អ្នកកើតមេរោគ អេដស៍ ទាំង១៤នាក់ នៅមុខកំពូល ជាករណីឆ្លងទូទៅ និងពុំមានអ្នកឆ្លង បន្តទៀតទេ

ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការ តាមដាន និងធ្វើតេស្តឈាម ដល់ប្រជាពលរដ្ឋ នៅស្រុកមុខកំពូល ខេត្តកណ្តាល រួមមក លោក តែង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ បានថ្លែងថា ករណីដែលមានពលរដ្ឋ១៤នាក់ មានផ្ទុកមរោគអេដស៍នេះ ជាករណីទូទៅ ដែលពួកគាត់ មិនបានប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយបច្ចុប្បន្នពុំមានអ្នកណាឆ្លងបន្តទៀតនោះទេ។

លោក តែង គន្ធី បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ថា ចំពោះករណីដែលផ្ទុក មេរោគអេដស៍ នៅស្រុកមុខកំពូល រហូតមកដល់ពេលនេះ ពុំមានអ្វីប្រែប្រួលនោះទេ អ្នកដែលក្រុមការងារបានរកឃើញថា មានផ្ទុកមេរោគអេដស៍ មានចំនួន១៤ នាក់ដដែល មិនមានករណីថ្មីនោះឡើយ។

ដោយឡែកអ្នកដែលក្រុមការងារបានរកឃើញថា មានផ្ទុកមេរោគអេសដ៍នោះ ពួកគាត់មានផ្ទុកមកជា យូរហើយ គ្រាន់តែពួកគាត់នៅមិន ទាន់ពេលវេលាគ្រប់គ្រាន់ ដើម្បីទៅពិនិត្យរកមេរោគតែប៉ុណ្ណោះ បច្ចុប្បន្នស្ថានភាពបានវិលទៅរកសភាពជាធម្មតាវិញហើយ។

តាមរយៈនេះលោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ និងកុំមានការភ្ញាក់ផ្អើលជា បន្តទៅទៀត។

លោកបន្តថា “តាមការសិក្សាជំហានដំបូង គឺស្ថិតនៅក្នុងកម្រិតនៃការចំលងទូទៅ គឺភាគច្រើននៅស្រុក ខ្មែរ យើងការរួមភេទ មិនបានការពារត្រឹម ត្រូវជាមួយដៃគូ ហើយការវិវត្តនៃជំងឺមានភាពយឺតផងនោះ ទើបធ្វើឲ្យពួកគាត់មិនបានចាប់អារម្មណ៍ទៅលើបញ្ហាសុខភាព។ ប៉ុន្តែដោយវាចំថ្ងៃ យុទ្ធនាការ ទិវា ប្រើប្រាស់ស្រោមអនាម័យ  យុទ្ធនាការពិធីផ្សព្វផ្សាយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយនៅក្នុងនោះ មានការប្រឹក្សា និងធ្វើតេស្តឈាម ផងនោះ ប្រជាពលរដ្ឋបានផ្អើលនាំគ្នា មកកន្លែងពិនិត្យតែម្តង”។

លោក តែង គន្ធី បានបញ្ជាក់ថា ភាគច្រើនអ្នកដែលឆ្លង មេរោគអេដស៍ នៅស្រុកមុខកំពូល  ជាមនុស្សពេញវ័យ មានអាយុពីចន្លោះពី ១៥ ទៅ៤៩ ឆ្នាំ ក្នុងនោះអ្នកដែល មានអាយុលើសពី៤៩ ឆ្នាំមាន ៥ទៅ៦នាក់ ហើយអ្នកដែលស្ថិតនៅអាយុ២៧ឆ្នាំ មានម្នាក់ ។

ចំណែកលោកស្រី ណែម យ៉ង់ មេឃុំសំបួរមាស បានឲ្យដឹងដូចគ្នាដែរថា ”ករណីដែលមានផ្ទុកមេរោគ អេដស៍ នេះគឺជាករណីចាស់តែប៉ុណ្ណោះ មិនមែនជាការផ្ទុះឡើងដូចនៅខេត្តបាត់ដំបងនោះទេ”៕

អ្នកកើតមេរោគ អេដស៍ ទាំង១៤នាក់ នៅមុខកំពូល ជាករណីឆ្លងទូទៅ និងពុំមានអ្នកឆ្លង បន្តទៀតទេ