សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​ភាគី​ពាក់ព័ន្ធ​អំពី​ឯកសារ​គន្លឹះ​នៅ​ក្នុង​សំណុំរឿង​០០២​វគ្គ​២

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ធ្វើ​សវនាការ​ស្ដាប់​ភាគី​សហព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី លើក​យក​ឯកសារ​គន្លឹះ​មក​ធ្វើ​ជា​ភស្តុតាង​ដើម្បី​ជំនុំជម្រះ​នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២។

ឯកសារ​គន្លឹះ ដែល​ភាគី​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដាក់​បង្ហាញ​អង្គ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ គឺ​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​ខ្មែរក្រហម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ទៅ​លើ​ក្រុម​មនុស្ស​ដែល​គេ​កំណត់​ជា​គោលដៅ​ជាក់លាក់។ ក្រុម​គោលដៅ​ទាំង​នោះ គឺ​មាន​ជនជាតិ​ចាម វៀតណាម និង​អតីត​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ។

សហ​មេធាវី​នាំ​មុខ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោក ពេជ អង្គ បាន​លើក​យក​ឯកសារ​ជា​ចម្លើយ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ច្រើន​នាក់ ទាក់ទង​នឹង​ហេតុការណ៍​ធ្វើបាប និង​ការ​សម្លាប់​ជនជាតិ​ចាម នៅ​ខេត្ត​កំពង់ចាម៖ «ចុង​ឆ្នាំ​១៩៧៨ ខែ ៨ នៅ​ខែ​ទឹក​ឡើង បងប្អូន​អ៊ីស្លាម​ក្នុង​ភូមិ​ទី​៥ ឃុំ​ស្វាយឃ្លាំង បាន​ធ្វើការ​តស៊ូ​ជា​មួយ​យោធា​ខ្មែរ​ក្រហម ដោយសារ​តែ​យោធា​ខ្មែរក្រហម​បាន​រឹត​បន្តឹង​ពុំ​ឱ្យ​គោរព​ប្រណិប័តន៍​សាសនា។ ការ​សំពះ​យ៉ាំង ត្រូវ​បាន​ហាម​ឃាត់ ហើយ​ចាប់​ប្រជាជន​នៅ​ក្នុង​ភូមិ​យក​ទៅ​បាត់​ជា​រៀងរាល់​ថ្ងៃ»

លោក​ក៏​បាន​លើក​យក​ចម្លើយ​សាក្សី​នានា ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម។ លើស​ពី​នេះ​ទៀត សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក វីល្លាម ស្មីត (William Smith) លើក​យក​ឯកសារ​ពី​មន្ទីរ ស-២១ មក​ធ្វើ​ជា​ភស្តុតាង ស្ដី​អំពី​ការ​សម្លាប់​ជនជាតិ​វៀតណាម​មក​បង្ហាញ​ដែរ៖ «ឯកសារ​ដែល​យើង​លើក​យក​មក​ថ្ងៃ​នេះ គឺ​លើក​ឡើង​អំពី​បទ​ចោទ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ធ្វើ​ឡើង​ប្រឆាំង​ជនជាតិ​វៀតណាម និង​បទ​ចោទ​ពី​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ ដែល​ធ្វើ​ឡើង​ចំពោះ​ជនជាតិ​វៀតណាម នៅ​មន្ទីរ ស-​២១»

ក្រៅ​ពី​នេះ លោក វីល្លាម ស្មីត លើក​យក​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​លើ​ភូមិ​វៀតណាម នៅ​តាម​ព្រំដែន នៅ​ខែ​មេសា ឆ្នាំ​១៩៧៧ និង​បទសម្ភាសន៍​ប្រធាន​កងពល​លេខ ១៦៤ ដែល​បញ្ជាក់​ពី​ការ​បញ្ជា​សម្លាប់​ជន​ភៀសខ្លួន​ជាតិ​វៀតណាម ដែល​ចាប់​បាន​នៅ​តាម​សមុទ្ទ។ លោក​បញ្ជាក់​ថា ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​មន្ទីរ​សន្តិសុខ ស-២១ គឺ​ជា​ការ​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ៖ «ឯកសារ​បង្ហាញ​ថា យុទ្ធជន និង​ជនស៊ីវិល​វៀតណាម ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ ស-២១ ហើយ​ចុង​ក្រោយ​ត្រូវ​បាន​សម្លាប់​ដោយ​មិន​ផ្ដល់​ឱកាស ឬ​មិន​បាន​ផ្ដល់​នូវ​មធ្យោបាយ​ការពារ​ជា​អប្បបរមា តាម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ នោះ​ឡើយ»

លោក វីល្លាម ស្មីត បង្ហាញ​សារ​ទូរលេខ​របស់​ភូមិភាគ​ពាយ័ព្យ​ផ្ញើ​ជូន ប៉ុល ពត ជនជាប់ចោទ នួន ជា និង​អ្នក​ដទៃ​ទៀត ទាក់ទង​នឹង​ជនជាតិ​ចារ៉ាយ ២០៩​នាក់ ដែល​មាន​សំនៀង​ជា​វៀតណាម។

សវនាការបន្តនៅ​ថ្ងៃ​ទី​២៤ កុម្ភៈ នឹង​ផ្ដល់​ឱកាស​ឱ្យ​ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន ដាក់​ឯកសារ​គន្លឹះ​របស់​ខ្លួន​ម្ដង។

ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ អង្គ​ជំនុំជម្រះ​នឹង​មិន​ធ្វើ​សវនាការ​ទេ គឺ​ទុក​ឱ្យ​ភាគី​ក្នុង​រឿង​ក្ដី​ទាំង​អស់ យក​ពេល​វេលា​ត្រៀម​រៀបចំ​សារណា​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ចំពោះ​ឯកសារ​គន្លឹះ ដែល​ភាគី​ដទៃ​ទៀត​លើក​មក​ដាក់​នៅ​ក្នុង​សវនាការ​ពី​ថ្ងៃ​ទី​២៣ និង ២៤ កុម្ភៈ។ សវនាការ​ផ្ដល់​ការ​ឆ្លើយ​តប​នេះ អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។ លោក​ចៅក្រម និល ណុន ឱ្យ​ដឹង​ថា ភាគី​ជន​ជាប់​ចោទ នួន ជា នឹង​មិន​ដាក់​ឯកសារ​គន្លឹះ ឬ​ឆ្លើយ​តប​ណា​មួយ​ទេ​ចំពោះ​ឯកសារ​ដែល​បាន​ដាក់​ដោយ​ភាគី​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។