មិនថាប្រពន្ធ ឬក៏ឪពុកនោះទេ ឲ្យតែប្រមាថ ដល់ប្រធានាធិបតី ទួរគី បុរសម្នាក់នេះ ប្តឹងទៅតុលាការ មិនរើសមុខ

ទួរគី៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ សម្រេចចិត្តប្តឹងប្រពន្ធ របស់ខ្លួនទៅកាន់តុលាការ ក្រោយពីនាងមិនស្តាប់តាម ការហាមប្រាមរបស់ខ្លួន ជុំវិញរឿងការប្រមាថ ទៅដល់លោកប្រធានាធិបតី ប្រទេសទួរគី។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់មានឈ្មោះ Ali D អាយុ៤០ឆ្នាំ ជាអ្នកបើកបរឡានធំ បានសម្រេចប្តឹងប្រពន្ធ របស់ខ្លួនដែលមានឈ្មោះថា G.D. អាយុ៣៨ឆ្នាំ ដែលបានរៀបការ ជាមួយគ្នា៣ឆ្នាំទៅហើយនោះ ទៅកាន់តុលាការ ក្រោយពីប្រពន្ធរូបនេះ មិនព្រមស្តាប់តាម ការព្រមានរបស់គេ ទាក់ទងនឹងការប្រមាថទៅដល់ លោកប្រធានាធិបតី Recep Tayyip Erdogan រាល់ពេលដែលលោក បង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍។

បើតាមការបញ្ជាក់បន្ថែម ពីប្រភពដដែលនេះ បានឲ្យដឹងថា ប្រពន្ធរបស់ Ali បានធ្វើការប្រមាថ ដល់លោកប្រធានាធិបតី នៃប្រទេសទួរគី ជានិច្ចកាលនៅនឹងចំពោះ មុខរបស់ Ali តែម្តង ហើយម្យ៉ាងវិញទៀត នាងក៏បានធ្វើការប្តូរប៉ុស្ត៍ទូរទស្សន៍ ប្រសិនណាជាបានឃើញ វត្តមានរបស់លោកប្រធានាធិបតី នៅលើកញ្ចក់ទូរទស្សន៍ផងដែរ។ ដោយទ្រាំមិនបាន នឹងសកម្មភាពរបស់ប្រពន្ធបែបនេះ Ali ក៏បានព្រមាននាង ជាច្រើនលើកច្រើនសារ​ តែនាងបែរជាបោះពាក្យសម្តី មកវិញថា “ថតទុកហើយ យកទៅប្តឹងទៅ”។

មិនថាប្រពន្ធ ឬក៏ឪពុកនោះទេ ឲ្យតែប្រមាថ ដល់ប្រធានាធិបតី ទួរគី បុរសម្នាក់នេះ ប្តឹងទៅតុលាការ មិនរើសមុខ
រូបថតប្តីប្រពន្ធ ដែលប្តឹងគ្នា ជុំវិញការប្រមាថទៅដល់ លោកប្រធានាធិបតី ប្រទេសទួរគី

Ali បុរសជាប្តី ដែលប្តឹងប្រពន្ធខ្លួនឯងនោះ បាននិយាយថា “ខ្ញុំព្រមាននាង ច្រើនលើកហើយ និងបានសួរនាងថា ហេតុអីក៏ធ្វើបែបនេះ? ប្រធានាធិបតីរបស់យើង ជាមនុស្សល្អ និងធ្វើរឿងល្អជាច្រើន សម្រាប់ប្រទេសទួរគី”។

Ali បានបន្តទៀតថា “ប៉ុន្តែនាងនៅតែ ធ្វើរឿងដដែល ទើបនាំឲ្យខ្ញុំ សម្រេចថតសម្លេងនាងទុក រួចប្តឹងទៅតុលាការ តែម្តង។ ចំពោះបញ្ហានេះ គឺជារឿងដ៏ធំសម្រាប់ខ្ញុំ បើទោះជាឪពុក ខ្ញុំក៏ដោយ បើគាត់ធ្វើការប្រមាថ ឬក៏ប្រឆាំង ទៅដល់ប្រធានាធិបតី ខ្ញុំក៏ប្តឹងគាត់ដូចគ្នា”។

គូសបញ្ជាក់ផងដែរ ពាក្យបណ្តឹងរបស់ Ali ត្រូវបានធ្លាក់ដល់ ដៃតុលាការហើយ តែគេមិនទាន់ដឹងថា តើការជំនុំជម្រះនឹង ធ្វើឡើងនៅពេលណានោះទេ ទន្ទឹមនឹងនេះ នាង G.D. ដែលត្រូវជាប្រពន្ធ ក៏បានដាក់ពាក្យប្តឹង លែងលះស្របពេល ជាមួយគ្នាផងដែរ៕

មិនថាប្រពន្ធ ឬក៏ឪពុកនោះទេ ឲ្យតែប្រមាថ ដល់ប្រធានាធិបតី ទួរគី បុរសម្នាក់នេះ ប្តឹងទៅតុលាការ មិនរើសមុខ
លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេស ទួរគី

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត