បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​វិមាន​អនុស្សាវរីយ៍ ឈ្នះ​ឈ្នះ​នៅ​តំបន់​អភិវឌ្ឍន៍​លី យ៉ុង​ផាត់​

ភ្នំពេញ: ក្រសួងការពារជាតិ បានប្រកាសថា ពិ​ធិ​បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​វិមាន​អនុស្សាវរីយ៍ ឈ្នះ​ឈ្នះ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅ​តំបន់​អភិវឌ្ឍន៍​លី យ៉ុង​ផាត់​។​

​ពិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​២៥​ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ព្រឹក ក្រោម​អធិបតីភាព​លោក ទៀ បាញ់ ឧ​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តំបន់​អភិវឌ្ឍន៍​លី យ៉ុង​ផាត់ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

សូមបញ្ជាក់ថា គណៈកម្មការ​សម្រាប់​សិក្សា និង​រៀបចំ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាម​ស៊ី​វី​ល​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្ស​ព្វ​ផ្សាយ​ការប្រកួតប្រជែង ជ្រើសរើស​វិចិត្រករ​អ្នកមាន​ស្នាដៃ​ក្នុងការ​រចនា​រូបសំណាក​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាម​ស៊ី​វី​ល​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត ស៊ន សំណាង អ្នក​ប្រវត្តិវិទូ និង​ជា​វាគ្មិន បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការសាងសង់​វិមាន​នយោបាយ​ឈ្នះ ឈ្នះ គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​អតីតកាល និង​បច្ចុប្បន្នកាល ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទៅ​អនាគតកាល​។

​លោក​បាន​បញ្ជាក់ថា គម្រោង​សាងសង់​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ នេះ មិនមែនជា​លើក​ទី​១​ទេ យើង​ធ្លាប់ បាន​កសាង វិមាន​ព្រះ​បរម​រូប និង​ព្រះ​បរម​បដិមា​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម​សីហនុ ដើម្បី​ទុក​ឲ្យ​កូនចៅ​គោរពបូជា ហើយ​ក្រៅពីនេះទៀត ក៏មាន​រូបសំណាក​ផ្សេងទៀត​។ វិមាន​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ដែល​គ្រោង បង្កើតឡើង​នេះ គឺជា​វិមាន​រំលឹក​គុណ​វីរបុរស​ជាតិ ដូចដែល​មាននៅ​ក្នុង​បណ្តា​ប្រទេស​ជឿនលឿន​ជាច្រើន​។​

​លោក ស៊ន សំណាង បន្តថា រូប​វីរបុរស​នានា និង​ប្រវត្តិ​នៃ​ការកសាង​ប្រជាជាតិ​ខ្មែរ តាំងពី ៣​សតវត្សរ៍​មុន​គ្រិស្ត​សករាជ នឹង​យកទៅ​ឆ្លាក់​នៅតាម​ជញ្ជាំង​នានា នៃ​វិមាន​នោះ ហើ​យ​ដើម្បី​ឲ្យ​កូនចៅ​ខ្មែរ​សម័យ​បច្ចុប្បន្ន ចេះ​បន្ត​ការកសាង​ស្នាដៃ ជូន​ដូនតា​ខ្មែរ​សម័យ​មហានគរ​។​

​សូមជម្រាបថា ការបញ្ចប់​សង្គ្រាម​ដោយ​នយោបាយ​ឈ្នះ ឈ្នះ គឺជា​ទស្សនៈ​វិទ្យា​សន្តិភាព និង​មានការ​បេ្ត​ជ្ញា​ចិត្ត​ខាង​នយោបាយ​ដ៏​មុតមាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការបញ្ចប់​សង្គ្រាម មិនមែនជា​អព្ភូតហេតុ ឬ​ជាការ​ស្រមៃ​ដោយ​ចៃដន្យ​នោះទេ ដូចនេះ ទើប​នៅក្នុង​ដំណើរការ​អនុវត្ត​ការបញ្ចប់​សង្គ្រាម​ទាមទារ​នូវ​ការដឹកនាំ ដែល​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​រួមជាមួយ​គ្នា ព្រោះ​ព្រឹត្តិការណ៍​មានការ​ប្រែប្រួល​យ៉ាងគំហុក​បំផុត​៕

បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​វិមាន​អនុស្សាវរីយ៍ ឈ្នះ​ឈ្នះ​នៅ​តំបន់​អភិវឌ្ឍន៍​លី យ៉ុង​ផាត់​

បញ្ចុះបឋមសិលា និង​បើក​ការដ្ឋាន​សាងសង់​វិមាន​អនុស្សាវរីយ៍ ឈ្នះ​ឈ្នះ​នៅ​តំបន់​អភិវឌ្ឍន៍​លី យ៉ុង​ផាត់​