ឃាត់ខ្លួនជនដៃ ដល់ម្នាក់ វាយម្តាយក្មេក រហូតដល់ស្លាប់

កំពត៖ កម្លាំងនគរបាល ស្រុកអង្គរជ័យ ឃាត់ខ្លួនជន ដៃដល់ម្នាក់ នៅព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចំណុចផ្ទះ ហេតុការណ៍ ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ ពាក់ព័ន្ធវាយម្តាយក្មេក រហូតដល់ស្លាប់។

នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះទ្រិន ដូច ភេទប្រុស អាយុ៣៥ឆ្នាំ។ រីឯជនរងគ្រោះជា ម្តាយក្មេក ឈ្មោះសាក់ ញ៉ឹង អាយុ៦៥ឆ្នាំ ទាំងអស់គ្នា មានទីលំនៅ ភូមិ ឃុំខាងលើ។

នគរបាលដដែល បន្តថា មុនហេតុ គឺជនសង្ស័យជាប្តី បានមានជំលួសជាមួយប្រពន្ធខ្លួន ឈ្មោះអ៊ុ ស្រីអូន កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែគុម្ភះ ម្សិលមិញ ខណៈនោះម្តាយក្មេកជាជនរងគ្រោះ បានមកឃាត់កុំឲ្យឈ្លោះគ្នា ស្រាប់តែកូនប្រសារប្រុស ជាជនដៃដល់ បានវាយម្តាយក្មេក បណ្តាលឲ្យរបួសធ្ងន់។ក្រោយបញ្ជូនជនរងគ្រោះ ដល់មន្ទីរពេទ្យស្រុកអង្គរជ័យ រហូតដល់ម៉ោង៥ទាបភ្លឺ ថ្ងៃទី២៤ ខែគុម្ភះ នេះ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់។

បច្ចុប្បន្ន ជនសង្ស័យ និងប្រពន្ធ ត្រូវបានកម្លាំង កំពុងនាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកំពត  ដើម្បីធ្វើការសាកសួរ ចាត់ការតាមផ្លូវច្បាប់៕

ឃាត់ខ្លួនជនដៃ ដល់ម្នាក់ វាយម្តាយក្មេក រហូតដល់ស្លាប់