អំពើ​ប្លន់​ប្រដាប់អាវុធ​នៅ​ក្រុង​ប៉ោយប៉ែត បង្ហាញ​ពី​អសមត្ថភាព​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ

​កន្លងមក​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ តែងតែ​បើក​កិច្ចប្រជុំ​ដាក់ចេញ​នូវ​ផែនការ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ផ្សេងៗ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម ក៏ដូចជា​បង្ក្រាប​បទល្មើស​ឆ្លងដែន​ផងដែរ​។ ប៉ុន្តែ​ជាក់ស្តែង​បទបញ្ជា​របស់លោក អាត់ ខែម ពុំមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​អំពើចោរកម្ម​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏ដូចជា​គ្រឿងញៀន និង​ល្បែងស៊ីសង នៅតែ​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក​។ ជាពិសេស​ករណី​ប្លន់​ប្រដាប់អាវុធ​ក្នុង​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ បានបង្ហាញ​ពី​អសមត្ថភាព​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​។

តាម​ប្រភពពី​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ក្រុមចោរ​មាន​កាំភ្លើងខ្លី​២​ដើម​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ អត់​ស្លាក​លេខ បានធ្វើ​សកម្មភាព​ប្លន់​អាជីវ​ករលក់​គ្រឿងអលង្ការ ខណៈ​ចេញពីផ្ទះ​ទៅ​លក់ដូរ​នៅ​ផ្សារ​កាលពី​វេលា​ម៉ោង​៧​និង​៥៦​នាទី​ព្រឹក ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ក្រុមចោរ​យកបាន​គ្រឿងអលង្ការ​ប្រមាណ​ជាង​២០០​តម្លឹង ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម​នៅក្នុង​ក្រុង​ប៉ោយប៉ែត ព្រោះ​ក្រោយពេល​ក្រុមចោរប្លន់​គេចខ្លួន​បាត់អស់ ទើប​សមត្ថកិច្ច​ទៅដល់​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្នុងពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាន​ប្រមាណ​៥០​ម៉ែត្រ ស្រាប់​តែមាន​ក្រុមចោរ​ប្រដាប់អាវុធ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥ គ្មាន​ស្លាក​លេខ កាន់​កាំភ្លើងខ្លី​២​ដើម​ភ្ជង់​ប្លន់​យក​គ្រឿងអលង្ការ​ជា​មាស​និង​ប្លា​ទីន កង​ដាំ​ត្បូង​និង​ចិញ្ចៀន ខ្សែក​ជាដើម សរុប​ប្រមាណ​ជាង​២០០​តម្លឹង​។ ជនរងគ្រោះ​ក្នុងការ​ណី​ចោរប្លន់​ខាងលើនេះ មានឈ្មោះ សយ សុផាន់​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ និង​កូនស្រី​ឈ្មោះ រ័ត្ន វិច្ឆិកា អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​នៅ​កន្លែងកើតហេតុ​។ នៅក្រោយពេល​ចោរប្លន់​ប្រដាប់អាវុធ​គេចខ្លួន​បាត់អស់​ទើប​ឃើញ​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ទៅដល់ ដើម្បី​បើក​ប្រតិបត្តិ​ការតាមរក​ក្រុមចោរប្លន់ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់ថា លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គ្មាន​សមត្ថភាព​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើយ​៕

118 113 114