ឆៃ សារ៉ា , សេក គឹមរួន ណាត់ជួបថៃ សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង វ័យក្មេងកម្ពុជា ២រូប គឺអ្នកប្រដាល់ ឆៃ សារ៉ា សមាគមកីឡា ក្រសួងការពារជាតិ និងអ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប នាំគ្នាណាត់ជួបអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់មិត្តភាព អន្តរជាតិនៅលើ សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។

អ្នកប្រដាល់ ឆៃ សារ៉ា សមាគមកីឡា ក្រសួងការពារជាតិប៉ះ អ្នកប្រដាល់ថៃ Sakun Phachlek ក្នុងទម្ងន់៦៣,៥០០ គីឡូក្រាម។ បើតាមសម្តី លោក ញាន សុធី អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ ប្រចាំSEATVឲ្យដឹងថា  Sakun Phachlek ជាម្ចាស់ខ្សែក្រវាត់ នៅប្រទេសថៃ ហើយមានប្រវត្តិ ប្រកួតប្រកួត ចំនួន៦៧លើក ឈ្នះ៥៥លើក ចាញ់១០លើក និងស្មើ២លើក ព្រមទាំងធ្លាប់ផ្តួលដៃគូ ឲ្យសន្លប់ជាច្រើនលើក។  ដោយឡែក ឆៃ សារ៉ា ប្រកួតបាន ចំនួន៥៥លើក ឈ្នះ៤៤លើក ចាញ់១០លើក និងស្មើ១លើក ហើយជាលើកទី១ដែល ឆៃ សារ៉ាប្រកួតជាមួយថៃនេះ។ សារ៉ា មានថ្វីដៃល្អ និងមាន កែងដ៏មុតស្រួច ក្នុងការយកឈ្នះដៃគូប្រកួតកន្លងមក ចំពោះស្នៀតកែងមុតដូចកាំបិត។

ចំណែកអ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតអ្នកប្រដាល់ថៃ Yorth Sanan ដោយប្រកួតក្នុង ទម្ងន់៦០គ.ក្រ។  Yorth Sanan ជាជើងខ្លាំង ក្នុងប្រភេទទម្ងន់៦០គ.ក្រនេះ ដែលមាន ប្រវត្តិប្រកួត៦៩លើក វាយឈ្នះ៥៧លើក ចាញ់១២លើក មិនដែលស្មើទេ អ្នកប្រដាល់ ថៃ រូបនេះ ធ្លាប់ផ្តួល សារឿន ច័ន្ទ ក្លិបសម្រែករាជសីហ៍ ក្នុងទឹកទី២តែប៉ណ្ណោះ។

ចំពោះ សេក គឹមរួនវិញ ជាជើងខ្លាំងនៅខេត្តសៀមរាប ធ្លាប់វាយជាមួយថៃ ចំនួន២លើកហើយ លើកទី១ វាយចាញ់ Yorth Sing ដោយពិន្ទុ និង លើកទី២ វាយឈ្នះPich Phanom ក្នុងទឹកទី២ដែរ ហើយសេក គឹមរួនមានប្រវត្តិប្រកួត ចំនួន៦៧លើក ឈ្នះ៥៥លើក និងចាញ់១២លើក មិនដែល ស្មើ។ អ្នកប្រដាល់ ឡុង គឹមសែន ក្លិបសាលវ័ន្តកីឡា ជួបអ្នកប្រដាល់ម៉ន លីហួរ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ៕

ឆៃ សារ៉ា , សេក គឹមរួន ណាត់ជួបថៃ សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ឆៃ សារ៉ា , សេក គឹមរួន ណាត់ជួបថៃ សង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ