​ភ្នំ​នៅ​ស្រុក​សាលា​ក្រៅ​ត្រូវ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ជីក​លក់​តែ​អាជ្ញាធរខេត្ត​ប៉ៃលិន​មិន​បង្ក្រាប​

ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ថា ភ្នំ​មួយកន្លែង នៅ​ស្រុក​សាលា​ក្រៅ ត្រូវ​ឈ្មួញ​ម្នាក់​ឈ្មោះ ហេង គីម ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ទៅ​ជីក​កកាយ ដឹក​តាម​រថយន្ត​លក់​ឱ្យ​អ្នកភូមិ​ជា​យូរ​មកហើយ ដោយ​បង្ក​ទៅជា​ក​ម្ចេ​ច​ធូលី​ដី​ហុយ​ចូល​ផ្ទះ​របស់​ពួកគាត់ បង្ក​ទៅជា​មេរោគ និង​មាន​ជំងឺ​រោគា​ផងដែរ តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះទេ​។​

​ពី​ដើម​មក​ភ្នំ​នៅ​ស្រុក​សាលា​ក្រៅ​មាន​កំពូល​ខ្ពស់ តែ​រហូតមក​ដល់ពេលនេះ បានក្លាយ​ទៅជា​ដី​រាប់ស្មើ​អស់រលីង​ទៅហើយ ខណៈ​ប្រជាពលរដ្ឋ​អះអាងថា ដោយសារ​អាជ្ញាធរ​ពាក់​ព័ន្ធ​ឃុបឃិត​ជាមួយ​ឈ្មួញ យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ទៅ​ជីក​កកាយ​ដីភ្នំ​ដឹក​លក់​ឱ្យ​អ្នកភូមិ​រាល់ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង តាំងពី​យូរ​ឆ្នាំ​មកហើយ បណ្តាលឱ្យ​បាត់បង់​កេរដំណែល​ធនធានធម្មជាតិ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ដីភ្នំ​មួយចំនួន​នៅ​ស្រុក​សាលា​ក្រៅ​មិន​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​នោះទេ ប្រជាពលរដ្ឋ​អាចរំលាយ​ភ្នំ​នេះ យកទៅ​ប្រើប្រាស់​បាន​។ បើទោះជា​មន្ត្រី​ជំនាញ​បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ​បាន​រិះគន់ថា ឈ្មួញ និង​មន្ត្រី​ជំនាញ​មិនត្រូវ​គិតថា​ភ្នំ​នៅក្រៅ​តំបន់​អភិរក្ស​អាចធ្វើ​អាជីវកម្ម​បាន​នោះទេ ហើយ​បើទោះជា​ត្រូវធ្វើ​អាជីវកម្ម​ក៏ត្រូវ​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន​ឲ្យ​បាន​ហ្មត់ចត់ និង​មានការ​ដេញថ្លៃ​តាម​នីតិវិធី​ច្បាប់​។​

ប្រជាពលរដ្ឋ​ស្រុក​សាលា​ក្រៅ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ចុះទៅ​ត្រួតពិនិត្យ​ចំពោះ​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ដ៏​កម្រ​មួយ​នេះ​ផងដែរ ដើម្បី​រក្សាទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ព្រោះ​អី​ភ្នំ​នៅក្នុង​ខេត្ត​ប៉ៃលិន ប្រហែល​៤០ ទៅ​៥០​ភាគរយ ត្រូវគេ​ជីក​កកាយ​ដឹក​លក់​ស្ទើរតែ​អស់រលីង​។ ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា បើ​អាជ្ញាធរ​ស្រុក​ដោះស្រាយ​មិន​ចេញ​គប្បី​រុញ​បញ្ហា​ខាងលើនេះ​ទៅ​ថ្នាក់​ខេត្ត ឬក៏​រុញ​ទៅ​ថ្នាក់​ក្រសួង​បន្តទៀត​ដើម្បី​ដោះស្រាយ​៕

7b6d46ea-b167-4470-a8a7-5fbcbf15d294 15ffb2b8-fdba-400f-b155-deb908e63dd2​    ​