បទឧក្រិដ្ឋ​កើនឡើង​៣៥​ករណី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ព្រួយបារម្ភ​ពី​អសន្តិសុខ​សង្គម​

នៅក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​ប្រឡងប្រណាំង​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​កាលពី​ឆ្នាំ​២០១៥ ហើយ​កើតមាន​នៅក្នុង​៩៣៦​ឃុំ​-​សង្កាត់​ទូទាំងប្រទេស​។ របាយការណ៍​នោះបាន​ឲ្យ​ដឹង​ទៀតថា បទឧក្រិដ្ឋ​បានកើត​ឡើង​ចំនួន​៧៥១​លើក គឺមាន​ការកើនឡើង​៣៥​លើក​ស្មើនឹង​៥​ភាគរយ​។ តាមរយៈ​របាយ​ករ​ណ៍​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា បទល្មើស​ផ្សេងៗ​ជាពិសេស​បទឧក្រិដ្ឋ​នៅតែ​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក បើទោះបី​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​យ៉ាងណាក៏ដោយ​។

​មជ្ឈដ្ឋាន​នានា​បាន​កត់សម្គាល់ថា កន្លងមក​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​ឲ្យ​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ក៏ដូចជា​កម្លាំង​នគរបាល​ទូទាំងប្រទេស​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​បាន​ប្រសើរ និង​ថែមទាំង​ព្រមាន​ដកហូត​តំណែង​ស្នងការ​នគរបាល​ឬ​អធិការនគរបាល​ដែល​អសកម្ម​ការងារ​ទៀតផង​។ ក៏ប៉ុន្តែ​ជាក់ស្តែង​បទល្មើស​ផ្សេងៗ​នៅតែ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ជាពិសេស​អំពើ​ឃាតកម្ម ករណី​ប្លន់​ប្រដាប់អាវុធ និង​បទល្មើស​រំលោភ​សេពសន្ថវៈ​កើតឡើង​កាន់តែច្រើន​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​។ ជាក់ស្តែង​នៅក្នុង​រាជធានី​ភ្នំពេញ អំពើ​ប្លន់​ប្រដាប់អាវុធ​បានកើត​ឡើងជា​បន្តបន្ទាប់ ហើយ​នៅក្នុង​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និង​ខេត្តតាកែវ ក៏​ករណី​ប្លន់​ប្រដាប់អាវុធ​កើតឡើង​ឥតឈប់ឈរ​ដែរ​។

ក្រុមអ្នកតាមដាន​បញ្ហា​សន្តិសុខ​សង្គម​ក្នុងប្រទេស​កម្ពុជា ហាក់ដូចជា​ពុំមាន​ជំនឿ​លើ​របាយការណ៍​បូកសរុប​លទ្ធផល​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ​នោះទេ​។ ដោយហេតុថា គ្រាន់តែ​នៅក្នុង​អំឡុង​ខែតុលា វិច្ឆិកា ធ្នូ ឆ្នាំ​២០១៥ អំពើ​ប្លន់​ប្រដាប់អាវុធ អំពើ​ឃាតកម្ម និង​បទឧក្រិដ្ឋ​ផ្សេងៗ​ទៀត​បានកើត​ឡើងជា​ច្រើន​ករណី​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ នៅក្នុង​របាយការណ៍រ​បស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៥ នគរបាលជាតិ​បង្ក្រាប​បទល្មើស​នានា​បាន​ចំនួន​២១៤១​ករណី​ស្មើនឹង​៧៩,០៣​ភាគរយ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣០៥២​នាក់ ក្នុងនោះ​មាន​ឧក្រិដ្ឋជន​៧០៥​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។ តាមរយៈ​លទ្ធផល​បែបនេះ​បាន​បង្ហាញថា បទឧក្រិដ្ឋ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុងសង្គម​កម្ពុជា ហើយ​តម្រូវ​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​៕

net-savouenលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ