. ចាប់​ឱកាស​ធំៗ​ដំបូង​បី​នៅ​ប្រទេសខ្មែរ
៩. រៀបចំ​ខ្លួន​សម្រាប់​អាហារូបករណ៍​ក្រៅ​ប្រទេស

 

វីរៈ បាន​និពន្ធ​សៀវភៅ “សិល្បៈ​នៃ​ការ​សិក្សា​” ចប់​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​បោះពុម្ភ​នៅ​ឡើយ​ទេ ព្រោះ​តែ​ខ្វះ​ថវិកា។ វីរៈ បាន​លើក​ឡើង​ថា ការ​សិក្សា​មាន​សារសំខាន់​ណាស់សម្រាប់​ជីវិត​​មនុស្ស​ម្នាក់ៗ ហើយ​​យុវជន​និពន្ធ​សៀវភៅ​នេះ​ឡើង ព្រោះ​មើល​ឃើញ​ថា ក្មេង​ៗ​ភាគ​ច្រើន​មិន​ទាន់​យល់​ច្បាស់​​អ្វី​ទៅ​ជា​ការ​សិក្សា? ​ពួកគេ​រៀន​ដើម្បី​អ្វី? និង​ការ​​រៀបចំខ្លួន​យ៉ាងណា ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ?

 

ក្រោយ​បញ្ចប់​ស្នាដៃ​ទី​មួយ​ ថី វីរៈ បាន​កំពុង​តែ​សរសេរ​សៀវភៅ​មួយក្បាល​​ទៀត​ មាន​ចំណង​ជើង​​ថា “ការ​អប់រំ និង​សន្តិភាព​ពិភពលោក”  ដែល​​ផ្ដោត​សំខាន់​​លើ​​កំហុស​ដ៏​ធំ​មួយ ​ក្នុង​វិស័យ​អប់រំ​នៅ​លើ​ពិភពលោក ជាហេតុ​ធ្វើ​ឱ្យ​ពិភពលោក​គ្មាន​សន្តិភាព។

 

“ការ​សិក្សា​គឺ​ជា​ការ​ស្រូប​យក​ចំណេះ​ដឹង ដើម្បី​បង្ហាត់​បង្រៀន​មនុស្ស​ ឱ្យ​ចេះ​បើក​ចិត្តបើក​គំនិត​ សម្រាប់​ជីវិត​រស់​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​ពង្រឹង​ភាព​ឯករាជ្យ​ក្នុង​ការ​គិត ការ​សម្រេចចិត្ត ការ​បង្កើត​មិត្តភាព អប់រំ​សុជីវធម៌ និង​សីលធម៌​ផង​ដែរ។ ក្នុង​រយះ​ពេល ​៣​ ឆ្នាំ​នៃ​ការ​គិត​របស់​ខ្ញុំ ខ្ញុំ​​​គិត​ថា​ពិភពលោក មាន​កំហុស​មួយ​ដ៏​ធំ ដែល​​ធ្វើ​ឱ្យ​គ្មាន​សន្តិភាព​នៅ​លើ​ផែនដី នោះ​គឺ​​បណ្ដាល​មក​ពី​ការ​អប់រំ ធ្វើ​​ឱ្យ​​ក្មេងៗ​ជំនាន់​ក្រោយ មិន​ខ្វល់​ពី​អ្នក​ដទៃ​ជុំវិញ​ខ្លួន ឬ​ការអប់រំ​ផ្ដាច់​ពី​មជ្ឈដ្ឋាន​សង្គម​មនុស្ស។ ខ្ញុំ​ចង់​ឃើញ​ប្រព័ន្ធ​អប់រំ​មួយ ​ផ្អោប​ជាមួយ​សកម្មភាព​សង្គម ព្រោះ​វា​ធ្វើ​ឱ្យ​សិស្ស​ចេះ​គិត​ពី​ជីវិត​អ្នក​ដទៃ ​ជាពិសេសពួកគេ​ចេះ​ស្រឡាញ់​មនុស្ស​ជុំវិញ​ខ្លួន ចេះ​ជួយ​​គ្នា និង​ចេះ​​​ខ្វល់ខ្វាយ​ពី​ការងារ​​សង្គម។ ការអប់រំ​គួរតែ​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​សន្តិភាព​ពិភពលោក និង​សង្គមជាតិ”។

 

 សៀវភៅ​ទី ​១ ​របស់ ថី វីរៈ បង្កប់​គំនិត​អប់រំ​ឱ្យ​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ

 

 

វីរៈ​ បាន​ដើរ​ច្រើន​នៅ​លើ​ពិភពលោក​ ហើយ​រូប​គេ​សង្កេត​ឃើញ​ថា​ការ​អប់រំ​នៃ​ប្រទេស​នីមួយៗ​គឺ​មិន​ទាន់​ល្អ​នៅ​ឡើយ ពីព្រោះ​ការអប់រំ​ទាំងនោះ​មិន​បាន​ធ្វើ​ឱ្យ​ពួក​គេ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។ ភាគ​ច្រើន​នៃ​ការអប់រំ​លើ​ពិភពលោក គឺ​បាន​ត្រឹម​តែ​បង្រៀន​សិស្ស​ឱ្យ​​ប្រឹង​យក​និទ្ទេស A ឬ B ប៉ុណ្ណោះ ​តែ​មិន​បាន​បង្រៀន​សិស្ស​ឱ្យ​ចេះ​ឈឺឆ្អាល​​ពី​សង្គម ឬ​មនុស្ស​ក្នុង​សង្គម​ទេ។ កាលណា​បើ​ប្រទេស​នីមួយៗ​ដើរ​ទៅ​រក​ការអប់រំ​មួយ​នេះ ពិភពលោក​គ្មាន​សន្តិភាព​ គឺ​មាន​តែ​សង្គ្រាម ការ​ច្រណែន និង​ការ​រើសអើង​។
 
យុវជនដដែល​នេះ​​ បាន​ចេញ​ពី​ប្រទេស​កំណើត​ ទៅ​សិក្សា​នៅ​សិង្ហបុរី​តាំង​ឆ្នាំ ២០០៩ អាយុ ១៤ ឆ្នាំ ក្រោយ​ជាប់​អាហារូបករណ៍ ហើយ​​រូប​គេ​​បាន​ទទួលបទពិសោធន៍​សំបូរ​បែប​ ពី​ការ​រស់​នៅ​រៀន​សូត្រ​ជា​មួយ​សិស្ស​មក​ពី​ជុំវិញ​ពិភពលោក កូន​អ្នក​ធំ កូន​មហាសេដ្ឋី និង​ មាន​ឱកាស​ចុះ​កម្មសិក្សា​យ៉ាង​ច្រើន​ប្រទេស ចូល​រួម​ការងារ​មនុស្សធម៌​ដូច​ជា​ ស្វែង​រក​មូលនិធិ​ជួយ​ក្មេង​ៗ​នៅ​សៀមរាប ភ្នំពេញ ចូលរួម​ធ្វើ​ផ្ទះ​ឱ្យ​ខ្មែរ​ជាមួយ​អង្គការ Tabitha ប្រមាណ ​៥០ ​ទៅ​ ៦០​ ខ្នង​ជា​ច្រើន​លើក ជួយ​ប្រជាជន​ក្រី​ក្រ​នៅ​នេប៉ាល់ ហ្វីលីពីន និង ​អាហ្វ្រិក​ផង​ដែរ។
 
សព្វថ្ងៃ​យុវជន ២១ ឆ្នាំ ថី វីរៈ ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​រៀបចំ​ទីក្រុង និង​ទី​សាធារណៈ នៃ​​សាកលវិទ្យាល័យ Oklahoma សហរដ្ឋ​អាមេរិក​។ បើ​ទោះ​ជា​រៀន​ផ្នែក​នេះ​មែន ប៉ុន្តែ​អ្នក​មាន​ប្រភព​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ ជា​យុវជន​​ម្នាក់​ចូល​ចិត្ត​ការ​អប់រំ និង​ចូល​ចិត្ត​យល់​ដឹង​អ្វី​ថ្មីៗ និង​មាន​សមត្ថភាព​និពន្ធ​សៀវភៅ​បាន​ផង​ដែរ។ ចុច​ត្រង់​នេះ ដើម្បី​ដឹង​ពី​ប្រវត្តិ​របស់ ថី វីរៈ៕

 

បាន សុភ័ក្ត្រ៖ មាន​គោល​ដៅ​ច្បាស់​លាស់ ខំ​ប្រឹង​​ពុះពារ អ្នក​នឹង​​ជោគជ័យ

ប្រើ​តែ​ឧបករណ៍​បុរាណ​ចិន ក្មេង​ប្រុស​អាយុ ​១១​ឆ្នាំ​ គិត​លេខ​ត្រូវ​​លឿន​ជាង​កា​ស្យូ​ទៅ​​ទៀត

 

អត្ថបទ៖ អ៊ុំ សុភក្តិ
រូបភាពផ្ដល់ឱ្យ