ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​ខេត្ត​ព្រះវិហារ ៖ ​សមត្ថកិច្ច​​​​នគរបាល​ខេត្តព្រះវិហារ បង្ហាញមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ដែល​​ជាប់​ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​ជនជាតិ​ខ្មែរ​និង​​ចិន បណ្តាល​ឲ្យ​​មាន​អ្នក​ស្លាប់​​និង​​របួសនៅ​មុខ​ហាង​​ខារ៉ាអូខេ​​មួយ​កន្លែង កាលពី​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​​ ​ស្ថិត​នៅ​​ក្នុងភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ ស្រុក​ឆែប ​​​។

លោក​ឧត្តមសេនីយ៍ត្រី កែវ ចំរើន ប្រធាន​ការិយាល័យ​កណ្តាល​យុត្តិធម៌នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ប្រាប់​​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ​នេះ​ថា ជនសង្ស័យ​ទាំង៤​នាក់​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ភ្លាមៗ ក្រោយ​​ពី​​​ជនសង្ស័យ​ចាក់​សម្លាប់​ជនជាតិ​ខ្មែរ​និង​​ចិន​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ រង​របួស​ម្នាក់ ​ដែល​ជន​រង​គ្រោះ​ទាំង​​នេះ​ មាន ​១​-ឈ្មោះ លីវ ណាំង អាយុ​២៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន ​​២-​ឈ្មោះ ជូវ ណឹ​ង អាយុ​២៩​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន ​​៣-​ឈ្មោះ ចាន់ វី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដុប​ក្រសាំង ឃុំ​ព្រៃតូច ស្រុក​មោង​ឫ​ស្សី ខេត្តបាត់ដំបង ​និង​​​​៤-​ឈ្មោះ​ ថាវ យៀវ អាយុ​២៥​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ចិន រង​របួសស្រាល ។

លោក កែវ ចំរើន ​បាន​បន្ត​ថា ​ក្រោយ​ពី​មានការ​ស៊ើបអង្កេត និង​រឹបអូស​បាន​កាំបិតដែល​លាក់​ទុក​នៅ​ក្នុងផ្ទះ​ជនសង្ស័យ​ឈ្មោះ ឡូត ឈុ​ន​លី ​រួច​បាន​បញ្ជូន​កាំបិត​នោះ ទៅ​ធ្វើ​កោសល​វិច័យ​នៅវិទ្យាស្ថាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា កាំបិត​ដែល​ជនសង្ស័យ​លាក់​ទុក​ខាងលើ ពិតជា​មាន​ឈាម​មនុស្ស ដូច្នេះ​ហើយ​សមត្ថកិច្ច បាន​សន្និដ្ឋាន​​ថា កាំបិត​នេះ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ចាក់​សម្លាប់​​មនុស្ស​ខាងលើ​នេះ​ពិតប្រាកដ​មែន ។

លោក កែវ ចំរើន ​បនុ្ត​ទៀត​​ថា ក្រោយ​ពី​ស៊ើបអង្កេត​រួច​មក ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើនៅ​តែ​មិន​ព្រម​សារភាព​ ​ទោះបីជា​វត្ថុ​តាង​បទល្មើស​ដែល​សមត្ថកិច្ចរឹបអូស​បាន​នៅ​ក្នុង​លំនៅ​ឋាន​របស់​ពួក​គេ​ក៏​ដោយ ។

តាម​ប្រភព​ព័ត៌មាន​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ផ្តើម​ឲ្យ​មាន​អំពើ​ហិ​ង្សា រហូត​ឈាន​ដល់​ការ​កាប់សម្លាប់​គ្នា​នេះ នៅ​មុន​ពេល​កើតហេតុ បុរស​​ជន​ជាតិចិន​និង​ខ្មែរ ​បាន​នាំ​គ្នា​មក​ច្រៀង​រាំ​លេងនៅ​​ហាង​ខារ៉ាអូខេ​​​ខាង​លើ ​​ខណៈពេល​កំពុង​ច្រៀង​រាំ​នោះ ក្រុម​ជន​រង​គ្រោះ​​ជា​ជន​ជាតិចិន​បាន​បបួល​​នាង​ម្នាក់ ដែល​ជានារី​បម្រើ​​ក្នុង​ហាងរួម​សង្វាស​ នៅ​ពេល​នោះ​នាង​ក៏​បាន​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​៣០​ដុល្លារ ភ្លាម​នោះ​បុរស​ជាតិចិន​ក៏​បាន​ឲ្យ​លុយ​ទៅ​នាង​មុន​​​​​ចំនួន​១០០​ដុល្លារ ពេល​នាង​ទទួល​លុយ​នោះ​ហើយ នាង​មិន​បាន​អាប់​លុយ​៧០​ដុល្លារ​ទៅ​ឲ្យ​បុរស​ជាតិចិន​នោះ​ទេ ​ទោះបីជា​ពួក​គេ​ទារ​ពី​នាង​យ៉ាង​​ណា​ក៏​ដោយ​ធ្វើ​ឲ្យ​ជនជាតិ​ចិន​ខឹង​ខ្លាំងរហូត​មានការ​ប្រវាយប្រតប់​គ្នា​តែ​ម្តង ។​   

​ជនសង្ស័យ​ទាំង​៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធីនៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ៕