សម្តេចតេជោ នឹងអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាពាក់កណ្តាល ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់ធនាគារ ជាតិនៃកម្ពុជា នាថ្ងៃទី២៤កុម្ភៈនេះ។

បើតាមទំព័រហ្វេសប៊ុកដដែល បានសរសេរទៀតថា «ធនាគារជាតិនៃកម្ពុជានឹង រៀបចំសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ ដល់ទី១៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីរំឭកខួប ១០ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសថា ឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងអំឡុងពេលនៃ សន្និសីទជាតិ ស្តីពីមីក្រូហិរញ្ញវត្ថុ កាលពីថ្ងៃទី១១ដល់១៣ ខែមករា ឆ្នាំ២០០៦ កន្លង” ។

ក្នុងពិធីនេះក៏មាន ការផ្សព្វផ្សាយ សមិទ្ធផលដែលសម្រេច បាននារយៈពេលកន្លងមក និងទាក់ទាញការ ចាប់អារម្មណ៍បន្ថែម ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អំពីសារៈសំខាន់ អត្ថប្រយោជន៍ និងតួនាទីរបស់វិស័យ មីក្រូហិរញ្ញវត្ថុ ក្នុងការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាព ក្រីក្រដែលជា យុទ្ធសាស្រ្តមួយរបស់ រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៤ ប្រទេសកម្ពុជាមាន ធនាគារចំនួន៤៧ ក្នុងនោះធនាគារ ពាណិជ្ជមាន៣៦ និងធនាគារឯកទេសចំនួន១១។ ចំណែកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមានចំនួន ៤០គ្រឹះស្ថាន ក្នុងនោះគ្រឹះស្ថានទទួល ប្រាក់បញ្ញើចំនួន៧ ៕

សម្តេចតេជោ នឹងអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

សម្តេចតេជោ នឹងអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា