Hun Sen Cup៖ ៤​​ក្រុម​​ប្រកួត​ដណ្តើម​​យក​លេខ​១​ ខណៈ​១០​ក្រុម​ទៀត ត្រូវ​ប្រជែងគ្នា​យក​ពិន្ទុ

​ក្រុមបាល់​ទាត់​ចំនួន​៤ នឹង​ត្រូវ​ធ្វើ​​ការ​ប្រកួត​ដណ្តើម​យក​លេខ​១ និង​លេខ​២ ក្នុង​​ការ​​ប្រកួត​វគ្គ​ជម្រុះ​​ជា​បឋម​ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន លើក​ទី​១០ ប្រចាំឆ្នាំ​២០១៦ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ រីឯ​​ក្រុម​ចំនួន​១០​ទៀត ក៏​​ត្រូវ​ប្រកួត​ប្រជែងគ្នា​​យក​ពិន្ទុ នៅ​ថ្ងៃ​នេះ​ដែរ។

soccer-khក្រុម​ទាំង​៤ ដែល​ត្រូវ​ប្រកួត​បញ្ចប់​​ក្នុង​វគ្គ​ជម្រុះជា​បឋមនៅ​ថ្ងៃ​​នេះ ​គឺ​​ក្រុម​ឈរ​នៅ​ពូល​E និង​ពូលF ព្រោះ​ពូល​ទាំង​២​នេះ​មាន​សមាភាព​ក្រុម​ចូល​រួម​២​ក្រុម​ដូច​គ្នា។ សម្រាប់​ពូល​E ក្រុម​ខេត្ត​កំពត ត្រូវ​​ប្រកួត​ដណ្តើម​យក​លេខ​១​ជាមួយ​ក្រុម​កំពង់​ផៃ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​កីឡ​ដ្ឋាន​ខេត្ត​កំពត នា​​រសៀល​ម៉ោង៣:៣០ ប៉ុន្តែ​ក្រុម​ខេត្តកំពត មាន​ឱកាស​តិច​បំផុត ព្រោះ​​ការ​ប្រកួតជើង​ទី​១ ក្រុម​ខេត្តកំពត បាន​ចាញ់​​ខេត្ត​ព្រះសីហនុ ​រហូត​ដល់ ៥-១។
ចំណែក​ពូល​F ក្រុម​ខេត្ត​ក្រចេះ ត្រូវ​​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ខេត្ត​ស្ទឹង​ត្រែង នៅ​កីឡដ្ឋាន​ខេត្ត​ក្រចេះ​ នា​​រសៀលម៉ោង ៣:៣០ ​​ដែរ ខណៈ​ការ​ប្រកួត​បើក​ឆាក​កន្លង​មក ​ក្រុម​ទាំង​២​នេះ​បាន​ស្មើ​គ្នា ១-១។ រីឯ​ក្រុម​ចំនួន​១០ ឈរ​នៅ​ពូល​៣ផ្សេង​​ទៀត ត្រូវ​ប្រកួត​ជម្រុះ​​ជា​លើក​ទី​២ ចាប់​ពី​​រសៀល​ម៉ោង ៣:៣០ ត​ទៅ​ដូច​គ្នាស្វែង​រក​៣ពិន្ទុ​បន្ថែម ដើម្បី​មាន​ឱកាស​កាន់​តែ​ខ្ពស់ ក្នុងការ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​។

កម្ម​វិធី​ប្រកួត​​ក្រុម​ទាំង​១០​នៅ​ថ្ងៃ​ពុធ​នេះ

ពូលB
– ក្រុម​ខេត្តត្បូង​ឃ្មុំ v ខេត្តស្វាយ​រៀង នៅ​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ
– ក្រុម​ខេត្ត​ព្រៃវែង v យុវជន​បឹង​កេត​កំពង់​ចាម នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង
ពូលC
– ក្រុម​ខេត្ត​ព្រះវិហារ v ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​កីឡដ្ឋាន​ខេត្ត​ព្រះវិហារ
– អ.ហ​ខេត្តកំពង់​ធំ v សៀម​រាប​អង្គរ នៅ​កីឡដ្ឋាន​ខេត្ត​កំពង់​ធំ
ពូល​D
– ក្រុម​ខេត្ត​ប៉ៃលិន v ខេត្ត​កំពង់​ឆ្នាំង នៅ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួតជើង​ទី​១ ក្រុមបឹង​កេត​កំពង់​ចាម បាន​ឈ្នះ​ខេត្ត​ត្បូង​ឃ្មុំ ២-០ ឯ​ខេត្ត​ស្វាយ​រៀង បាន​លត់​ក្រុមខេត្ត​ព្រៃវែង ក្នុង​លទ្ធ​ផល ៩-៣។ ចំណែក​ក្រុម​ខេត្ត​ព្រះវិហារ បាន​ចាញ់​ក្រុម​សៀម​រាប​អង្គរ ៨-១ ខណៈ​ក្រុមខេត្ត​​ឧត្តរមាន​ជ័យ បាន​ចាញ់​ក្រុម​អ.ហ​ខេត្ត​កំពង់​ធំ ៣-២។ ចំពោះ​ក្រុម​ខេត្ត​កំពង់​ឆ្នាំង បាន​ឈ្នះ​ក្រុម​ខេត្ត​បាត់​ដំបង់ ៣-២ ក្នុង​ថ្ងៃ​បើក​ឆាក ហេតុ​បើ​សិន​ជា​ខេត្ត​កំពង់​ធំ អាចបន្ត​យក​ឈ្នះ​លើ​ក្រុម​ខេត្ត​ប៉ៃ​លិន​ទៀត​នោះ គឺ​ពួក​គេ​មាន​ភាគ​ច្រើន​ខ្ពស់​បំផុត ក្នុង​ការ​ទទួល​បាន​លេខ​១​ក្នុង​ពូល​D ព្រោះ​ពូល​មួយ​នេះ​មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ៕