រដ្ឋមន្រ្តីក្រសួង សុខាភិបាល អំពាវនាវឲ្យពលរដ្ឋ ប្រយ័ត្នជំងឺ ផ្តាសាយជ្រូក ក្រោយបុរសម្នាក់ ស្លាប់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុន ហេង បានអំពាវនាវ ដល់ប្រជា ពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន ចំពោះជំងឺផ្តាសាយជ្រូក បន្ទាប់ពីបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ កាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយពីទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

លោក ឃុន ណូ បុគ្គលិក CTN និង MyTV ផ្នែកCamara ដែលបានធ្លាក់ខ្លួនឈឺ ជាទម្ងន់ ដោយសារ ជំងឺផ្តាសាយជ្រូក ( H1N1 ) ហើយបានស្លាប់ដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជា។ លោក បានចូល សម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលករណីនេះ ធ្វើឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ បន្ទាប់ពីជំងឺនេះ លែងមានការឆ្លងរាលដាល បន្ទាប់ពីបានផ្ទុះ ឡើង កាលពីឆ្នាំ២០០៩។ លោកឃុន ណូ មានវ័យជាង ៣០ឆ្នាំ គឺជាក្មេងកំព្រាឪពុកម្តាយ តាំងពីតូច មកម្លេះ រូបលោករស់នៅប្រកបអាជីពជាអ្នកសារព័ត៌មានតាំងពីឆ្នាំ ២០១០ មកម្លេះ ដោយខ្លួនទីពឹង ខ្លួនតែម្នាក់ឯង។ ជីវភាពរបស់លោកក៏មានភាពលំបាកក្រខ្សត់ផងដែរ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី២៤ ខែកុម្ភៈថា នេះគឺជា ករណីដំបូងគេក្នុងឆ្នាំ២០១៦ ដែលមានមនុស្សស្លាប់ដោយសារតែជំងឺផ្តាសាយជ្រូក (H1N1)ដែលនេះ ជារឿងមួយដែលត្រូវដោះស្រាយជាបន្ទាន់។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ចំពោះជំងឺនេះ បើទោះបីជាប្រភេទជំងឺស្រាលក៏ដោយ ប៉ុន្តែអាចវិវត្តទៅជាធ្ងន់ធ្ងរបាន បើសិនជាមិនបានការពារ និងព្យាបាលត្រឹមត្រូវ ពិសេសនៅពេល ដែលអ្នកជំងឺមានផ្ទុកជំងឺនៅក្នុងខ្លួនស្រាប់ ដូចជាជំងឺសួតជាដើម ដែលអាចធ្វើឲ្យជំងឺផ្តាសាយ នេះវិវត្តទៅជាធ្ងន់បានយ៉ាងឆាប់រហ័ស។

លោករដ្ឋមន្ត្រីបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ ធ្វើអនាម័យឲ្យបានត្រឹមត្រូវ ពិសេស ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់ និងត្រូវពាក់ម៉ាសជាប់ជានិច្ច មិនត្រូវប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកជំងឺជាដើម ហើយនៅពេលកើតជំងឺនេះ ត្រូវញាំទឹកឲ្យបានច្រើន ញាំឱសថឲ្យបានច្រើន គេងឲ្យបានច្រើន ញាំអាហារដែលមានជីវជាតិបំប៉ន”។

ក្រោយពីលោក ឃុន ណូ ទទួលមរណៈភាពហើយនោះ គឺបានបន្សល់ទុកនូវជីវភាពតោកយ៉ាក និងក្រលំបាកជាខ្លាំង ចំពោះសាច់ញាតិដែលនៅរស់ លើសពីនេះទៀត អ្វីដែលគួរឲ្យសោកសង្វែក គឺប្រពន្ធរបស់លោកផ្ទាល់មានផ្ទៃពោះគ្រប់ខែ ត្រូវសម្រាលកូនហើយ ជាហេតុធ្វើឲ្យជីវភាពកាន់តែ លំបាកឡើង ហើយកូនក្នុងផ្ទៃដែលនឹងត្រូវកើតមកនៅពេលខាងមុខ ក៏លែងបានស្គាល់មុខឪពុក ទៅហើយដែរ ។  ដូច្នេះដំណឹងនេះ ជាការអំពាវនាវដល់ បងប្អូនរួមអាជីពសារព័ត៌មានទាំងអស់ ក៏ដូចជាសប្បុរសជននានា ជួយចូលរួមចំណែកការលំបាក របស់សាច់ញាតិ នៃក្រុមគ្រួសារសព តាមសន្ធាជ្រះថ្លាទាំងអស់គ្នា។

សូមបញ្ជាក់ថា  ជំងឺផ្តាសាយជ្រូកនេះ កើតឡើងក្នុងអំឡុងឆ្នាំ២០០៩ ដែលបណ្តាលឲ្យមានមនុស្ស ស្លាប់ជាច្រើននាក់ ព្រោះជា ជំងឺប្រភេទថ្មី ភាគច្រើនមនុស្សនៅមិនទាន់មានភាពស៊ាំនឹងជំងឺ ដូច្នេះ ពេលឆ្លង ទៅអាចគ្រោះថ្នាក់ ពិសេសមនុស្សក្នុងវ័យជំទង់ ប៉ុន្តែឥឡូវ ទៅជាផ្តាសាយធម្មតាហើយ។ ចំពោះអ្នកដែល វិវត្តទៅកាន់សភាពធ្ងន់ធ្ងរ គឺមនុស្សក្រោមអាយុ ៥ឆ្នាំ និងមនុស្សចាស់ដែលមានវ័យ ចាប់ ពី៦០ឆ្នាំឡើងទៅ ហើយអាចវិវត្តទៅជា រលាកសួតថែមទៀតផង។ ប៉ុន្តែក៏មានអ្នកជំងឺខ្លះ ក៏បាន ជាសះស្បើយ ដោយសារការលេបថ្នាំ គេងឲ្យបានគ្រប់គ្រាន់ជាដើម ធ្វើយ៉ាងណាជៀសវាងការប្រើ ថ្នាំផ្សះ។

ដោយឡែកជំងឺផ្តាសាយជ្រូកនេះ ឆ្លងតាមរយៈការក្អក ក្រដាស និងនៅជិតប៉ះពាល់អ្នកជំងឺ ដោយផ្ទាល់៕

រដ្ឋមន្រ្តីក្រសួង សុខាភិបាល អំពាវនាវឲ្យពលរដ្ឋ ប្រយ័ត្នជំងឺ ផ្តាសាយជ្រូក ក្រោយបុរសម្នាក់ ស្លាប់

រដ្ឋមន្រ្តីក្រសួង សុខាភិបាល អំពាវនាវឲ្យពលរដ្ឋ ប្រយ័ត្នជំងឺ ផ្តាសាយជ្រូក ក្រោយបុរសម្នាក់ ស្លាប់