លោក ប៉ាវ ស៊ីណា ស្វាគមន៍ចំពោះគ្រោង ធ្វើកូដកម្ម ប្រឆាំងលោក

ភ្នំពេញ ៖ ប្រធានសហភាព ចលនាកម្មករ កម្ពុជាលោក ប៉ាវ ស៊ីណា បានថ្លែងថា ប្រសិនបើអ្នកណា មានគម្រោង តវ៉ា ប្រឆាំងលោកជា សិទ្ធិសេរីភាព របស់ពួកគេ គ្មានអ្នកណាហាមឃាត់ទេ ប៉ុន្តែលោកនឹងមានកូដកម្ម តបទល់ទៅវិញផងដែរ។

ការលើកឡើងរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពី តំណាងរោងចក្រ និងកម្មករជាង១ពាន់នាក់ នៅរោងចក្រ យីហោអ៊ែជ្យាយល៍ ស្វេតថឺ ខេមបូឌា និងសហព័ន្ធសហជីព សេរីពលករខ្មែរបានប្រតិកម្មទៅនឹង លោក ប៉ាវ ស៊ីណា។

លោក សុខ រ៉ាវុធ ប្រធានសហពន្ធ័ សហជីពសេរីពលករខ្មែរ បានប្រាប់ឲ្យដឹងថា លោកបដិសេធ ចំពោះការលើក ឡើងរបស់លោក ប៉ាវ ស៊ីណា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលបានរៀបចំសន្និសីទកាសែត នៅមុខ ក្រសួងការងារ ចោទរូបលោកថា "ជាជើងកាង ធ្វើបាបកម្មករឃុបឃិត ជាមួយក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន កាលពីកន្លងទៅ។

ក្រុមកម្មករថា ប្រសិនបើ លោក ប៉ាវ  ស៊ីណា មិនដកលិខិតលេខ០២២.១៦ ចុះថ្ងៃទី១៧កុម្ភៈ ឆ្នាំ២០១៦ ពីក្រសួងពាណិជ្ជកម្មវិញនោះទេ ពួកគាត់នឹងនាំគ្នាហែរទៅទីស្នាក់ការរបស់លោកប៉ាវ ស៊ីណា ដើម្បីតវ៉ាបញ្ហានេះ។

លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា “ខ្ញុំអត់បារម្ភអីទេ បាតុកម្មអីក៏បាតុកម្មទៅ ឲ្យតែបាតុកម្មដោយអហិង្សា។ប្រសិនបើសមាជិកយើង ពិនិត្យឃើញថា ទង្វើនេះ វារីករាលដាលពេញនៅដើមឆ្នាំនេះ យើងក៏ធ្វើតាមគោលការណ៍របស់សហជីព(តវ៉ាត្រឡប់ទៅវិញ) ព្រោះយើងជាសហជីពឯករាជ្យ”។

លោកបន្តថា ក្រុមរបស់លោកមិនខ្លាចរអាលចំពោះការគំរាមពីខាងភាគីណាមួយឡើយ។

លោក ប៉ាវ ស៊ីណាបន្ថែមថា ចំពោះពាក្យបណ្តឹងដែលលោកប្តឹងទៅក្រសួងពាណិជ្ជកម្មនោះ ជានីតិវិធីមួយ ដើម្បីឲ្យក្រសួងជួយអន្តរាគមន៍ ឲ្យក្រហ៊ុនងាកមកចរចា ដើម្បីយកតំណាងកម្មករ ដែលត្រូវក្រុមហ៊ុនបញ្ឈប់ ចូលធ្វើការវិញ ព្រមទាំងដកក្រុមជនពាលដែលកាងក្រុមហ៊ុន និងធ្វើបាបកម្មករ៕

លោក ប៉ាវ  ស៊ីណា ស្វាគមន៍ចំពោះគ្រោង ធ្វើកូដកម្ម ប្រឆាំងលោក