លោក ស ថេត នឹង​មកកាន់​តំណែង​ស្នងការ ជំនួស​លោក ជួន សុវណ្ណ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ក្រសួង​មហា​ផ្ចៃ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេតស្នងការ​នគរបាល​ខេត្តបាត់ដំបង នឹង​មកកាន់​តំណែង​ស្នងការ​នគរបាល​រាជធានីភ្នំពេញ​ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ពីព្រោះ​តួនាទី​និង​ឋា​ន្ត​រស័ក្តិ​របស់លោក ជួន សុវណ្ណ វា​មិន​ស៊ីគ្នា ។​

​ចំណែក​អ្នក​ដែល​ត្រូវ​មក​ជំនួស​តំណែង​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​វិញ​នោះគឺលោក​ឧ​ត្ត​ម​សេនីយ៍ត្រី អ៊ុច សុខុន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញទទួលបន្ទុក​ចរាចរណ៍ ។​

​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាក្នុងនាម​លោក​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ លោក​អនុញ្ញាត​ឲ្យ​លោក ជួនសុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ​បន្តការងារ​របស់លោក ក្នុងការ​កំណត់​ណាមួយក្រោយពី​លោក ជួន សុវណ្ណ ត្រូវបាន​ដំឡើង​ឋានន្តរ​ស​កិ្ត​ជានា​យ​ឧ​ត្ត​មសេនីយ៍ (​ផ្កាយ​៤)  ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន បន្ទាប់ពី​លោក​បើកសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ នៅក្រសួងមហាផ្ទៃ នា​ថ្ងៃទី​២៣ ខែកុម្ភៈ​ថា ការដំឡើង​ឋានន្តរស័ក្តិ​ពុំ​ពាក់ព័ន្ធ​នឹងការផ្លាស់ប្តូរ​តួនាទី​នោះទេ ហើយ​មិនមាន​ផែនការ​ផ្លាស់ប្តូរ​តំណែង​ស្នងការនគរបាល​រាជធានី​ភ្នំពេញ​នោះទេ ក្រោយពី​លោក ជួន សុវណ្ណ ទទួលបានឋានន្តរស័ក្តិ​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​គិតថា ពីព្រោះ​ឋានៈ​តួនាទីហើយ​និង​ឋា​ន្ត​រ​ស័ក្តិ វា​អត់​ស៊ីគ្នា​ទេ បានន័យថា យោងទៅតាម​ស្មារតី យើង​អាចឲ្យ​ស័ក្តិ​បាន មិនមែន​បានសេចក្តីថា ស្នងការ​ត្រូវតែ​ស័ក្តិ​ប៉ុណ្ណេះ​នោះទេ​។ ដូច្នេះ​ខ្ញុំគិតថា ខ្ញុំ​ក្នុងឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រហែលជា​ប្រគល់​ឲ្យ​គាត់​ទទួល​ការងារនឹង​បន្តទៀត រយៈពេល​ណាមួយ​ជា​កំណត់​” ។​

​គួររម្លឹកថា លោក​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ ត្រូវបាន​ផ្ទេរមក​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ត្រូវ​ផ្ទេរ​ទៅជា​ប្រធាននាយកដ្ឋានអង្គរក្ស និង​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​ពីរ​)កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១២ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំណែកលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ ជានា​យ​ឧ​ត្តម​សេនីយ៍ (​ផ្កាយ​៤) ចំណោម​ឧ​ត្ត​ម​សេនីយ៍​ឯក ៦​រូប កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ ៕​

លោក ស ថេត នឹង​មកកាន់​តំណែង​ស្នងការ ជំនួស​លោក ជួន សុវណ្ណ​