បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​នោះទេ​។ ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​អូររាំង និង​ស្រុក​កែវ​សីមា បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​២​គ្រឿង​នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។ រថយន្ត​ទី​១​ម៉ាក​ហ្វ័​រ​រី​ន័​រដឹក​ឈើ​ធ្នង់​ចំនួន​១០​ដុំ និង​រថយន្ត​ទី​២​ម៉ាក​កាមរី​ឆ្នាំ​២០០២​ដឹកឈើ​ធ្នង់​ចំនួន​៦​ដុំ ហើយ​ឈើ​ដែល​បង្ក្រាបបាន​ត្រូវបញ្ជូន​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​តាមច្បាប់​។

​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ពេ​ជ្រា​ដា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ដើមឈើ​ប្រភេទ​ផ្ចឹក​និង​ឈើ​ផ្សេងៗ​ទៀត​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​សូម្បីតែ​ដើមឈើ​នៅក្នុង​តំបន់​ការពារ​WWF ក៏​កំពុង​ប្រឈម​ទៅនឹង​សេចក្ដី​វិនាស​ដែរ​។ ដើមឈើ​មិនទាន់​គ្រប់​អាយុ​ត្រូវបាន​គេ​ចូល​កាប់​យកទៅ​ធ្វើជា​ជន្លង់ម្រេច​ដែល​គេ​ដាំ​ជា​លក្ខណៈ​គ្រួសារ និង​ជន្លង់ម្រេច​របស់​ក្រុមហ៊ុន​មួយចំនួន​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ឈ្មោះ វ៉ែល ប៉ាយ​អូ​(Welt Bio Co.ltd)​ដាក់ទុន​ដាំ​ម្រេច​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា គឺ​ក្រុមហ៊ុន​នេះ​បានប្រកាស់​ប្រមូល​ទិញ​ជន្លង់ម្រេច​រាប់ម៉ឺន​ដើម សម្រាប់​កសិដ្ឋាន​របស់​ខ្លួន​។ ហេតុនេះហើយ​ទើប​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច​ចូល​កសិដ្ឋាន​ក្រុមហ៊ុន​កូរ៉េ​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ដើមឈើ​មិនទាន់​គ្រប់​អាយុ​ក្នុងព្រៃ​ការពារ​WWF​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តមណ្ឌលគិរី ក៏​នៅតែ​កើតមាន​ឥតឈប់ឈរ​ដែរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​ដែន​ជម្រក​សត្វ និង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវគេ​ដឹងថា ជា​អ្នក​ឃុបឃិត​ជាមួយ​ក្រុម​ជនល្មើស​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

12773216_972300799530177_1196311267_o12765559_972300769530180_387244290_o 12772895_972300662863524_958898923_o 12769550_972300686196855_1800166958_n 12787601_972300629530194_567731588_o