គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ចុះ​សិក្សា​ស្វែងយល់​ពី​ករណី​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្តបាត់ដំបង​

ភ្នំពេញ: ​នៅក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​សិក្សា​ស្វែងយល់ ពី​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្តបាត់ដំបង រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ គណៈប្រតិភូ​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក អេង​ឆៃអ៊ាង ប្រធាន​គណៈកម្មការ បាន​មានប្រសាសន៍​ជម្រាបជូន​អាជ្ញាធរខេត្ត​និង​ស្រុក​ថា គណៈកម្មការ​ទី​១ ចុះមក​កាន់​ខេត្តបាត់ដំបង​នាពេលនេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ករណី​ទំនាស់​ដីធ្លី​នានា  ដោយ​ធ្វើការ​អង្កេត​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ និង​ចង់បាន​ការបំភ្លឺ​ពី​អាជ្ញាធរខេត្ត ពី​ការដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្តបាត់ដំបង ដូចជា​បញ្ហា​ទំនាស់​ដីធ្លី​ក្នុង​ឃុំ​បឹង​ប្រាំ​និង​តំបន់​ផ្សេងៗ​ទៀត​ជាដើម​។​

​លោក ងួន​រតនៈ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា ខេត្ត​មាន​កំណើន​ប្រជាពលរដ្ឋ កាន់តែច្រើន​ទាំង​អ្នក​នៅក្នុង​ខេត្ត និង​អ្នក​បន្លាស់​ទី មកពី​ខេត្ត​ផ្សេងៗ ដែលជា​កត្តា​នាំ​ឲ្យ​ប្រជាពលរដ្ឋ​រុករាន​ដីព្រៃ​និង​រំលោភ​លើដី​មានកម្ម​សិទ្ធិ​បង្ក​ឲ្យ​មាន​ជម្លោះ​និង​បង្ក​ការលំបាក​ដល់​រដ្ឋបាល​ខេត្ត​ក្នុងការ​ដោះស្រាយ​។​លោក​អភិបាលរង​បាន​បន្តថា ខេត្ត​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ក្នុងការ​ដោះស្រាយ​មានដូចជា ការ​សម្រប សម្រួល គោលការណ៍​ចែករំលែក​គ្នា​គោលការណ៍​ច្បាប់ គឺ​អនុវត្ត​តាមរយៈ​គម្រោង​សម្បទាន​ដី​សង្គមកិច្ច​និង​តាមរយៈ ការធ្វើ​ប្រទានកម្ម ក្នុងការ​អនុវត្ត បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ងួន​រតនៈ បាន​ឲ្យ​ដឹង​ទៀតថា បញ្ហា​ទំនាស់​ដីធ្លី​កើតមាន​ក្នុង​ខេត្តបាត់ដំបង​មាន​៤២០​ករណី​ដោយ​ខេត្ត​បានធ្វើការ​ដោះស្រាយ​ចប់សព្វគ្រប់ បាន​១៧៩​ករណី ច្រានចោល​១១១​ករណី​ដក​ពាក្យបណ្តឹង​៤០​ករណី បញ្ជូនទៅ​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​៥០​ករណី​និង​កំពុង​បន្ត​ដោះស្រាយ​៤០​ករណី ដោយ​នេះ​មិនទាន់​គិត​ទំនាស់​ស្ថិតនៅក្នុង​គម្រោង​ចុះបញ្ជី​ជា​ប្រព័ន្ធ និង​បទបញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល​នោះទេ​។​

​លោក ទឹម ដា​រ៉េត  អភិបាលស្រុក​ប​វេ​ល​បាន​មានប្រសាសន៍​ជម្រាបជូន​គណៈប្រតិភូ​គណៈកម្មការ​ទី​១​ថា ទំនាស់​ដីធ្លី​ក្នុង​ឃុំ​បឹង​៥ ស្រុក​ប​វេ​ល គឺមាន​លក្ខណៈ​ស្រួចស្រាល់ និង​មាន​ភាពស្មុគស្មាញ តាំងពី​ឆ្នាំ​២០០៥​មក​ម្លេះ​ជា​ទំនាស់​រវាង​មន្ត្រី​យោធា​ចូលនិវត្តន៍ និង​ប្រជាពលរដ្ឋ  ដោយ​អ្នកខ្លះ មាន​ដី​អត់​មាន​ប្លង់ និង​ខ្លះទៀត​មាន​ប្លង់​តែ​អត់​មាន​ដី​ហើយ​មាន​អ្នក​មួយចំនួនទៀត បាន​បន្លាស់​ទី​មកពី​ខេត្ត​ផ្សេងៗ ទៅ​ទន្ទ្រាន​ដី​នៅ​ទីនោះ​យកមក​ធ្វើ កម្មសិទ្ធិ​។ លោក អភិបាលស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​ទៀតថា អាជ្ញាធរខេត្ត​និង​ស្រុក​បាន​ខិតខំ​ដោះស្រាយ​ដូច​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាលរង​ខេត្ត​បានលើកឡើង​ខាងលើ ទោះបីជា​លទ្ធផល​នៅ​ពុំទាន់​បញ្ចប់​បញ្ហា​នេះ​ទាំងស្រុង​ក៏ដោយ ក៏​អាជ្ញាធរ​បាន​ដោះស្រាយ​បន្ថយ​បញ្ហា​ដី​ទំនាស់​តាំងពី​ទំហំ ៣៦៣៨​ហិកតា មក​នៅត្រឹម​ប្រមាណ​៨០០​ហិកតា​ប៉ុណ្ណោះ ហើយក៏​កំពុង​ខិតខំ​ដោះស្រាយ​បន្តទៀត​ផងដែរ​។​

​បន្ទាប់ពី​បាន​ស្ដាប់​ការលើកឡើង​របស់​អាជ្ញា​ធរ​ខេត្ត​និង​ស្រុក​រួចមក លោក អេង ឆៃអ៊ាង ប្រធាន​គណៈប្រតិភូ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ អាជ្ញាធរ​តាំងពី​ថ្នាក់​ខេត្ត រហូតដល់​មូលដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង យក​អស់ពី​កំលាំងកាយ​ចិត្ត ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ ជូន ប្រជាពលរដ្ឋ​។ លោក​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរខេត្ត​និង​ស្រុក សូមជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹង​ប្រាំ និង​អូរ​ព័រ​ប្រេង ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​តម្លាភាព និង​ធ្វើយ៉ាងណា​អោយ​ប្រជាពលរដ្ឋ អាច​អាស្រ័យ​ផល​លើដី​ទំនាស់ ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​បាន ដោយ​សុំ​ឲ្យ​អាជ្ញាធរ ជា​អ្នកធ្វើការ សម្របសម្រួល ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​ចៀសវាង​ការប្រើ​អំពើហិង្សា​ផ្សេងៗ​។​

​បន្ទាប់មក​គណៈប្រតិភូ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យមើល តំបន់​មានទំនាស់​ដីធ្លី​ផ្ទាល់ ដើម្បី​ប្រមូល​ព័ត៌មាន​បន្ថែមទៀត ពី​ប្រជាពលរដ្ឋ​៕

គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ចុះ​សិក្សា​ស្វែងយល់​ពី​ករណី​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្តបាត់ដំបង​

គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ចុះ​សិក្សា​ស្វែងយល់​ពី​ករណី​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្តបាត់ដំបង​

គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ចុះ​សិក្សា​ស្វែងយល់​ពី​ករណី​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្តបាត់ដំបង​