ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​នេ​ប៉ា​ល់ TARA AIR រាយការណ៍​ថា យន្តហោះ​មួយ​គ្រឿង​របស់​ខ្លួន​បាន​បាត់​ការ​ទាក់ទង​ក្នុង​តំបន់​ភ្នំ​មួយ​នៃ​ប្រទេស​នេ​ប៉ា​ល់ កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​២១​នាក់ ។

ក្រុមហ៊ុន​នេះ​បន្ត​ថា បណ្តា​ឧទ្ធម្ភាគចក្រ​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ដើម្បី​តាម​រក​យន្តហោះ​ធុន TWIN OTTER មួយ​គ្រឿង​ដែល​បាត់ដាន​នេះ ។ ផ្នែក​ត្រួតពិនិត្យ​អាកាស​បាន​បាត់​ការ​ទាក់ទង​ជាមួយ​យន្តហោះ​នេះ ៨​នាទី ក្រោយ​ពី​ហោះ​ចេញ​នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ ពី​ទីក្រុង​ប៉ូ​ខា​រ៉ា ភាគ​ខាងលិច​នេ​ប៉ា​ល់ ។

លោក PHIM RAJ RAI អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន TARA AIR ថ្លែងប្រាប់ AFP ថា ពុំ​មានការ​ទាក់ទង​ជាមួយ​យន្តហោះ​នេះ​ដែល​ហោះ​ចេញពី​ទីក្រុង​ប៉ូ​ខា​រ៉ា​ទៅ​កាន់​ទីក្រុង JOMSOM នា​ព្រឹក​នេះ​ឡើយ ។ យន្តហោះ​នោះ​ដឹក​អ្នកដំណើរ​១៨​នាក់ ក្នុង​នោះ​មាន​ជនជាតិ​បរទេស​២​នាក់ និង​សមាជិក​ក្រុម​យានិក​៣​នាក់ ។

ទីក្រុង JOMSOM ស្ថិត​នៅ​តំបន់​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា ចម្ងាយ​២២៥​គីឡូម៉ែត្រ ខាងលិច​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ។

ប្រទេស​នេ​ប៉ា​ល់​ដែល​នៅ​ពុំ​ទាន់​ធូរស្បើយ​ពី​វិនាសកម្ម​នៃ​ការ​រញ្ជួយ​ដី​មួយ​កាលពី​ខែមេសា ឆ្នាំ​២០១៥ នោះ​តែង​ជួប​គ្រោះ​មហន្តរាយ​អាកាស​ជា​ច្រើន​លើក រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុ​ុ​ង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផ្នែក​ទេសចរណ៍​របស់​ប្រទេស ៕