Leo Cup រក​ឃើញ​ក្រុម​ឈ្នះ​ថ្ងៃ​បើក​ឆាក ខណៈ​៦​ក្រុម​ទៀត​ប្រជែង​គ្នា​ថ្ងៃ​នេះ

​ក្រុម​ចំនួន​៣ បាន​បង្ហាញ​ភាព​ខ្លាំង​រៀងៗ​ខ្លួន ក្នុង​ការ​​ប្រកួត​បើក​ឆាក​បាល់​​ទះ​​ថ្នាក់​ជាតិ​ដណ្តើម​ពាន​រង្វាន់ស្រាបៀ​រលីអូ រដូវ​កាល​ឆ្នាំ​២០១៦​(Leo Cup National Volleyball 2016) ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ នៅ​កីឡដ្ឋាន​ជាតិ កាល​ពី​​ថ្ងៃ​អង្គារ​ ម្សិល​មិញ ហើយ​នៅ​ថ្ងៃ​ពុធ​នេះក៏​មាន​ការ​ប្រកួត​ជម្រុះ​ជា​បន្ត​ទៀត​ចំនួន​៦​ក្រុម​ផង​ដែរ។

leo-cup-playerសម្រាប់​ការ​​​ប្រកួត​​បើក​ឆាក​​ប្រចាំ​មណ្ឌល​ភ្នំពេញ ​កាល​ពី​ម្សិល​មិញ​នោះ ក្រុម​សមាគម​និស្សិត និង​ក្រុម​យុវជន​បុរី​កីឡា ដែល​ឈរ​នៅ​ក្នុង​ពូល​A សុទ្ធ​តែ​ទទួល​បាន​ជ័យ​ជម្នះ ខណៈ​ក្រុម​ឈរ​នៅ​ពូល​B យុវជន​សង្កាត់​ព្រែក​ឯង ក៏​​ទទួល​បាន​ជ័យ​ជម្នះ​ផង​ដែរ។ ប៉ុន្តែ​​ក្រុម​ឈរ​ជើងសម្រាប់​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ខេត្ត​កំពង់​ចាម បាន​ចាញ់​ក្រុម​វិសាខា ក្នុង​លទ្ធ​ផល ៣សិត​ទល់​នឹង​១សិត(៣-១) ក្នុង​ការ​ប្រកួត​មិត្ត​ភាព កាល​ពី​យប់​ថ្ងៃ​អង្គារ ម្សិល​មិញ​នោះ​ដែរ។​ នៅ​ក្នុង​ការ​ប្រកួត​នេះ ក្រុម​យុវជន​​សាមគ្គី បាន​​​ចាញ់​ក្រុម​​សមាគម​និស្សិត​ ក្នុង​លទ្ធ​ផល ៣-០ គឺ​ជាមួយគ្រាប់​បាល់ ២៥-១០ ២៧-២៥ និង ២៥-២០ រីឯ​ក្រុម​យុវជន​បុរី​កីឡា​បាន​ឈ្នះ​ក្រុម​​​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ (PSE) ៣-១ ជាមួយ​គ្រាប់​បាល់ ២០-២៥ ២៥-១១ ២៥-១៥ និង ២៥-១៤ ប៉ុន្តែ​ក្រុម​​យុវជន​ទំពាំង​ស្នង​ឫស្សី​ បាន​ចាញ់​យុវជន​សង្កាត់​ព្រែក​ឯង​ ៣-១ ជាមួយ​គ្រាប់​បាល់ ២០- ២៥ ២២-២៥ ២៥-១៩ និង ​១៨-២៥។

ដោយ​ឡែក សម្រាប់​ការ​ប្រកួតថ្ងៃ​ទី​២ ​នៅ​ពហុកីឡដ្ឋាន​ជាតិ ក្រុម​ដែល​មាន​ឈ្មោះ​​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Division ​B ​មាន​ចំនួន​៨ ​បែង​ចែក​ជា​ពីរ​ពូល Aនិង​ B ​​ពូល​នីមួយ​ៗ​មាន​ចំនួន ៤​​ក្រុម។ ពីរ​ក្រុម​ដែល​ឈ្នះ​ជយលាភី​លេខ ១​ និង​លេខ​២ ​ក្នុង​ក្របខ័ណ្ឌ​ Division B  នឹង​បាន​ឡើង​ទៅ​​​លេង​បង្គ្រប់​ចំនួន ៨​ក្រុម​ជាមួយ​ក្រុម​​ចំនួន ៦​ដែល​កំពុង​រង់ចាំ​​​​​ក្នុង​ក្របខ័ណ្ឌ​ Division A ។ ដើម្បី​ឲ្យ​ការ​ប្រកួត​នេះ​មាន​សមភាព​ និង​តម្លាភាព​ ក្រុម​កីឡាករ​អាជីព​ទាំង ៦​ក្រុម​នា​ឆ្នាំ​២០១៥​កន្លង​មក​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​មណ្ឌល​ ផ្សេងៗ​ឡើយ ​រួម​មាន​៖ ក្រុម​បញ្ជា​ការដ្ឋាន​​អង្គរក្ស ក្រុម​វិសាខា​ ក្រុម​ក្រសួងមហាផ្ទៃ​ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក្រុម​សាលា​ខេត្ត​កំពង់ចាម និង​កងពលធំ​លេខ​៣​ខេត្ត​ព្រះវិហារ ។